អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល​រឹត​បន្តឹង​សន្តិសុខ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទីពីរ

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទីពីរ​នៅ​ប្រទេស​ប្រេស៊ីល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី២៦ តុលា​នេះ។ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​ម្លេះ អជ្ញាធរ​ប្រេស៊ីល បាន​រាយ​កម្លាំង​ ជា​ពិសេស​តាម តំបន់​ហ្វាវេឡា ដែល​ជា​តំបន់​សំណង់​អាណាធិបតេយ្យ នៅ​ក្រុង​រីយ៉ូ ដែល​សម្បួរ​ទៅ​ដោយ ក្រុម​អ្នក​លេង ជើងកាង។ ក្រុមនេះ​ហើយ​ ដែល​ធ្លាប់​បាន​បង្ក​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់ និង​ដែល​ធ្លាប់​បាន​សម្លាប់​ប៉ូលីល​ប្រេស៊ីល​ទៀត​ផង។

កង​​កម្លាំង​​ពិសេស ប្រេស៊ីល​ ចូលទៅ​ប​ង្ក្រាប ក្រុមអ្នកលេង​នៅក្នុង​តំបន់​​ហ្វាវេឡា
កង​​កម្លាំង​​ពិសេស ប្រេស៊ីល​ ចូលទៅ​ប​ង្ក្រាប ក្រុមអ្នកលេង​នៅក្នុង​តំបន់​​ហ្វាវេឡា REUTERS/Sergio Moraes
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ថ្ងៃ​សុក្រ ទី២៤ តុលា មក អាជ្ញាធរ​ប្រេស៊ីល បាន​រាយ​កម្លាំង​ចំនួន ៣៥០០០ នាក់ នៅ​តាម​តំបន់​អាណាធិបតេយ្យ​ហ្វាវេឡា ក្នុង​ក្រុង​រីយ៉ូ ដើម្បី​ធានា​សន្តិសុខ បង្កា​កុំ​ឲ្យ​មាន​អំពើ​ហិង្សា នៅ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប្រ៊េស៊ីល ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

 
ទីក្រុង​រីយ៉ូ រដ្ឋធានី​ប្រទេស​ប្រេស៊ីល មាន​តំបន់ ហ្វាវេឡា​ចំនួន ២៥៣ កន្លែង។ តំបន់​ហ្វាវេឡា​នេះ គឺ​ជា​សង្កាត់​សំបូរ​ទៅ​ដោយ​សំណង់​អាណាធិបតេយ្យ ធ្វើ​នៅ​បញ្ច្រៀត​គ្នា​តាម​ជម្រាល​ភ្នំ។ តំបន់​ទាំង​នោះ ជា​ជំរក​ប្រជាជន​ប្រ៊េស៊ីល​ក្រីក្រ និង​ជា​ពិសេស សំបូរ​ទៅ​ដោយ ក្រុម​ជើងកាង ដែល​មាន​គ្នា​ច្រើន​សន្ធឹក​សន្ធាប់។ ក្រុម​ទាំង​នេះ បាន​បង្ក​អំពើ​ហិង្សា​ជា​ញឹកញាប់។ ជាក់ស្តែង តំបន់​ហ្វាវេឡា មួយ​ឈ្មោះ Complexo da Maré​ បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​ជើងកាង​ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ មិន​ដែល​មាន​នគរបាល​ប្រេស៊ីល​ណា ហ៊ាន​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ម្តុំ​នោះ​ទេ។ ទើប​តែ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​ អាជ្ញាធរ​ប្រេស៊ីល បាន​ដណ្តើម​កាន់កាប់​មក​វិញ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី ១៧ តុលា ពួក​ជើងកាង​ បាន​វាយប្រហារ​ទី​ស្នាក់ការ​នគរបាល​ ប្រចាំការ​នៅ​តំបន់​នោះ ហើយ​បាន​សម្លាប់​នគរបាល​ម្នាក់ និង​របួស​ជាច្រើន​នាក់។ ក្រុម​អ្នកលេង តែងតែ​បាញ់​តបត​ជា​ញឹកញាប់​ ជាមួយ​កម្លាំង​សមត្ថកិច្ច​ប្រ៊េស៊ីល។

សូម​បញ្ជាក់​ថា ប្រជាជន​ប្រ៊េស៊ីល​ចំនួន​១៤២លាន​នាក់ នឹង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ថ្ងៃ​អាទិត្យ​នេះ។ រួម​ជាមួយ​គ្នា​នេះ ប្រជាជន​ប្រេស៊ីល ក៏​ត្រូវ​ជ្រើសរើស​អភិបាលរដ្ឋ​ចំនួន ១៤ ក្នុង​ចំណោម​រដ្ឋ​ទាំង​២៧ របស់​ប្រេស៊ីស ផងដែរ។ តាម​ការ​រាយការណ៍ មាន​នគរបាល ទាហាន​ចំនួន ជាង​២០ម៉ឺន​នាក់ ដែល​នឹង​ត្រូវ​ដាក់​រាយ​ទូទាំង​ប្រទេស ដើម្បី​យាម​ការពារ​ ធានា​សន្តិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត។ បេក្ខជន​ឈរ​ឈ្មោះ ប្រធានាធិបតី​មាន​ពីរនាក់ គឺ​លោកស្រី Dilma Rousseff និង​លោក Aecio Neves៕ គ្រប់គ្នា​ពេល​នេះ​ កំពុង​អ៊ុត​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ ព្រោះ​ថា​បើតាម​ការ​ស្ទាបស្ទង់​មតិ លោកស្រី Dilma Rousseff អាច​នឹង​មាន​ប្រៀប​ លើ​គូ​ប្រកួត​របស់​គាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ