អានតួអត្ថបទ
បារាំង

របួស ​១១នាក់ ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នៅ​កណ្តាល​ក្រុង​ប៉ារីស

ភ្លៀង ព្យុះ និង​រន្ទះ បាន​កើតមាន​ឡើង នៅ​ក្នុង​តំបន់​អឺរ៉ុប កាលពីល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស ក្នុងនោះ​ជាច្រើន​នាក់​​ស្ថិត​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ។ នៅ​បារាំង បាតុភូត​ធម្មជាតិ​​នេះ​បាន​កើតឡើង នៅ​កណ្តាល​ក្រុង​ប៉ារីស ដែល​ក្នុងនោះ មនុស្ស ១១នាក់ រួមមាន​ទាំង​កូនក្មេង​តូចៗ​ ៨នាក់​ផង ត្រូវ​រងរបួស។

ប្រទេស​បារាំង​មួយផ្នែក​ធំ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រុងប្រយ័ត្នខ្ពស់ នៃ​បាតុភូតព្យុះ រន្ទះ កាលពីថ្ងៃ​សៅរ៍ ២៨ ឧសភា ២០១៦
ប្រទេស​បារាំង​មួយផ្នែក​ធំ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រុងប្រយ័ត្នខ្ពស់ នៃ​បាតុភូតព្យុះ រន្ទះ កាលពីថ្ងៃ​សៅរ៍ ២៨ ឧសភា ២០១៦ van Kuzmin / EyeEm
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង នៅ​ម៉ោង​ជិត ៤រសៀល ម៉ោង​នៅ​ប៉ារីស (ត្រូវ​នឹង​ម៉ោង ៩យប់ នៅ​ក្នុង​ប្រទេស​កម្ពុជា)។ មនុស្ស​មួយ​ក្រុម មាន​ចាស់ មាន​ក្មេង កំពុងតែ​អង្គុយលេង និង​ញ៉ាំ​ចំណី នៅ​ក្នុង​សួនឧទ្យាន​ដ៏​ជា​ទីពេញ​និយម​​​មួយ​ឈ្មោះ​ថា “Parc Monceau”។ ភ្លាមៗ​ស្រាប់​តែ​ភ្លៀងធ្លាក់​ជោគជាំ ហើយ​ពួកគេ​ក៏​នាំគ្នា​រត់​ទៅជ្រក​ភ្លៀង​នៅ​ក្រោម​ដើមឈើ​មួយដើម នៅ​ក្នុង​ឧទ្យាន​។ នៅ​ក្រោម​ដើម​ឈើ​នោះ​ហើយ​ដែល​ពួកគេ​ត្រូវ​រន្ទះបាញ់។

ក្នុង​ចំណោម​អ្នក​របួស​ទាំង ១១នាក់ មាន ៨នាក់ គឺ​ជា​ក្មេងតូចៗ អាយុ​ចន្លោះ ពី ៧ឆ្នាំ ទៅ​៨ឆ្នាំ ហើយ​ក្នុង​នោះ មាន ៤នាក់ រងរបួស​ធ្ងន់ធ្ងរ​​។ គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ អ្នក​របួស​ទាំងអស់ កំពុង​សម្រាកព្យាបាល​ នៅ​ក្នុង​មន្ទីរពេទ្យ​ ក្នុងក្រុងប៉ារីស ហើយ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​មន្ទីរពេទ្យ រហូតមក​ដល់​ពេលនេះ អ្នក​របួស​ភាគច្រើន​​មាន​ស្ថានភាព​ល្អប្រសើរឡើងវិញ​ហើយ​ នៅសល់តែ​​​កូនក្មេង​តែម្នាក់​ប៉ុណ្ណោះ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គោះបន្ទាន់។

យោងតាម​អ្នក​នាំពាក្យ​នៃ​ការិយាល័យ​អគ្គិភ័យ​និង​សង្រ្គោះបន្ទាន់​ក្រុង​ប៉ារីស គេ​អាច​រាប់ថា​ជា​សំណាងល្អ​មួយ ដែល​នៅ​ក្នុងហេតុការណ៍​រន្ទះបាញ់​នេះ មិនបាន​បណ្តាល​ឲ្យ​មាន​អ្នក​រងគ្រោះ​ដល់​បាត់បង់​ជីវិត ហើយ​នេះ ក៏ដោយសារតែ​មាន​ភាព​ចៃដន្យ​ល្អមួយ គឺ​នៅ​ក្នុង​ពេល​មាន​ហេតុការណ៍​នោះ បុគ្គលិក​ជំនាញ​ខាង​សង្រ្គោះបន្ទាន់ម្នាក់ ដែល​តាមពិត​ត្រូវ​សម្រាកពីការងារ តែ​កំពុង​ដើរកម្សាន្យ​នៅ​ក្បែរ​កន្លែងកើតហេតុ ហើយ​បាន​ចូល​ទៅ​ធ្វើ​ចលនា​សង្រ្គោះបន្ទាន់ភ្លាមៗ មុនពេល​រថយន្តសង្រ្គោះ​ទៅដល់។

គួរបញ្ជាក់ថា កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ តំបន់​មួយផ្នែកធំ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បាន​ការិយាល័យ​ឧតុនិយម​​ប្រកាស​ដាក់​ឲ្យស្ថិត​ក្នុងភាព​ប្រុងប្រយ័ត្នខ្ពស់​ ដោយ​បាតុភូត​ព្យុះ និង​រន្ទះ ក៏ប៉ុន្តែ ទីក្រុង​ប៉ារីស និង​តំបន់​ជុំវិញ​ក្រុង​ប៉ារីស មិនស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ត្រូវ​ប្រកាស​អាសន្ន​នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ