អានតួអត្ថបទ
ហ្វីលីពីន

លោករ៉ូឌ្រីហ្គូ ឌុយទែរតេ៖​សម្លាប់​អ្នកកាសែត​ពុករលួយ ជា​រឿង​ត្រឹមត្រូវ

នៅ​បាំង​តែ ១ខែ​គត់ ពោល​នៅ​ថ្ងៃ​ទី៣០ មិថុនា​ខាង​មុខ​ដែល​លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​មក លោក​ឌុយទែរតេ​តែងតែ​បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទង​នឹង​រឿងរ៉ាវជាតិ ក៏​ដូច​ជា​រឿងរ៉ាវ​អន្តរជាតិ​ជា​ហូរហែ។ ពាក្យ​សម្តី​របស់​លោក​ឌុយទែរតេ​ដែល​ពេល​ខ្លះ​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងៗ និង​ការ​យល់​ឃើញ​ខុសៗ​គ្នា។ នៅ​រាត្រី​ថ្ងៃ​អង្គារ ទី៣១ ឧសភា លោក​ឌុយទែរតេ​យល់​ឃើញ​ថា អ្នកកាសែត​ពុករលួយ​សក្តិសម​នឹង​សម្លាប់​ចោល ហើយ​ហ្វីលីពីន​មិន​អាច​ពឹង​អាមេរិក​ឲ្យ​ជួយ​ការពារខ្លួន​មួយ​ជីវិត​ទេ។

លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ ប្រធានាធិបតី​ថ្មី​ហ្វីលីពីន
លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ ប្រធានាធិបតី​ថ្មី​ហ្វីលីពីន REUTERS/Rene Lumawag
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ប្រកាស​សមាសភាព​រដ្ឋាភិបាល​ថ្មី​នា​យប់​ថ្ងៃ​អង្គារ ទី៣១ ឧសភា​ដែល​លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ឌុយទែរតេ​បាន​ថ្លែង​ថា ជា​រឿង​មួយ​ត្រឹមត្រូវ​ដែល​ត្រូវ​សម្លាប់​អ្នកកាសែត​ជាប់ចោទ​ក្នុង​បទ​ពុករលួយ​ស៊ីសំណូកសូកប៉ាន់។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​អាជីព​ជា​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មិនមែន​ជា​អាជីព​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​ទេ ឬ​យ៉ាង​ណា?។ នៅ​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ មាន​អ្នកកាសែត​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត​សម្លាប់​នៅ​ចំ​កណ្តាល​បេះដូង​ទីក្រុង​ម៉ានីល ហើយ​គឺ​ផ្តើម​ចេញ​ពី​ឃាតកម្ម​សម្លាប់​រូប​អ្នក​កាសែត​នេះ​ឯង​ដែល​គេ​បាន​ចោទ​សួរ​លោក​ប្រធានាធិបតី​ថ្មី​ឌុយទែរតេ​ថា តើ​លោក​មាន​វិធានការ​អ្វី​ខ្លះ​ទៅ​លើ​ឃាតកម្ម​នោះ?។

ចម្លើយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក​ឌុយទែរតេ​មិន​បាន​ឆ្លើយ​ពី​ការ​ស្វែង​រក​ឃាតករ​ដៃដល់ ឬ​ស្វែង​រក​ការពិត​លើ​ឃាតកម្ម​សម្លាប់​រូប​អ្នកកាសែត​នោះ​ទេ តែ​បែរ​ជា​ថ្លែង​ដោយ​ប្រើ​សម្តី​ធ្ងន់ៗ និង​ត្រង់ៗ​ថា មិនមែន​ដោយសារ​អស់លោក​ជា​អ្នកកាសែត អស់លោក​នឹង​ត្រូវ​រួច​ផុត​ពី​ឃាតកម្ម​ទេ។ អ្វី​ដែល​លោក​ឌុយទែរតេ​ចង់​និយាយ​នោះ​គឺ​ថា ការ​ដែល​មាន​ឃាតកម្ម​សម្លាប់​អ្នកកាសែត​មក​ពី​អ្នកកាសែត​មាន​កំហុស មាន​ន័យ​ថា បើ​គ្មាន​កំហុស​ក៏​គេ​មិន​សម្លាប់​ចោល​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ឌុយទែរតេ​បាន​យល់​ឃើញ​ថា វា​ជា​រឿងសមហេតុ សមផល​មួយ​ដែល​គេ​ត្រូវ​សម្លាប់​អ្នកកាសែត​ពុករលួយ ស៊ីសំណូកសូប៉ាន់។

សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​បាន​ប្រើ​ពាក្យ​ដែល​អ្នក​ខ្លះ​ពិបាក​ស្តាប់ និង​ពិបាក​ទទួល​យក​នោះ។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ឌុយទែរតេ​បាន​សន្យា​កំចាត់​ឲ្យ​ដល់​ឫសគល់​រាល់​បទឧក្រិដ្ឋ​គ្រប់​ប្រភេទ​ដោយ​ព្រមាន​សម្លាប់​ឧក្រិដ្ឋជន​ជា​ច្រើន​ពាន់នាក់។ សម្រាប់​លោក​ឌុយទែរតេ មិន​ថា​មាន​អាជីព​ជា​អ្នកកាសែត ឬ​មាន​អាជីព​ជា​អ្វី​ទេ បើ​ហ៊ាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល។

ឈឺចាប់ និង​មិន​យល់​ពី​សម្តី​របស់​លោក​ឌុយទែរតេ

តក់ស្លុត និង​មិន​យល់​ទាល់​តែ​សោះ​ចំពោះ​ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​ចំពោះ​អ្នកកាសែត​របៀប​នេះ នេះ​ជា​ប្រតិកម្ម​របស់​សមាគមន៍​អ្នកកាសែតជាតិ​ហ្វីលីពីន។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​​ចេញ​ផ្សាយ​ថ្ងៃ​នេះ សមាគមន៍​អ្នកកាសែតជាតិ​ហ្វីលីពីន​មិន​បដិសេធ​ចោល​ទាំង​ស្រុង​លើ​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ដែល​ថា មាន​ទង្វើ​ពុករលួយ ស៊ីសំណូក​សូកប៉ាន់​នៅ​ក្នុង​ចំណោម​អ្នកកាសែត និង​នៅ​ក្នុង​មធ្យោបាយ​ឃោសនា​មហាជន​ទេ តែ​រឿង​យក​ភស្តុតាង​ពុករលួយ ស៊ីសំណូកសូកប៉ាន់​ទៅ​សម្លាប់​អ្នកកាសែត​រូប​នេះ ឬ​រូប​នោះ ជា​រឿង​មួយ​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល សមាគមន៍​អ្នកកាសែតជាតិ​ហ្វីលីពីន​បាន​ចាត់​ទុក​សម្តី​របស់​លោក​ឌុយទែរតេ​ថា ជា​ការ​ប្រកាស​សង្រ្គាម​ជា​ចំហប្រឆាំង​អ្នក​កាសែត​ជា​លក្ខណៈ​បុគ្គល ឬ​ស្ថាប័ន​ក្នុង​គោលដៅ​បំបិទមាត់​អ្នកកាសែត។ ក្តីបារម្ភ​ក៏​មាន​ពី​មជ្ឈមណ្ឌល​ដើម្បី​សេរីភាព និង​ការ​ទទួល​ខុសត្រូវ​លើ​មធ្យោបាយ​ឃោសនា​មហាជន​ដែរ។ អនុប្រធាន​មជ្ឈមណ្ឌល​មួយ​នេះ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​ថា គួរ​ឲ្យ​ឈឺចាប់​ខ្លាំង​ណាស់ និង​ថា ពាក្យ​សម្តី​របស់​លោក​ឌុយទែរតេ​ជា​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​សម្លាប់​អ្នកកាសែត​ដោយ​សំអាង​លេស​ពុករលួយ។

សូម​ជម្រាប​ជូន​ថា ហ្វីលីពីន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដ៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អ្នកកាសែត។ តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​របប​ផ្តាច់ការ​របស់​លោក Ferdinand Marcos រយៈពេល ៣០ឆ្នាំ​មក ហ្វីលីពីន​បាន​ញាំញី​ដោយ​អំពើ​ពុករលួយ​ស៊ីរូង​ផ្ទៃក្នុង ហើយ​មាន​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ចំនួន ១៧៦នាក់។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០០៩ មួយ មាន​ស្លាប់​អ្នក​កាសែត​ដល់​ទៅ ៣២នាក់​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ៥៧នាក់​ដែល​បាន​ធ្លាក់​ខ្លួន​ស្លាប់​នៅ​ក្នុង​ជម្លោះ​នយោបាយ។

ហ្វីលីពីន​មិន​អាច​ពឹង​អាមេរិក​ឲ្យ​ជួយ​ការពារ​សន្តិសុខ​មួយ​ជីវិត​ទេ

ក្រៅ​ពី​បញ្ហា​ផ្ទៃក្នុង​ប្រទេស លោក​ឌុយទែរតេ​ក៏​បាន​ផ្តល់​ការ​យល់​ឃើញ​ស្តីពី​ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន​ដែរ។ តែ​មិន​ផ្តោតសំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក និង​ហ្វីលីពីន​សុទ្ធសាធ​ទេ។ នៅ​ត្រង់​ចំណុច​នេះ លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​គ្មាន​បំណង​នឹង​សើរើ​ឡើង​វិញ​ទេ គ្រាន់​តែ​ថា មាន​បញ្ហា​មួយ​ចំនួន​ដែល​ហ្វីលីពីន​គួរ​ពឹង​លើ​កម្លាំង​ខ្លួន​ឯង​ជាជាង​បន្ត​ពឹង​លើ​កម្លាំង​អ្នក​ដទៃ។ លោក​ឌុយទែរតេ​ចង់​និយាយ​សំដៅ​លើ​ជម្លោះ​រវាង​ហ្វីលីពីន និង​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ហ្វីលីពីន​កំពុង​អាង​អាមេរិក​ជួយ​ការពារ។

ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ដែល​សួរ​ថា តើ​ហ្វីលីពីន​អាច​នឹង​បើក​ចរចា​ផ្ទាល់​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​នេះ​ដែរ ឬ​ទេ លោក​ឌុយទែរតែ​បាន​ឆ្លើយ​ថា ហ្វីលីពីន​មាន​កិច្ចព្រមព្រៀង​ជាមួយ​បស្ចិមលោក តែ​ហ្វីលីពីន​ក៏​មាន​ដំណោះស្រាយ​ដាច់​​ដោយ​ឡែក​របស់​ខ្លួន​ដែរ។ ដំណោះស្រាយ​ដាច់​ដោយឡែក​នោះ គឺ​កិច្ចចរចា​ទ្វេភាគី​ហ្វីលីពីន ចិន​ដែល​លោក​ឌុយទែរតេ​យល់​ឃើញ​ថា វា​ជា​មធ្យោបាយ​ចាំ​បាច់​ដើម្បី​ដោះស្រាយ​បញ្ហា។ គួរ​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​លោក​ឌុយទែរតេ​បាន​បង្ហាញ​ពី​ជំហរ​ចង់​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​ផ្លូវ​ចរចា និង​ដោយ​សន្តិវិធី។

ខុស​ពី​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាគីណូ​ដែល​មិន​ខ្ចី​ប្រើ​យន្តការ​ចរចា​ទ្វេភាគី​ទេ តែ​ពឹង​លើ​ជំនួយ​អ្នកដទៃ ពិសេស​អាមេរិក និង​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​ទីក្រុង​ឡាអេ។ លោក​អាគីណូ​យល់​ឃើញ​ថា ជជែក​មួយ​ទល់​មួយ គឺ​ចាញ់​ប្រៀប​យ័ក្ស​ចិន​រួច​ទៅ​ហើយ។ តែ​លោក​ឌុយទែរតេ​មិន​ចង់​ពឹង​អាមេរិក​ឲ្យ​ជួយ​ការពារ​សន្តិសុខ​ហ្វីលីពីន​អស់​មួយ​ជីវិត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ