អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

ទស្សនកិច្ច​លោក​អូបាម៉ា​នៅ​អារ៉ាប៊ីសាអូឌីត​បំពុល​ដោយ​គម្រោងច្បាប់​ស្តីពី​ភេរវកម្មថ្ងៃ ១១ កញ្ញា ២០០១

នៅ​ថ្ងៃ​អង្គារ ទី១៩ មេសា​នេះ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ប្រទេស​អង់គ្លេស និង​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិនលេច​របស់​អាមេរិក​នឹង​ត្រូវ​លោក​អូបាម៉ា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃ​ពុធ ទី២០ មេសា។ តែ​មួយ​ថ្ងៃ​មុន​ការ​ទៅ​ដល់​របស់​លោក​អូបាម៉ា​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត សង្រ្គាម​ពាក្យ​សម្តី​កំពុង​កើត​មាន​យ៉ាង​ខ្លាំង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​រីយ៉ាដ​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ២០០១ ដែល​សភា​អាមេរិក​គ្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​ខាង​មុខ។

ជំនួប​រវាង​លោក​អូបាម៉ា (រូបឆ្វេង) និង​ស្តេច​​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​រីយ៉ាដ ថ្ងៃទី២៧ មករា ២០១៥
ជំនួប​រវាង​លោក​អូបាម៉ា (រូបឆ្វេង) និង​ស្តេច​​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​រីយ៉ាដ ថ្ងៃទី២៧ មករា ២០១៥ REUTERS/Jim Bourg/Files
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់​ស្តីពី​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ២០០១ ដែល​សភា​អាមេរិក​គ្រោង​នឹង​អនុម័ត គឺ​ជា​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​អូស ក ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ពី​មុខ​តុលាការ​អាមេរិកាំង​ពាក់ព័ន្ធ​នឹង​មហា​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ នៅ​ក្នុង​ទីក្រុង​ញូយ៉ក និង​ទីក្រុង​វ៉ាស៊ីតោន។ សេចក្តីព្រាងច្បាប់​នោះ​នៅ​មិន​ទាន់​បាន​ដាក់​ឲ្យ​សភា​អាមេរិក​បោះឆ្នោត​នៅ​ឡើយ​ទេ តែ​បាន​ទទួល​ការ​គាំទ្រ​ទាំង​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ និង​ក្រុមអ្នកសាធារណរដ្ឋ​ដែល​មាន​សម្លេង​ភាគ​ច្រើន​នៅ​សភា។

ប្រសិន​បើ​ច្បាប់​នោះ​ត្រូវ​បាន​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ និង​បើ​គ្មាន​ការ​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​ពី​លោក​ប្រធានាធិបតី​អូបាម៉ា​ទេ នោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​អាមេរិកាំង​ក្នុង​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១ អាច​នឹង​ដាក់​ពាក្យប្តឹង​ប្រឆាំង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ដើម្បី​ទទួល​បាន​សំណង​ជម្ងឺ​ផ្លូវចិត្ត និង​សំណង​ជា​លុយកាក់។ គួរ​ជម្រាប​ជូន​ថា ១៥ឆ្នាំ ក្រោយ​មហា​ភេវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ មក គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​រួមគំនិត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទេ។
 
តែ​សេចក្តីព្រាង​ច្បាប់​របស់​អាមេរិក​ពេល​នេះ​បាន​តាក់តែង​ឡើង​ដោយ​គេ​សំអាង​ថា នៅ​ក្នុង​ចំណោម​ភេរវជន​អត្តឃាត​ទំាង ១៩នាក់​ដែល​បាន​បើក​យន្តហោះ​ទៅ​ទម្លាក់​ខ្លួន​កម្ទេច​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ទៅ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក « World Trade Center » ទាំង​ពីរ​ក្នុង​ទីក្រុង​ញូយ៉ក មាន ១៥នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​មិន​អាច​ឆ្លើយ​ថា ខ្លួន​មិន​ដឹង​រឿង​អ្វី​ទាំង​អស់​ទេ។
 
លោក​អូបាម៉ា​បាន​ប្រឆាំង​នឹង​ច្បាប់​ដោយ​លើក​ពន្យល់​ហេតុផល
 
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយ​ថា លោក​នឹង​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​នឹង​ច្បាប់​នោះ ប្រសិន​បើ​សភា​អនុម័ត។ លោក​អូបាម៉ា​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBSនា​ថ្ងៃ​ចន្ទ ទី១៨ មេសា ពោល​មួយ​ថ្ងៃ​មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្នុង​ថ្ងៃ​ចន្ទ ទី១៨ មេសា​ដដែល អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Josh Earnestក៏​បាន​ប្រាប់​បន្ថែម​ថា លោក​អូបាម៉ា​មិន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នោះ ហើយ​ក៏​នឹង​មិន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នោះ​ដែរ ប្រសិន​បើ​សភា អនុម័ត។
 
លោក​អូបាម៉ា​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ប្រសិន​បើ​រដ្ឋបាល​របស់​លោក​បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​អាមេរិក​អាច​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បរទេស​ណា​មួយ នោះ​រដ្ឋបាល​អាមេរិក​ខ្លួន​ឯង​ក៏​អាច​រង​ការ​ប្តឹង​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែរ។ ចំណែក​លោក Josh Earnestបាន​អះអាង​ថា អ្វី​ដែល​រដ្ឋបាល​អាមេរិក​បារម្ភ​ខ្លាំង​ចំពោះ​ច្បាប់​នោះ​មិន​មែន​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ណា​មួយ​ទេ តែ​វា​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​លើ​គោលការណ៍​នៃ​ច្បាប់អន្តរជាតិ​ដែល​លោក Josh Earnestហៅ​ថា « អភ័យឯកសិទ្ធិ​រដ្ឋ »« អភ័យឯកសិទ្ធិ​រដ្ឋ » ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ និង​រដ្ឋ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវទូត គឺ​មិនមែន​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​តុលាការ​ទេ។
 
អារ៉ាប៊ីសាអូឌីត​ចេញ​មុខ​ព្រមាន​ទុក​ជា​មុន
 
ទោះ​បី​ជា​មាន​ការ​ប្រឆាំង​មុន​របស់​លោក​អូបាម៉ា​ក៏​ដោយ ក៏​មិន​អាច​ទប់​កំហឹង​របស់​អារ៉ាប៊ីសាអូឌីត​បាន​ដែរ។ គេ​នៅ​មិន​ដឹង​ថា តើ​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​នឹង​និយាយ​អ្វី​ជា​មួយ​លោក​អូបាម៉ា​ក្នុង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ។ អ្វី​ដែល​គេ​ដឹង ទីក្រុង​រីយ៉ាដ​តាម​រយៈ​ប្រមុខ​ការទូត​របស់​ខ្លួន​លោក​អាដែល អាល់យូបេ​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ខ្លាំងៗ​នា​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ក្នុង​ខែ​មីនា​កន្លង​ទៅ​ថា ច្បាប់​ស្តីពី​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​អាមរ៉ាប៊ីសាអូឌីត។
 
បើ​តាម​កាសែត​ប្រចាំ​អាមេរិក​មួយ​ឈ្មោះ New York Timesឲ្យ​ដឹង​ថា ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​បាន​ព្រមាន​ពី​ការ​លក់​មូលប័ត្របំណុល​រដ្ឋ​ទាំង​អស់​នៅ​អាមេរិក​ដែល​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ជា ៧៥០ ០០០លានដុល្លារ ព្រម​ទំាំង​អចលនទ្រព្យ​ផ្សេង​ទៀត​របស់​អារ៉ាប៊ីសាអូឌីត​ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិកាំង។ ដូច្នេះ​ចង់ ឬ​មិន​ចង់ សេចក្តី​ព្រាងច្បាប់​ស្តីពី​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា ២០០១ របស់​អាមេរិក​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​តានតឹង​ស្រាប់​រឹត​តែ​ឡើង​កម្តៅ​មួយ​កម្រិត​ទៀត ពិសេស​នឹង​ធ្វើ​ឲ្យ​បរិយាកាស​អាប់អួរ​កាន់​តែ​ខ្លាំង​នា​ជំនួប​រវាង​លោក​អូបាម៉ា និង​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន។
 
សូម​ជម្រាប​ជូន​ថា ពិត​មែន​ជា​សម័្ពនមិត្ត​ចាក់​ទឹក​មិន​លេច​ក៏​ដោយ ក៏​អារ៉ាប៊ីសាអូឌីត​អន់​ចិត្ត​នឹង​អាមេរិក​មិន​តិច​ទេ​នៅ​ក្នុង​សំណុំរឿង​ជា​ច្រើន ទាំង​សំណុំរឿង​រវាង​គ្នា ក៏​ដូច​ជា​សំណុំរឿង​តំបន់​ខ្លះ ពិសេស​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី ឬ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ដើម។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មិត្ត​នៅ​ជា​មិត្ត​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​ដោយ​មិន​អាច​ខ្វះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ