អានតួអត្ថបទ

ប្រជាជនហុងកុងធ្វើបាតុកម្មប្រឆាំងការហាម​មិន​ឲ្យ​​​សកម្មជនប្រជាធិបតេយ្យ​ឈរឈ្មោះ​បោះឆ្នោត

កាលពីល្ងាចថ្ងៃអាទិត្យទី២៨ ម្សិលមិញនេះ ក្រុមបាតុករ​ក្នុងទីក្រុង​ហុងកុង​បានប្រមូល​ផ្តុំគ្នានៅខាង​ក្រៅទីស្នាក់ការ​កំពូលៗ​របស់រដ្ឋាភិបាល បន្ទាប់ពីសកម្មជន​ប្រជាធិបតេយ្យ​ឈានមុខ​របស់ពួកគេម្នាក់ត្រូវ​បានហាមឃាត់ មិនអោយឈរ​ឈ្មោះជាបេក្ខជន​ក្នុងការ​បោះឆ្នោត​ដែលនឹង​ប្រព្រឹត្តទៅ​ក្នុងខែមីនា​ខាងមុខ។

កញ្ញា Agnes Chow សូត្រពាក្យស្លោករបស់បក្សបន្ទាប់ពីការហាមឃាត់ឈរឈ្មោះបោះឆ្នោត ហុងកុង ថ្ងៃទី២៨ មករា ២០១៨
កញ្ញា Agnes Chow សូត្រពាក្យស្លោករបស់បក្សបន្ទាប់ពីការហាមឃាត់ឈរឈ្មោះបោះឆ្នោត ហុងកុង ថ្ងៃទី២៨ មករា ២០១៨ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

សកម្មជនដែលបេក្ខភាពឈរឈ្មោះត្រូវបានហាមឃាត់គឺ កញ្ញា Agnes Chow ដែលមានអាយុ២១ឆ្នាំ។ កញ្ញា ធ្លាប់ជាសកម្មជននាំមុខនៃចលនា Umbrella Movement កាលពីឆ្នាំ២០១៤ ដើម្បីទាមទារអោយមានការកែទម្រង់របបនយោបាយរបស់ហុងកុង។ ហើយកាលពីពេលថ្មីៗនេះ កញ្ញាក៏បានដាក់ពាក្យសុំធ្វើជាបេក្ខនារីឈរឈ្មោះសម្រាប់ការបោះឆ្នោតក្នុងខែមីនាខាងមុខ ក៏ប៉ុន្តែពាក្យសុំនោះត្រូវបានបដិសេធចោលដោយរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ចំពោះបាតុកម្មប្រឆាំងតវ៉ាម្សិលមិញវិញ កញ្ញាក៏មានវត្តមាននៅទីនោះដែររួមជាមួយនឹងក្រុមបាតុករប្រមាណ២ពាក់នាក់ផ្សេងទៀត។​​ កញ្ញាផ្ទាល់ ក៏ដូចជាបាតុករដទៃបានយល់ឃើញថា រដ្ឋាភិបាលកំពុងព្យាយាមកំចាត់ចោលនូវបក្សនយោបាយទាំងឡាយណាដែលប្រឆាំងនឹងពួកគេ។​​ តែទោះជារងនូវសម្ពាធនិងការគាបសង្កត់យ៉ាងណាក្តី ក្រុមបាតុករបានអះអាងថា ពួកគេនឹងបន្តទាមទារអោយមានសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព។

គណបក្សរបស់កញ្ញា Agnes Chow ដែលមានឈ្មោះថា Demosisto ពុំបានធ្វើយុទ្ធនាកាឃោសនាទាមទារឯករាជ្យអោយហុងកុងពីចិននោះទេ តែពួកគេចង់អោយហុងកុងមានការចាត់តាំងការងារដោយខ្លួនឯង និងមានការធ្វើប្រជាមតិសម្រាប់ប្រជាជនក្នុងការសម្រេចចិត្តថាពួកគេចង់បានការគ្រប់គ្រងបែបណា។

គួររំលឹកដែរថា ហុងកុងត្រូវបានអង់គ្លេសប្រគល់អោយចិនវិញក្នុងឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលអនុញ្ញាតអោយហុងកុងមានសិទ្ធិមួយផ្នែកក្នុងការរៀបចំបទនិតីបញ្ញាត្តិនិងសិទ្ធិមួយចំនួនដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិធ្វើបាតុកម្មជាដើម ដែលសិទ្ធិទាំងនោះត្រូវបានហាមឃាត់នៅប្រទេសចិនដីគោក។

កិច្ចព្រមព្រៀងនេះ បានកំណត់អោយមានប្រសិទ្ធភាពរហូតដល់ឆ្នាំ២០៤៧។ ក៏ប៉ុន្ដែស្របពេលដែលរដ្ឋាភិបាលប៉េកាំងប្រទេសចិនតែងតែលូកដៃចូលក្នុងគ្រប់កិច្ចការងាររបស់ហុងកុង រួមទាំងការបោះឆ្នោតផងនោះ ប្រជាជនជនមួយចំនួនយល់ឃើញថា កិច្ចព្រមព្រៀងនេះហាក់បីដូចជាត្រូវបានបញ្ចប់រួចទៅហើយ។

សភាអង់គ្លេសក៏បានលើកឡើងអំពីបញ្ហានេះក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីសប្តាហ៍មុនផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ