អានតួអត្ថបទ
សហភាពអឹរ៉ុប-អង់គ្លេស

ជំនួប​កំពូល​អឺរ៉ុប ​ចង់​ទុក​អង់គ្លេស ​តែ​មិនងប់​ព្រម​គ្រប់​យ៉ាង​ឡើយ

ពេល​វេលា​ផ្តាច់​ព្រ័ត្រ​បាន​មក​ដល់​ហើយ សម្រាប់​អឺរ៉ុប​និង​អង់គ្លេស ! ប៉ុន្តែ​ជំនួប​កំពូល​អឺរ៉ុប ស្តី​ពី​ជោគវាសនា​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​​ មួយ​ថ្ងៃ​ដំបូង​មិន​ទាន់​បាន​ផ្តល់​លទ្ធផល​អ្វី​ទេ ! ប្រធាន​ក្រុមប្រឹក្សា​ ដូណាល់​ ទុស្ក៍ បាន​ត្រឹម​អះអាង​ថា មាន​ការ​​ជឿន​លឿន​ក្នុង​កិច្ចចរចា ប៉ុន្តែ​នៅ​សល់​បញ្ហា​ត្រូវ​ជជែក​ដោះស្រាយ​ច្រើន។ ក្រោយ​ពី​ជជែក​គ្នា​ យ៉ាង​ក្តៅ​ស្លឹក​ត្រចៀក​អស់​មួយ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ និង​ជំនួប​ដាច់​ដោយ​ឡែក​រវាង​ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ពេញ​មួយ​យប់​មក ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​​ទាំង​២៨​ត្រូវ​បន្ត​​ពិភាក្សា​គ្នា​ទៀត នៅ​ថ្ងៃ​សុក្រ​នេះទៀត។

ទង់ជាតិ​អង់គ្លេស​បក់​រវិក​ក្បែរ​ទង់ជាតិ​អឺរ៉ុប​ នៅ​មុខទីស្នាក់ការ​​គណៈកម្មការ​អឺរ៉ុប
ទង់ជាតិ​អង់គ្លេស​បក់​រវិក​ក្បែរ​ទង់ជាតិ​អឺរ៉ុប​ នៅ​មុខទីស្នាក់ការ​​គណៈកម្មការ​អឺរ៉ុប REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​ចរចាថ្ងៃ​ដំបូង​នេះ ប្រទេស​ជា​សមាជិក​អឺរ៉ុប​ខ្លះ​ បាន​សម្តែង​ការ​មិន​​យល់​ព្រម​ដាច់​ខាត​លើ​គម្រោង​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​អង់គ្លេស​តែ​ម្តង បើ​ទោះ​បី​ជាគ្រប់​គ្នា​បាន​បង្ហាញ​ជំហរ​រួម ចង់​​ជួយ​អង់គ្លេស និង​ចង់​បាន​កិច្ចព្រមព្រៀង​ ដែល​អនុញ្ញាត​ឱ្យ​លោក នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដេវីត កាមឺរោន ចេញ​ឃោសនា​ការ​ពារសមាជិកភាព​អង់គ្លេស​អឺរ៉ុប​នៅ​ចំពោះ​មុខ​ពលរដ្ឋ​អង់គ្លេស​ក៏​ដោយ។

 

ពេញ​មួយ​យប់​មិញ មាន​ជំនួប​ជា​ក្រុមតូចៗ​ សឹង​វាល់​ភ្លឺ រវាង​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ជាមួយ​ប្រធាន​គណៈកម្មការ និង​ក្រុមប្រឹក្សា​អឺរ៉ុប ជាមួយ​ប្រធានាធិបតី​បារាំង ប៉ុន្តែលទ្ធផល​នៅ​តែ​ដដែល។ លោក ដេវីត​ កាមឺរោន បាន​អះអាង​មុន​ពេល​ចូល​ជា​ថ្មី​ក្នុង​ថ្ងៃ​ទីពីរ ថា​ “នៅ​តែ​មិនទាន់​មាន​កិច្ចព្រមព្រៀង”។

ការ​ចរចា​រវាង​ប្រធាន​ក្រុមប្រឹក្សា​ និង​គណៈកម្មការអឺរ៉ុប ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស (ស្តាំ) បន្ត​ពី​ជំនួប​កំពូលអឺរ៉ុប
ការ​ចរចា​រវាង​ប្រធាន​ក្រុមប្រឹក្សា​ និង​គណៈកម្មការអឺរ៉ុប ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស (ស្តាំ) បន្ត​ពី​ជំនួប​កំពូលអឺរ៉ុប REUTERS/Yves Herman

តើ​អ្វី​ទៅ​ចំណុច​ខ្ទាស់ ?

ចំណុច​ដែល​ខ្ទាស់ គឺ​ ជា​សំណើ​របស់​អង់គ្លេស​តែ​ម្តង ! កាលពី​ថ្ងៃ​ទី ៤ កុម្ភៈ ​ ដោយ​មិន​ចង់​ឃើញ​អង់គ្លេស​បំបែក​ខ្លួន​ចេញ​ ក្រុមប្រឹក្សា​​អឺរ៉ុប ​បាន​សុខ​ចិត្ត​​សុខ​កាយ​ ជាមួយ​អង់គ្លេស ​​ធ្វើ​កំណែទម្រង់​អឺរ៉ុប និង​ចេញ​ជា​គម្រោង​កិច្ចព្រមព្រៀង​មួយដាក់​ជូន​ប្រទេស​ជា​សមាជិក​សហភាព​សម្រេច​នៅ​ថ្ងៃ​នេះ។

ជា​គម្រោង​កិច្ចព្រមព្រៀងដែល​​ឆ្លើយ​តប​តាម​សំណូម​ពរ​​អង់គ្លេស​ស្ទើរ​តែ​ទាំង​ស្រុង តែ​អាច​ប៉ះពាល់​ដល់​ប្រយោជន៍​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត ទើប​បង្ក​បង្កើត​ជា​ការ​ខ្វែង​គំនិត​គ្នា​ ពិបាក​សម្រេច។​

សំណើ​សំខាន់​ៗ​របស់​អង់គ្លេស ដែល​នៅ​ជាប់​គាំង មាន​ដូច​ជា​ ការទាមទារ​ឱ្យ​មាន​គិត​គូរ​ខ្លាំង​ដល់​អធិបតេយ្យភាព​អង់គ្លេស អភិបាលកិច្ច​អឺរ៉ុប​ប្រសើរ​ជាង​មុន កាត់​បន្ថយ​​ជំនួយឧបត្ថម្ភ​ដល់​អន្តោប្រវេសន៍​អឺរ៉ុប។ អង់គ្លេស​ចង់​ឱ្យ​ប្រទេស​ជា​សមាជិក​តែ​មួយ​អាចបិទ​ខ្ទប់​​សេចក្តី​សម្រេច​​របស់​តំបន់​អឺរ៉ូ ឬ​ប្តូរ​កាលវិភាគ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ​បើ​មិន​ពេញ​ចិត្ត។​ ប៉ុន្តែ​សម្រាប់​បារាំង សិទ្ធិ​សុំ​បើក​ប្រជុំ​ពិភាក្សា​ត្រូវ​តែ​មាន​ការស្នើ​ពី​សមាជិក​ច្រើន​ប្រទេស​ កាន់​តែ​ច្រើន​ កាន់​តែ​ល្អ។

ទាក់ទង​នឹង​បញ្ហាអន្តោប្រវេសន៍ ដែល​ជា​ប្រធានបទ​ដ៏​រសើប​និង​តាន​តឹង​បំផុតវិញ។ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់​កំណត់​រយៈ​ពេល​នៃ​ការផ្អាក​​ជំនួយ​សង្គម​ ដល់​ពលរដ្ឋ​អឺរ៉ុប​រស់​នៅ​អង់គ្លេស​។ បើ​តាម​ប្រភព​ការ​ទូត​មួយ​និយាយ​ថា​អង់គ្លេស​ចង់​ពន្យារ​ពេល​ផ្អាក​ជំនួយ​នេះ ដល់​ទៅ​៧ ឬ​១៣​ឆ្នាំ។ គឺ​ចំណុច​នៃ​ដែល​គាំង​ស្តូក​ ជា​ពិសេស​សម្រាប់​បណ្តា​ប្រទេស​នៅអឺរ៉ុប​ខាង​កើត (ប៉ូឡូញ សាធារណរដ្ឋ​ឆែក ស្លូវ៉ាសគី​ និង​ហុងគ្រី)។

ជា​ចុងក្រោយ​ លោក​ កាមឺរោន ចង់​ឱ្យ​សំណើកំណែទម្រង់​ទាំង​អម្បាល​ម៉ាន​នេះ​មាន​ចុះ​ នៅ​ថ្ងៃ​អនាគត ក្នុង​សន្ធិសញ្ញា​អឺរ៉ុប ប៉ុន្តែ​ចំណុច​នេះ បែលហ្សិកដែល​ស្រមៃ​ចង់​បាន​អឺរ៉ុប​បែប​រដ្ឋ​សហព័ន្ធ​ ​ពិបាក​ទទួល​យក​ណាស់។

ការចរចា​អឺរ៉ុប​-អង់គ្លេសបង្អាក់​ដោយ​បញ្ហា​អន្តោប្រវេសន៍​

កិច្ចចរចា​ស្តី​ពី​ការ​បញ្ចៀស​អង់គ្លេស​កុំ​ឱ្យ​ដើរ​ចេញ​អឺរ៉ុប​នេះ ត្រូវ​បាន​បង្អាក់ ដោយ​វិបត្តិ​អន្តោប្រវេសន៍​។​ ប្រមុខ​ដឹកនាំ​ខ្លះ យល់ថា គេ​ហាក់​ដូច​ជា​ចំណាយ​ពេលវេលា​ច្រើន​ជ្រុល​ដល់​រឿង​អង់គ្លេស ក្នុង​ខណៈ​ដែល​​អឺរ៉ុប​កំពុង​ជួប​ប្រទះ​​វិបត្តិ​មួយ​ទៀត​ ដ៏​​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន គឺ​វិបត្តិ​អន្តោប្រវេសន៍។

ក្រោយ​​ជំនួប​ពិភាក្សា​ជាង​៦​ម៉ោង នៅ​យប់​មិញ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ប្រកាស​ថា គ្មាន​មធ្យោបាយ​អ្វី​​ប្រសើរ​ ​ឆ្លាត​វៀងវៃ​ ល្អ និង​សមស្រប​ ជាង​ការ​សហការ​ជាមួយ​នឹង​ប្រទេស​តួកគី​ឡើយ ក្នុង​ការ​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍។ ក្នុង​ន័យ​នេះ អឺរ៉ុប​នឹង​បើក​ជំនយប​កំពូល​វិសាមញ្ញ​មួយ​ជាមួយ​តួកគី​ នៅ​ដើម​ខែ​មីនា​ ដើម្បី​រក​វិធី​អនុវត្ត​ផែនការ​សកម្ម​ ដែល​បាន​ព្រមព្រៀង​គ្នា​តាំង​ពី​ដើម​ខែ​ធ្នូ ២០១៤ ទប់​ស្កាត់​អន្តោប្រវេសន៍​នៅ​តួកគី​អាច​ហូរ​ចូល​អឺរ៉ុប​តាម​ប្រទេស​ក្រិក​។

ក្នុង​សំណុំ​រឿង​នេះ សមាជិក​ទាំង​២៨​បាន​ព្រមព្រៀង​គ្នា​ជាឯកច្ឆ័ន្ទ​ ថា​ត្រូវ​តែ​មាន​ដំណោះស្រាយ​ជា​លក្ខណៈ​អឺរ៉ុប មិន​មែន​សម្រេច​អ្វី​ជា​ឯកតោ​ភាគី​ទេ។ ការ​សម្រេចជា​ឯកតោភាគី គឺ​ចង់​សំដៅ​​លើ​​ប្រទេសអូទ្រីស ដែល​បាន​សម្រេចម្នាក់ឯង​ និង​គួរ​ឱ្យភ្ញាក់ផ្អើល​ កំណត់​កូតា​ ចំនួន​ជន​ភៀស​ខ្លួនដែល​អាច​ចូលឆ្លង​កាត់​​ទឹក​ដី​ (៣២០០នាក់)និង​ដែល​អាច​សុំ​សិទ្ធិជ្រកកោន (៨០នាក់) ក្នុង​មួយ​ថ្ងៃៗ​។ តែ​ប្រមុខ​រដ្ឋាភិបាល​អូទ្រីស ក៏​បាន​សម្រប​ខ្លួន​ទាំង​ស្រុង​ទៅ​នឹង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​អឺរ៉ុប​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ