អានតួអត្ថបទ
សហភាពអឹរ៉ុប-អង់គ្លេស

អឺរ៉ុប-អង់គ្លេស​ សម្រេច​បាន​កិច្ច​ព្រមព្រៀង​ដើម្បី​បញ្ចៀស​កុំឲ្យ​អង់គ្លេស​ដក​ខ្លួន​ចេញ

អស់​រយៈពេល​ពីរ​ថ្ងៃ​ស្ទើរ​ឥត​មាន​ឈប់​សម្រាក ​ ដែល​ក្រុម​ការងារ​ក្រុមប្រឹក្សា​អឺរ៉ុប​ បាន​ចរចា​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​អង់គ្លេស ​ដើម្បី​​ស្វែងរក​កិច្ច​ព្រម​ព្រៀង​ថ្មីមួយ។ កិច្ច​ព្រមព្រៀង​នេះ ​ជា​ការ​ទាមទារ​ចង់​បាន​ជាច្រើន​ចំណុច​របស់​លោក​ដេវីដ ខាមឺរុន ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ដើម្បី​ធានា​ឲ្យ​លោក ​អាច​យក​វា​ទៅ​បញ្ចុះបញ្ចូល​ប្រជាជន​អង់គ្លេស ​ កុំឲ្យ​បោះឆ្នោត​ប្រជាមតិ​ ដក​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ នៅ​យប់​ថ្ងៃ​សុក្រ ​ស្ទើរ​តែ​កណ្តាល​អាធ្រាត្រ ​ការ​ប្រជុំ​បាន​បិទ​បញ្ចប់ ​ដោយ​ភាគី​ទាំង​សងខាង ​ បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា។

លោក David Cameron  អង្គុយទល់មុខ នឹង​លោក​ Donald Tusk (ខាងឆ្វេង) និង​លោក​ Jean-Claude Juncker​ ក្នុងពេល​ប្រជុំ​ថ្ងៃ​ទី​១៩ កុម្ភៈ
លោក David Cameron អង្គុយទល់មុខ នឹង​លោក​ Donald Tusk (ខាងឆ្វេង) និង​លោក​ Jean-Claude Juncker​ ក្នុងពេល​ប្រជុំ​ថ្ងៃ​ទី​១៩ កុម្ភៈ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ជាប់គ្នា ​សឹងតែ​អត់​មាន​សម្រាក ​ទាំងថ្ងៃ​ទាំង​យប់​បាន​បិទ​បញ្ចប់​ទៅ ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី១៩កុម្ភៈ​ នៅ​ម៉ោង​ប្រហែល​ជា​ជិត​១១​យប់ ​នៅ​ទីក្រុង​ព្រុយសែល។ ដូច​យើង​ដឹង​ហើយថា​ កម្មវត្ថុ​នៃ​ការ​ប្រជុំ​ចរចា​គ្នា​នេះ ​ គឺ​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​ ដែល​ខាង​ភាគី​អង់គ្លេស​ទាមទារ។ អង់គ្លេស​ទាមទារ​ លក្ខខណ្ឌ​ជាច្រើន ​ព្រោះថា​មិន​ដូច្នោះទេ​ គេ​នឹង​មិន​បញ្ចុះបញ្ចូល​ប្រជាជន​គេ​ ឲ្យ​បោះឆ្នោត​ដក​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ទេ។ ព្រោះតែ​សហភាព​អឺរ៉ុប​ មិន​ចង់​ឃើញ​អង់គ្លេស​ដើរ​ចេញ ​ពី​អឺរ៉ុប ​តាម​រយៈ​ការបោះ​ឆ្នោត​ប្រជាមតិ ​ទើបគេ​ចាត់​ឲ្យ​មាន​ការ​ចរចា​នេះ​ដើម្បីធ្វើ​តាម​លក្ខខណ្ឌ​របស់​អង់គ្លេស។

 
ពីរ​ចំណុច​ធំៗ ​ដើម្បីឲ្យ​អង់គ្លេស​អស់ចិត្ត៖
ទីបំផុត​ ការ​ព្រមព្រៀងគ្នា​បាន​សម្រេច​ជា​លទ្ធផល​មែន ​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​ បាន​ព្រម​ធ្វើ​សម្បទាន​ជា​ច្រើន ​ទៅតាម​ការ​ចង់បាន​របស់​លោក ដេវីដ ខាមឺរុន។ ​ចំណុច​សំខាន់ៗ​ មាន​ពីរ៖

១​-​ ទីមួយគឺ ​ទាក់ទង​ទៅនឹង​កម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​និង​ធនាគារ​របស់​អង់គ្លេស។ សហភាព​អឺរ៉ុប​ បាន​សុខចិត្ត​ផ្តល់​សិទ្ធិ​អំណាច​ស្ទើរតែ​ទាំង​ស្រុង​ទៅ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ជា​អ្នក​គ្រប់គ្រង។ ក៏​ប៉ុន្តែ​គោលការណ៍​គ្រឹះ​ កម្មវត្ថុ​ហិរញ្ញវត្ថុ​ធំៗ ​របស់​សហភាព​អឺរ៉ុប​ ដែល​ត្រូវ​អនុវត្ត​ទូទាំង​អឺរ៉ុប ​ គឺ​អង់គ្លេស​ត្រូវតែ​គោរព​ដដែល។

២-​ ទីពីរ ​គឺ​ទាក់ទង​ទៅ​នឹង​សិទ្ធិ ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​សង្គម​ របស់​ជន​អន្តោប្រវេសន៍ ​មក​ពី​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ផ្សេង​ទៀត ​ដែល​ធ្វើការ​និង​រស់នៅ​លើដី​អង់គ្លេស។ ចំណុច​នេះ ​គឺ​អង់គ្លេស​បាន​ទាមទារ​ថា​ អ្នក​ដែល​ទើបតែ​មក​ធ្វើការ ​និង​រស់នៅ​អង់គ្លេស ​ក្រោម​មិន​ទាន់​គ្រប់​៤ឆ្នាំ ​មិន​អាច​ទទួល​បាន​ជំនួយ​ថវិការ​នេះ​បាន​ទេ។ ហើយ​ចាប់​ពី​ឆ្នាំ ​២០២០​ទៅ ​ក្រុម​គ្រួសារ​ជនអន្តោប្រវេសន៍​អឺរ៉ុប​ណា ​ដែល​រស់នៅ​លើ​ដី​អង់គ្លេស ​ក៏​ប៉ុន្តែ​មាន​កូន​រស់នៅ​ប្រទេស​ផ្សេង​ក្រៅ​ពី​អង់គ្លេស ​ ​គឺ​រដ្ឋាភិបាល​អង់គ្លេស ​ នឹង​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​សង្គម​នេះ​ ផងដែរ។

បន្ទាប់​ពី​នេះ​ទៅ ​លោក ដេវីដ ខាមឺរុន​ បាន​សន្យា​ថា ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​អង់គ្លេស ​កុំឲ្យ​បោះឆ្នោត​ដក​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​អី។ សម្បទាន​របស់​អឺរ៉ុប​នាពេល​នេះ ​គឺ​ដើម្បី​បំពេញចិត្ត​លោក​ដេវីដ ខាមឺរុន ​ ដើម្បី​ឲ្យ​គាត់​យក​វា​ទៅ​ធានា​ប្រជាជន​អង់គ្លេស ​ថា​បើ​អង់គ្លេស​បន្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទៀត ​ក៏វា​មិន​ខាត​អី​ដែរ​ ព្រោះ​អង់គ្លេស​បាន​ទាមទារ​លក្ខខណ្ឌ​ច្រើន​ណាស់។

អង់គ្លេស៖ ​សមាជិក​អឺរ៉ុប​ពិសេស​ជាង​គេ ​រឺ​សមាជិក​អត្មានិយម​ជាងគេ?
លោក​ ដេវីដ ខាមឺរុន ​បាន​ប្រកាស​ក្រោយ​កិច្ច​ប្រជុំ​ថា ​អង់គ្លេស​ជា​សមាជិក​អឺរ៉ុប​មែន​ តែ​ជា​សមាជិក​ពិសេស​ជាង​គេ ​ព្រោះ​មាន​លក្ខខន្តិកៈ​ពិសេស​ដើម្បី​ការពារ ​មិន​ឲ្យ​ទៅ​ប្រឡាក់ប្រឡូស ​ជាមួយ​បញ្ហា​របស់​សហភាព​អឺរ៉ុប​ទេ។ បញ្ហា​ រឺ​ជំងឺ​របស់​អឺរ៉ុប​​ ដែល​លោក​ខាមឺរុន​សំដៅ​នោះ​ គឺ​បញ្ហា​ព្រំដែន ​សន្ធិសញ្ញា​ចរាចរណ៍​សេរី​ឆិនហ្គិន ​និង​ការ​ចាយ​លុយ​រួម ​គឺ​លុយ​អឺរ៉ូ​នេះ​ឯង។ តាំង​ពី​ដើម​មក ​អង់គ្លេស​ព្រម​ធ្វើ​សមាជិក​អឺរ៉ុប​ តែ​មិន​ព្រម​ចុះ​ហត្ថលេខា ​លើ​សន្ធិសញ្ញា​ឆិនហ្គិន ​ និង​មិន​ព្រម​ចាយ​លុយ​អឺរ៉ូ​ដូច​គេ​ទេ។​ ឥឡូវ​ពេល​នេះ ​អង់គ្លេស​ទទួល​បាន​សម្បទាន​ផ្សេង​បន្ថែម​ទៀត​ ពី​អឺរ៉ុប។

ចេញរឺ​មិនចេញ ​ប្រជាជន​អង់គ្លេស​ជា​អ្នក​សម្រេច​ចិត្ត៖
ប៉ុន្តែ ​អ្វីៗ​ស្ថិត​លើការ​សម្រេច​ចិត្ត​របស់​ប្រជាជន​អង់គ្លេស​ខ្លួនឯង។​ លោកដេវីដ​ខាមឺរុន ​គ្រាន់​តែ​បាន​សន្យា​ថា ​ពីនេះ​ទៅ ​គាត់​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ឃោសនា ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​បដិសេធ។ មាន​ន័យ​ថា ​បដិសេធ​មិន​ព្រម​ចេញ​ពី​សមាជិកភាព​របស់​មហាគ្រួសារ​អឺរ៉ុប។ បើ​តាម​ការ​គ្រោងទុក ​ ប្រជាមតិ​នេះ ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​ ២៣​ មិថុនា​ខាង​មុខ​នេះ​ហើយ។

យ៉ាងណាមិញ ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​ស្ថិតិ ​ធ្វើឡើង​ដោយ​ វិទ្យាស្ថាន ​TNS​គឺ​ថា​សម្លេង​ឆ្នោត​ព្រម​ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ មាន​ប្រហែល​ជា​៣៦% ​ឯ​សម្លេងឆ្នោត​មិន​ព្រម​ គឺ​មាន​៣៤% ​ពោលគឺ​លើស​ខ្វះគ្នា​តែ​២% ​ប៉ុណ្ណោះ។ ដូច្នេះ ​អ្វីៗ​នៅ​មិន​ប្រាដក​ទេ ។ សម្បទាន​ប៉ុននេះ​របស់​អឺរ៉ុប​ អាច​ប្រហែល​ជា​មិន​អាច​ធ្វើឲ្យ​ប្រជាជន​អង់គ្លេស​ស្កប់ស្កល់​ទេ។

ខ្លាចក្រែង​សមាជិក​ដទៃ​យក​គំរូ​តាម​អង់គ្លេស៖
អឺរ៉ុប​ធ្វើ​សម្បទាន​នា​ពេលនេះ ​ដើម្បី​កុំឲ្យ​បែកខ្ញែក​គ្នា។ ក៏​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​អឺរ៉ុប​ថ្នមចិត្ត​​អង់គ្លេស​ជ្រុល​ពេក​ទេ។ សម្បទាន​នៅ​ពេល​នេះ ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គោលការណ៍​​គ្រឹះ​របស់​មហា​គ្រួសារ​អឺរ៉ុប​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​បារម្ភ​ គឺ​ខ្លាច​ប្រទេស​ផ្សេង​ទៀត ​យក​គម្រូ​តាម​អង់គ្លេស ​មក​ទាមទារ​តាម​ចិត្ត​ដែរ។ ជាក់ស្តែង​ថ្នាក់​ដឹកនាំ​ដាណឺម៉ាក ​បាន​​ប្រកាស​ដែរ​ថា ​គំនិត​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​គ្រួសារ ​ដែល​ត្រូវ​ផ្តល់​ទៅឲ្យ​គ្រួសារ​ជន​អន្តោប្រវេសន៍​​មក​ពី​ប្រទេស​សមាជិក​អឺរ៉ុប​ វា​ជា​គំនិត​ល្អ​គួរ​យក​គម្រូ​តាម​ដែរ។ ថ្នាក់ដឹកនាំ​ប៉ូឡូញ ​និង​ប្រទេស​អឺរ៉ុប​ខាង​កើត​ផ្សេង​ទៀត ​ បាន​គម្រាម​ថា ​លក្ខខណ្ឌ​នេះ ​មិន​ត្រូវ​ពង្រីក​ទៅ​អនុវត្ត​តាម​ប្រទេស​ផ្សេងទៀត​ទេ។

ផែនទីបង្ហាញ​ពី​​ប្រទេស​សមាជិក​  នឹងដំណាក់កាលពង្រីក​សមាជិក​សហភាព​អឺរ៉ុប​
ផែនទីបង្ហាញ​ពី​​ប្រទេស​សមាជិក​ នឹងដំណាក់កាលពង្រីក​សមាជិក​សហភាព​អឺរ៉ុប​

សហភាព​អឺរ៉ុប៖ ​គ្រួសារ​ដែល​កូនចៅ​និយាយ​មិន​ស្តាប់​គ្នា
បើទោះ​បី​ជា​កិច្ច​ព្រមព្រៀង​ជាមួយ​អង់គ្លេស​នា​ពេល​នេះ ​ អាច​ផ្តល់​ក្តី​សង្ឃឹម​បន្តិច​ក៏​ដោយ ​សម្រាប់​វាសនា​មហា​គ្រួសារ​អឺរ៉ុប​ ក៏​ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់ ​អំពី​បញ្ហា​ស៊ីជំរៅ ​ជម្ងឺ​របស់​សហភាព​អឺរ៉ុប​ ដែល​កាន់តែ​បែកខ្ញែក​គ្នា។ ធម្មតា​ទេ ​កាលណា​មានការ​លំបាក​ ម្នាក់ៗ​ដំឡើង​សរសៃ​ក ​ចចេស​ចង់​យក​តែ​រួច​ខ្លួន។ ដូច​ក្នុង​ករណី​អង់គ្លេស​ពេល​នេះ ​ដែល​គម្រាម​ដើរ​ចេញ​ បើ​គេ​មិនព្រម​ធ្វើ​សម្បទាន​។ សុភាសិត​ខ្មែរថា​ ឆ្អិនក្បាល​ស៊ីក្បាល ​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​គឺ​មិន​ខុស​ទេ។ ពេល​មាន​ទុក​លំបាក​ ប្រលះ​យក​តែ​រួច​ខ្លួន ​គ្មាន​ការ​សាមគ្គី​ជាមួយ​សមាជិក​ដ៏ទៃ ​ជាក់ស្តែង​ទាក់ទិន​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​នេះឯង។

លោក​ប្រធានាធិបតី​បារាំង​វិញ​ បាន​ថ្លែង​ថា ​អឺរ៉ុប​មិនមែន​ជា​កន្លែង​អនាធិតេយ្យ ​អាច​ចូល​មក​យក​នេះ​យកនោះ​ តាម​តែ​ចិត្ត​នឹក​ឃើញ​ទេ។ បើ​ម្នាក់ៗ​ ចេះតែ​ទាមទារ​នេះ ​ទាមទារ​នោះ​តាមតែ​ចិត្ត​នឹក​ឃើញ ​គឺ​ថា​អឺរ៉ុប​ពិត​ជា​រលាយ​មិនខាន។ អឺរ៉ុប​នឹង​លែង​ជា​មហា​គ្រួសារ​តែមួយ​ហើយ ​គឺ​អឺរ៉ុប​នឹង​ក្លាយ​ជា​គ្រួសារ​ដែល​កូនចៅ​ឈ្លោះ​ប្រកែក​ច្រណែន​គ្នា ​ទៅវិញ​ទៅមក។

នៅ​មាន​បញ្ហា​ច្រើន​ណាស់ ​ដែល​អឺរ៉ុប​ ត្រូវ​ដោះស្រាយ​បន្ទាន់។ លោក​ ហ្សង់ក្លូដ ជុងហ្គើ ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ​ បាន​ថ្លែង​ថា ​អឺរ៉ុប​ហត់នឿយ​ណាស់ ​តែ​អឺរ៉ុប​ នឹង​តស៊ូ ​ដោះស្រាយ​បញ្ហា។ នៅខែ​មីនា​ខាង​មុខ​នេះ ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បញ្ហា​ជនភៀសខ្លួន ​និង​រៀបចំ​ឡើង​ រវាង​អឺរ៉ុប​ និង​តួកគី។​ ហើយ ​បន្ទាប់​មក​ទៀតនិង​មាន​ជំនួបកំពូល​ស្តី​ពី​វាសនា​អនាគត​ តំបន់​ចរាចរណ៍​សេរី​ឆិនហ្គិន ​ដែល​កំពុង​តែ​ចោទ​ជា​បញ្ហា​ដោយសារ​តែ​វិបត្តិ​ជន​ភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ