អានតួអត្ថបទ

របាយការណ៍​៖ ហ្វេសប៊ុក​ ស្តាប់​និង​ថតសំឡេង​សន្ទនាគ្នា​របស់​អ្នក​ប្រើប្រាស់​

ហ្វេសប៊ុក ដែលជាក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីមួយក្នុងលោក បានចំណាយប្រាក់ជួលបុគ្គលិកជាច្រើនសិបអ្នក ឲ្យស្តាប់ ព្រមទាំងថតបទសន្ទនាគ្នាខ្លីៗ របស់បណ្តាអ្នកប្រើប្រាស់មួយចំនួន។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិកកាលពីថ្ងៃអង្គារ ទី១៣ សីហា ម្សិលមិញ។ព័ត៌មានស្តីអំពីការស្តាប់ និងថតសំឡេងខាងលើនេះ លេចឮឡើងចំពេលដែលចំណាត់ការត្រួតពិនិត្យ លើការប្រមូលទិន្នន័យរបស់ហ្វេសប៊ុកមានការកើនឡើង ពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសនានាផងដែរ។

ស្លាកសញ្ញារបស់ក្រុមហ៊ុនFacebook  Amazon, Apple, Facebook and Googl។
ស្លាកសញ្ញារបស់ក្រុមហ៊ុនFacebook Amazon, Apple, Facebook and Googl។ REUTERS/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនហ្វេសប៊ុក កាលពីពេលថ្មីៗនេះ បានទទួលស្គាល់អំពី ការចូលទៅស្តាប់ និងថតយកសំឡេងឆ្លើយឆ្លងរបស់អ្នកប្រើប្រាស់ តាមរយៈកម្មវិធី Messenger។ តាមរយៈសេចក្តីថ្លែងការណ៍មួយច្បាប់ ផ្តល់ឲ្យ Bloomberg តំណាងក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក​ ឲ្យដឹងថា អ្វីៗដែលពួកគេធ្វើនេះ សុទ្ធតែទទួលបានការអនុញ្ញាត ពីអ្នកប្រើប្រាស់តែទាំងអស់។

បើយោងតាមការអះអាង របស់ក្រុមហ៊ុនបណ្តាញសង្គមដ៏ពេញនិយមរបស់អាមេរិកមួយនេះ សកម្មភាពតាមដានសង្កេត លើសំឡេងរបស់អ្នកប្រើប្រាស់ ត្រូវបានបញ្ឈប់តាំងពីសប្តាហ៍មុន ដូចគ្នាទៅនឹងចំណាត់ការរបស់ក្រុមហ៊ុន Apple និង Google​ ដែរ។

ទាក់ទងនឹងរឿងខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានទាក់ទងស្នើសុំការពន្យល់បកស្រាយលម្អិត ពីខាងក្រុមហ៊ុនហ្វេសប៊ុកដែរ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ផ្តល់ចម្លើយតបនោះទេ។

មួយវិញទៀត ក្រុមបុគ្គលិក ដែលធ្វើការឲ្យហ្វេសប៊ុក ក៏មិនបានដឹង អំពីមូលហេតុដែលក្រុមហ៊ុន ឲ្យពួកគេស្តាប់ និងថតសំឡេង ឬក៏សារនិយាយឆ្លើយឆ្លងគ្នារបស់អ្នកប្រើប្រាស់ដែរ។ តែទោះជាយ៉ាងណាក្តី បុគ្គលិកជាប់កិច្ចសន្យាជួលដោយក្រុមហ៊ុនហ្វេសប៊ុកទាំងនោះ និយាយថា ពួកគេមានការមានការញញើត និងបារម្ភ ក្នុងការស្តាប់កិច្ចសន្ទនាជាលក្ខណៈឯកជន របស់អ្នកប្រើប្រាស់ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ។  នេះបើតាមសារព័ត៌មាន Bloomberg។

គួរកត់សម្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា-អ៊ីនធឺណែត ជាច្រើនបានចូលទៅស្តាប់ការសន្ទនារបស់អតិថិជនរបស់ពួកគេ។ ហើយបើតាមការបកស្រាយនៅគ្រាមុនៗ របស់ក្រុមហ៊ុនធំៗរបស់អាមេរិក ដូចជា Amazon, Apple និង Google ការណ៍ ដែលពួកគេស្តាប់ការនិយាយគ្នារបស់អតិថិជន ក៏ព្រោះតែពួកគេ ចង់បង្កើនគុណភាពផលិតផលរបស់ខ្លួន ពាក់ព័ន្ធនឹងសេវា ជំនួយការសំឡេង ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

គួររំឭកជូនដែរថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនហ្វេសប៊ុក ត្រូវទទួលការផាកពិន័យចំនួន៥ ពាន់លានដុល្លារ ពីសំណាក់គណៈកម្មាការពាណិជ្ជកម្មសហព័ន្ធអាមេរិក។ ជាការពិន័យ ដែលក្រុមហ៊ុន ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីជួយឲ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មចំគោលដៅប្រសើរជាងមុន ឬក៏ធ្វើឲ្យទំព័រពាណិជ្ជកម្មកាន់តែមានភាពទាក់ទាញទ្វេឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ