អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ការជំនុំជម្រះ​លើ​សំណុំរឿង​ដក​តំណែង​លោកត្រាំ នឹង​ចាប់​បើក​នៅ​២១មករា

រដ្ឋសភា​អាមេរិក​បាន​បញ្ជូន ជា​ផ្លូវការ ​​បទ​ចោទ​ប្រកាន់​លើរូប​លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅដល់​ព្រឹទ្ធសភា​ហើយ​នៅ​ថ្ងៃ​ពុធ​ទី ១៥​មករា​នេះ។ ការ​ជំនុំ​ជម្រះ​លើ​ការ​ដក​តំណែងប្រធានាធិបតី​ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ នេះ​ជា​លើក​ទីបី​ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​ប្រធានាធិបតី​ត្រូវ​ប្រឈម​នឹង​ករណី​បទចោទប្រកាន់​​ដក​តំណែង។

បទ​ចោទ​ប្រកាន់​ចង់​ដក​តំណែង​ប្រធានាធិបតី​បាន​ទៅ​ដល់​ព្រឹទ្ធសភា
បទ​ចោទ​ប្រកាន់​ចង់​ដក​តំណែង​ប្រធានាធិបតី​បាន​ទៅ​ដល់​ព្រឹទ្ធសភា BRENDAN SMIALOWSKI / AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានព្រឹទ្ធសភា​​អាមេរិក ដែល​ជា​អ្នក​សាធារណរដ្ឋ​ នឹង​ទទួល​ស្វាគមន៍​ភាគី​រដ្ឋ​អាជ្ញា​តំណាង​ដោយ​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​៧​រូប ដើម្បី​បង្ហាញ​បទ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​អង្គ​ព្រឹទ្ធសភា។ ចំណែក​ប្រមុខ​តុលាការ​កំពូល​ដែល​​ទទួល​បន្ទុក ​ជំនុំ​ជម្រះ​សំណុំ​រឿង​​ដកតំណែង​ប្រធានាធិបតី នឹង​ត្រូវ​​រៀប​ចំ​ពិធី​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​ស្បថថា​ ​មិន​លម្អៀង។

ដំណើរការ​ជំនុំជម្រះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃអង្គារ​ទី ២១​មករា២០២០។ ក្នុង​អំឡុងពេលនោះ សមាជិក​ព្រឹទ្ធសភា​ត្រូវ​ស្តាប់​អង្គ​ជំនុំ​ជម្រះ ដោយ​មិន​អាច​ចាកចេញ​ពី​បន្ទប់ និង​ត្រូវ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់។ បើ​​មាន​សំណួរ សមាជិក​ព្រឹទ្ធសភា​រូប​នោះ​អាចសួរ​ តាមរយៈ​សំណេរ​​ជា​លាយលក្ខណ៍អក្សរ​ ដែល​បន្ទាប់​មក​ ប្រធាន​ព្រឹទ្ធសភា​នឹង​អាន​ឮ​ៗ​ទៅ​អង្គ​ជំនុំជម្រះ។​​

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី ១៨ ធ្នូ សភា​អាមេរិក​​បាន​បោះឆ្នោត​អនុម័ត បទ​ចោទ​ប្រកាន់​ដើម្បី​ដក​តំណែង​​លោកប្រធានាធិបតី​អាមេរិក។ លោក ដូណល់ ត្រាំ រង​បទ​ចោទ​ប្រកាន់​ពីរ​ករណី ៖ ទី​មួយ គឺ​ បទ​រំលោភ​អំណាច​ ​ក្នុងនាមជាប្រធានាធិបតី ដោយលោកបានដាក់សម្ពាលើ​​អ៊ុយក្រែន ឱ្យស៊ើបលោកចូ បៃឌិន នៃ​បក្សប្រជាធិបតេយ្យ ដែលអាចនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់លោក ក្នុងការបោះឆ្នោតនាឆ្នាំ ២០២០ និង​បទរារាំងដល់ដំណើរការស៊ើបអង្កេតរបស់សភា ដោយលោកបានបដិសេធមិនសហការជាមួយសភា និងហាមមិនឲ្យជំនួយការសំខាន់ៗ របស់លោកចូលខ្លួនបកស្រាយ ឬនិយាយអ្វីជុំវិញសំណុំរឿងនេះ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​លោក​ដូណាល់ត្រាំ ដំណើរការ​ជំនុំ​ជម្រះ​នេះ​​​អាច​ប្រើ​ពេល​ មិន​លើស​ពី​ពីរ​សប្តាហ៍ទេ ដើម្បី​ទុក​ឱកាស​ឱ្យ​លោក​ដូណាល់ ត្រាំ ផ្តុំ​កម្លាំង​តែ​លើការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​។ នេះ​ជា​លើក​ទី​បី​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​​អាមេរិក​ដែល​ប្រធានាធិបតី​រង​បទ​ចោទ​ប្រកាន់​​ដក​តំណែង​ដូច្នេះ។ ប៉ុន្តែ​លើក​នេះក៏ ​ដូច​លើក​មុន ដំណើរការ​ទម្លាក់​លោក​ត្រាំ ទំនង​មិន​អាច​សម្រេចទៅ​កើត​ទេ ព្រោះ​ព្រឹទ្ធសភា​​មាន​សមាជិកភាគ​ច្រើន​ជាអ្នក​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ