អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អន្តោប្រវេសន៍

កូវីដ១៩- លោក ត្រាំ ផ្អាកជាបណ្តោះអាសន្ន ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេស

អន្តោប្រវេសន៍​ មិន​អាច​ផ្តាច់​បាន​ពី​កម្មវិធីនយោបាយ​របស់​លោក​ត្រាំ​បាន​ទេ។ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់ការងារ​ធ្វើ​របស់​​ប្រជាពលរដ្ឋអាមេរិក ដែលបង្ក​ឡើង​ដោយ​វិបត្តិកូវីដ១៩ ប្រធានាធិបតី​អាមេរិក លោក​ ​​​ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ២១​មេសា​ម្សិលមិញ  ផ្អាកទទួល​​អន្តោប្រវេសន៍​ស្របច្បាប់ មួយ​រយៈ​សិន។ សហរដ្ឋ​អាមេរិក​នឹង​ព្យួរ​ការ​ផ្តល់​បណ្ណស្នាក់​នៅ​អចិន្ត្រៃយ៍ ឬ​ហៅខ្លី​ថា កាត​បៃតង​ Green Cards រយៈ​ពេលយ៉ាង​ហោច៦០ថ្ងៃ។

ព្រំដែន​អាមេរិក​និងម៉ិចស៊ិក ថ្ងៃទី ២១ មេសា ២០២០
ព្រំដែន​អាមេរិក​និងម៉ិចស៊ិក ថ្ងៃទី ២១ មេសា ២០២០ REUTERS/Mike Blake
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់ថា នៅ​ថ្ងៃពុធ​ទី ២២មេសា​នេះ លោកនឹង​ចុះហត្ថលេខា​លើ​ក្រិត្យ​ប្រធានាធិបតី​ ​​ព្យួរ​ការផ្តល់បណ្ណ​ស្នាក់​នៅ​​អចិន្ត្រៃយ៍ ដល់​ជន​អន្តោប្រវេសន៍​ស្របច្បាប់រស់​នៅ​​លើ​ទឹកដីអាមេរិក រយៈ​ពេល៦០​ថ្ងៃ យ៉ាង​តិច។ រយៈពេល​ព្យួរ​​អាច​នឹង​ត្រូវ​ពន្យារ​ប្រសិន​បើ​សេដ្ឋកិច្ច​ជាតិ​មិន​ប្រសើរ។ ប៉ុន្តែ​សេចក្តីសម្រេច​នេះមិនពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ទិដ្ឋាការ​ការងារបណ្តោះអាសន្ន​ទេ។ តាំង​ពី​ផ្ទុះ​វិបត្តិកូវីដ១៩​មក និង​ក្នុង​រយៈ​ពេល​បិទ​ខ្ទប់​ប្រទេសតែ​មួយ​ខែ មានពលរដ្ឋ​អាមេរិក​ជាង​២២លាននាក់បន្ថែម បាន​ក្លាយ​ជា​ជន​អត់ការងារ​ធ្វើ។ ដូច្នេះ ដោយ​ឈរ​លើ​ទស្សនៈ​​ជួយ​ពលរដ្ឋ​អាមេរិក​ឱ្យ​មានការងា​រ​ធ្វើ​ឡើង​វិញ​មុន​គេ នៅ​ពេលបើក​ប្រទេសវិញ អាមេរិក​ត្រូវ​​​ផ្អាក​ទទួល​អន្តោប្រវេសន៍​មួយ​រយៈ​សិន។ ទុក​ឱ្យ​ពលរដ្ឋ​អាមេរិក​បាត់បង់ការងារ ហើយ​ទៅប្រើ​កម្លាំង​អន្តោប្រវេសន៍​មក​ពី​​បរទេស ជាកំហុស​និង​ជា​ទង្វើ​ដ៏​អយុត្តិធម៌។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ដូណាល់ ត្រាំ។

បើ​តាម​តួលេខ​ជា​ផ្លូវការ សហរដ្ឋ​អាមេរិក​បានផ្តល់​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស​ចំនួន ៥៧ម៉ឺន​៧ពាន់​នាក់ ទល់​នឹង​ការ​ផ្តល់​ទិដ្ឋាការ​ការងារបណ្តោះ​អាសន្ន​ចំនួន ៤៧​ម៉ឺន​២ពាន់​នាក់ នៅ​ឆ្នាំ ​២០១៩។ ជាការ​ប្រៀប​ធៀប​ នៅ​​ឆ្នាំ​២០១៦ អាមេរិក​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​ដល់​ទៅ​៦១ម៉ឺន​៧ពាន់​នាក់។

អ្នក​វិភាគ និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជា​បក្ស​ប្រឆាំង​បាន​នាំគ្នា​បរិហារ​សេចក្តី​សម្រេច​របស់​លោកដូណាល់ ត្រាំនេះ យ៉ាង​ខ្លាំង​ថា គ្រាន់​តែ​ជា​ការ​បង្វៀង​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​​​ ដើម្បី​ចំណេញ​នយោបាយ​ នៅ​ចំពោះមុខ​​បរាជ័យ​នៃ​ចំណាត់ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​របស់​កូវីដ​១៩តែប៉ុណ្ណោះ។ ការចេញ​ក្រិត្យ​អាច​នឹង​នាំ​លោក​ប្រធានាធិបតី​ទៅ​ប្រឈម​នឹង​តុលាការ។ នេះ​ការ​ព្រមាន​របស់​បក្សប្រឆាំង​។

នៅ​៦​ខែ​ទៀត​ សហរដ្ឋ​អាមេរិក​ត្រូវ​រៀប​ចំ​ការបោះឆ្នោត​ប្រធានាធិបតី​ជាថ្មី។ លោក​ ដូណាល់ ត្រាំ ប្រកាស​ឈរឈ្មោះ​ជា​ថ្មី ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិទីពីរ និងរក្សា​ការ​​​​កំរិតចំនួន​​អន្តោប្រវេសន៍​ជា​អាទិភាព​មួយ​របស់​លោក​ជានិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ