អានតួអត្ថបទ

Washington Post ៖ អាមេរិក ប្រុង​បាញ់​សាកល្បងអាវុធ​​នុយក្លេអ៊ែរ ដើម្បីព្រមាន​​ ចិន និងរុស្ស៊ី

អាមេរិក គិត​ប្រុង​បាញ់​សាកល្បងអាវុធ​​នុយក្លេអ៊ែរ ដើម្បីព្រមាន​​គំរាម​ ចិន និងរុស្ស៊ី។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន Washington Post នៅ​ថ្ងៃ​សុក្រ  ដែលបញ្ជាក់ទៀត​ថា នេះ​​ជាការ​សាកល្បង​បាញ់​អាវុធ​​ប្រល័យ​លោក ជាលើក​ទី១ ក្នុងរយៈ​កាល​ ជិត​៣០​ឆ្នាំ​ចុងក្រោយនេះ។ ដំណឹងនេះ គឺធ្លាក់មក បន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្នុងសប្តាហ៍នេះ ដកខ្លួនសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ Open Skies។

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្នុងសប្តាហ៍នេះ ដកខ្លួនសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ Open Skies។
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្នុងសប្តាហ៍នេះ ដកខ្លួនសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ Open Skies។ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក បាន​គិត​ពិចារណា​​ពី​លទ្ធភាព​នៃការ​​សាកល្បង​នុយក្លេអ៊ែរ នៅ​ក្នុង​ពេល​ឆាប់ៗ​​ដ៏ខ្លី​ខាងមុខ​នេះ។ កាសែត​ Washington Post ផ្សាយដំណឹង​យ៉ាងដូច្នេះ ​ដោយ​សំអាង​ទៅ​លើ​ប្រភពមនុស្ស​​បី​នាក់ ស្នើមិន​បញ្ចេញឈ្មោះ។ ពួកគេជា​មន្ត្រី​​និងអ្នក​ជំនាញការ​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។ អត្ថបទ​​ចុះផ្សាយ​របស់​សារព័ត៌មាន​នេះ បាន​ឱ្យដឹងថា​ សហរដ្ឋ​អាមេរិក​ ​​យល់ឃើញថា រុស្ស៊ី និង ចិន សុទ្ធតែ​បាន​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក ខណៈដែល​ក្រុង ម៉ូស្កូ និង ប៉េកាំង សុទ្ធតែ​ច្រាលទាត់​​ចោល​ ហើយ​ក្រុង វ៉ាស៊ីនតោន ខ្លួន​ឯង​ ក៏​មិនបាន​​បង្ហាញ​ភស្តុតាង​នៃការ​ចោទប្រកាន់​នោះ​ដែរ​។​

ក្នុងការ​ផ្សាយ​នៃកាសែត​ដដែល, មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទម្លាយ​ឱ្យដឹងថា មានកិច្ចប្រជុំ​ពិភាក្សាគ្នា​ពីការចង់​​បាញ់​សាកល្បង​នុយក្លេអ៊ែរ ដោយ​ចាត់ទុកថា មធ្យោបាយ​​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ​ដើម្បី​ឱ្យ ចិន និង រុស្ស៊ី​ មក​ចូល​តុ​ចរចា​គ្នា​ ជុំវិញ​បញ្ហា​អាវុធ​បរមាណូប្រល័យ​លោក​។​

ចំពោះ​អ្នកវិភាគ​ស្ថានការណ៍​អន្តរជាតិ និង​អ្នក​ស្រឡាញ់​សន្តិភាព ការ​ពិចារណា​របស់​រដ្ឋបាល​ ដូណាល់ ត្រាំ បែបនោះ គឺ​នាំមកនូវ​ហានិភ័យ​។ លោកស្រី Beatrice Fihn តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​ ដែល​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​គ្រាប់​បែក​នុយក្លេអ៊ែរ និងដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៧​ផង បាន​ក្រើន​រម្លឹក​ថា ការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​អាមេរិកាំង នឹង​អាច​នាំឱ្យ​ពិភពលោក​ទាំងមូល​ធ្លាក់​ទៅក្នុង​សង្គ្រាម​ត្រជាក់​ថ្មីមួយទៀត ហើយ​និង​នាំ​ទៅរក​ការ​ប្រកួតប្រណាំងប្រជែង​សព្វាវុធ​ ថ្មី ​និងដ៏​គ្រោះថ្នាក់ ជាទី​បំផុត។

​ជាការ​សម្គាល់ ក្នុង​អាណត្តិដឹកនាំ​ប្រធានាធិបតីរូបនេះ លោក ដូណាល់​ ត្រាំ​ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ ធំៗជាច្រើន ទាក់ទង​អាវុធនិងសន្តិសុខ តួយ៉ាង ឆ្នាំ២០១៨ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែរអ៊ីរ៉ង់ ហើយ​ឆ្នាំ​២០១៩ ដកខ្លួន​ពីកិច្ចព្រមព្រៀង​មីស៊ីល​រយៈចម្ងាយ​មធ្យម​។ ឆ្នាំ​២០២០ ក្នុង​សប្តាហ៍​​នេះតែម្តង​ គឺលោក​ប្រកាសដើរចេញពីកិច្ចព្រមព្រៀង Open Skies ដែល​មាន​រុស្ស៊ី និង​ ប្រទេស​ជាង​៣០ផ្សេងទៀត ភាគច្រើន​ជា​រដ្ឋសមាជិក​របស់​អង្គការ​អូរតង់​។ គេ​បាន​ដឹង​ថា ការ​ដកខ្លួន​របស់សហរដ្ឋអាមេរិក​ គឺ​​ លោក ត្រាំ ចង់ចរចា​រើសើកិច្ចព្រមព្រៀង​ថ្មី ស្តីពីការ​គ្រប់​គ្រង​អាវុធ​នុយក្លែអ៊ែរ ដោយ​មាន ភាគី ចិន​ ចូលរួម​ផង​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ