អានតួអត្ថបទ

តុលាការ​អ៊ីរ៉ង់​កាត់ទោស អ្នកស្រាវជ្រាវ​បារាំង ដើមកំណើតអ៊ីរ៉ង់ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ

អ្នកស្រាវជ្រាវ​បារាំង ដើមកំណើត​អ៊ីរ៉ង់ ម្នាក់ ត្រូវ​តុលាការ​អ៊ីរ៉ង់​សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ គប់គិត ក្នុង​បំណង បៀតបៀន សន្តិសុខជាតិ​អ៊ីរ៉ង់។ នេះ​បើតាម​ការអះអាង​របស់​មេធាវី របស់​អ្នកស្រាវជ្រាវ​បារាំង លោកស្រី ហ្វារីបា អាឌែលកា Fariba Adelkhah។ កំពុង​ជាប់ឃុំ ជិត​មួយឆ្នាំ នៅ​ទឹកដីអ៊ីរ៉ង់ ជាអ្នកជំនាញ​ខាង​សាសនា​ស្ហ៊ីអ៊ីដ លោកស្រី ហ្វារីបា អាឌែលកា នៅតែ​អះអាង ថា លោកស្រីស្អាតស្អំ មិនបាន​ធ្វើ​ដូចការចោទប្រកាន់​របស់​អាជ្ញាធរ​អ៊ីរ៉ង់​នោះទេ។ 

លោកស្រីFariba Adelkhah ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំ​ខ្លួនតាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ ទើប​ត្រូវ​តុលាការ​បដិវត្តន៍អ៊ីរ៉ង់​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ។
លោកស្រីFariba Adelkhah ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំ​ខ្លួនតាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ ទើប​ត្រូវ​តុលាការ​បដិវត្តន៍អ៊ីរ៉ង់​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ។ © RFI
ផ្សាយពាណិជ្ជកម្ម

មេធាវី​របស់​លោកស្រី ហ្វារីបា អាឌែលកា​បាន​និយាយ​នៅថ្ងៃ​សៅរ៍នេះ​ថា តុលាការ​បដិវត្ត​អ៊ីរ៉ង់ ទើប​បាន​សម្រេច​កាត់ទោស អ្នកស្រាវជ្រាវ​បារាំង លោកស្រី អាឌែលកា ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុង​បទ​ចោទ​ប្រកាន់ គប់គិត ដើម្បី បៀតបៀន​សន្តិសុខជាតិ​អ៊ីរ៉ង់ និង​១ឆ្នាំ​ទៀត សម្រាប់​ឃោសនា​ប្រឆាំង​ប្រព័ន្ធ​នយោបាយ​របស់​សាធារណរដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ តាម​មេធាវី លោកស្រី អាឌែលកា​នឹង​អនុវត្តទោស ដែល​មានរយៈ​វែង​ប៉ុណ្ណោះ គឺ​ទោសជាប់ពន្ធនាគារ​៥ឆ្នាំ។ តាម​មេធាវី លោកស្រី ត្រូវ​ចោទប្រកាន់​ថា ឃោសនា ប្រឆាំង​នយោបាយ​អ៊ីរ៉ង់ ព្រោះ​លោកស្រី​បាននិយាយ​រិះគន់​ការពាក់ទទូរ​ក្រណាត់​របស់​ស្រ្តី នៅ​អ៊ីរ៉ង់។

រដ្ឋាភិបាលបារាំង តាមរយៈ​ក្រសួងការបរទេស បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃសៅរ៍ ថ្កោលទោស​សាលក្រម​របស់​តុលាការ​អ៊ីរ៉ង់ ដែល​រដ្ឋាភិបាល​បារាំង​ចាត់ទុក​ថា មាន​លក្ខណៈ​នយោបាយ។ តាមក្រសួងការបរទេស​បារាំង គេ​បាន​កាត់ទោស លោកស្រី ហ្វារីបា ដោយ​គ្មាន ឈរ​លើ​មូលដ្ឋាន​រឹងមាំ។ ដូច្នេ ភាគី​បារាំង​ទាមទារ​ឲ្យ​អ៊ីរ៉ង់ ដោះលែង ជាបន្ទាន់ អ្នកស្រាវជ្រាវ​បារាំងអ៊ីរ៉ង់។

មានសញ្ជាតិ បារាំង ដើមដំណើត​អ៊ីរ៉ង់ លោកស្រី ហ្វារីបា អាឌែលកា​ជាអ្នកស្រាវជ្រាវ ជំនាញ​ខាង សាសនា​ស្ហីអ៊ីត សម្រាប់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​របស់​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយ​ក្រុងប៉ារីស។ លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅពេល​លោកស្រី អញ្ជើញ​ទៅ​ធ្វើការ​នៅទឹកដី​អ៊ីរ៉ង់ កាលពី​ខែ​មិថុនា​ឆ្នាំមុន។ លោកស្រី ត្រូវ​បាន​ចាប់ខ្លួន ជាមួយ អ្នកស្រាវជ្រាវ​បារាំង​ម្នាក់ទៀត គឺ​លោក Roland Marchal ក្នុង​បទចោទប្រកាន់ គប់គិត ក្នុងគំនិត​បៀតបៀន​សន្តិសុខជាតិ​អ៊ីរ៉ង់។

បន្ទាប់ពី​កូដកម្ម​អត់អាហារ រយៈពេល​៤១​ថ្ងៃ ​របស់​លោកស្រី ហ្វារីបា អាឌែលកា ក្រុមគាំទ្រ​លោកស្រី តាំងពី​ប៉ារីស បានទាមទារ​ឲ្យ​អ៊ីរ៉ង់ ដោះលែង លោកស្រី ជាបន្ទាន់ ព្រោះថា លោកស្រី អាច​ប្រឈម​នឹង​ការឆ្លងជំងឺ​កូវីដ នៅក្នុង​ពន្ធនាគារ​អ៊ីរ៉ង់។ មេធាវី​វិញ​និយាយ​ថា ដោយសារ​កូដកម្ម​អត់អាហារ ដើម្បី​ប្រឆាំង​នឹង​ការចាប់ឃុំខ្លួន លោកស្រី ដោយ​អយុត្តិធម៌ លោកស្រីអាឌែលកា កំពុង​មាន​បញ្ហា ជំងឺតម្រង់នោម ក្នុង​ពន្ធនាគារ​អ៊ីរ៉ង់។

នៅក្រោយ​ការតវ៉ា​របស់​ក្រសួងការបរទេស​បារាំង ដែល​ទាមទារ​ឲ្យ​អ៊ីរ៉ង់ ដោះលែង​អ្នកស្រាវជ្រាវ​បារាំង​ទាំង២រូប ក្រុង​តេហេរ៉ង់ នៅទីបំផុត បាន​ដោះលែង តែ​អ្នកស្រាវជ្រាវ​បារាំង ម្នាក់ប៉ុណ្ណោះ គឺ​លោក Roland Marchal កាលពី​ចុងខែ​មីនា​កន្លងទៅ។ នៅក្នុង​រឿង​ដោះលែង អ្នកស្រាវជ្រាវ​បារាំង អាជ្ញាធរ​អ៊ីរ៉ង់​បាន​លើកឡើង​ពីការដោះដូរ​អ្នកទោស ជាតិ​អ៊ីរ៉ង់​ដែល​កំពុង​ជាប់ឃុំ​នៅបារាំង និង​ដែលកំពុង​ប្រឈម​នឹង​ការធ្វើបត្យាប័ន​ទៅអាមេរិក។

អ៊ីរ៉ង់ ដែល​មិនទទួល​សញ្ជាតិ​ពីរ នៅ​បន្ត​ឃុំ​ខ្លួន លោកស្រី ហ្វារីបា អាឌែលកា មុន​នឹង​សម្រេច​កាត់ទោស ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ នៅពេលនេះ។

សូមបញ្ជាក់ថា ចាប់តាំង​ពី​មាន​បញ្ហា​ជាមួយ អាមេរិក ដែល​ដកខ្លួន ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី លើអ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៨ អ៊ីរ៉ង់​បាន​បង្កើន​ការចាប់ឃាត់ខ្លួន​ជនបរទេស ជាពិសេស ជនជាតិ​អ៊ីរ៉ង់ ដែល​មាន​សញ្ជាតិពីរ។ ពួកគេ​ទាំងនោះ ភាគច្រើន ​ត្រូវ​ចោទប្រកាន់​ពី បទ​លួច​យកការណ៍​សម្ងាត់​អ៊ីរ៉ង់។ នៅប៉ុន្មានខែ​នេះ គេឧស្សាហ៍ឃើញ​អ៊ីរ៉ង់ ដោះលែង​អ្នកទោស ជា​ការដោះដូរ​នឹង​ជនជាតិ​របស់ខ្លួន​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅបរទេស ឬ​ដែល​កំពុង​ប្រឈមនឹង​ការចាប់បញ្ជូន ធ្វើបត្យាប័ន​ទៅអាមេរិក ដែល​ជាសត្រូវ​របស់អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ