អានតួអត្ថបទ
សេដ្ឋកិច្ចអាមេរិក-កូវីដ១៩

កូវីដ១៩​៖ អាមេរិក​ ប្រកាស​ពី​ការ​ងើប​មក​វិញ​នូវ​ចំនួន​ការងារ​បង្កើត​ថ្មី​នៅ​ក្នុង​ខែ​ឧសភា​

នៅ​សហរដ្ឋអាមេរិក​ ពលរដ្ឋ​ប្រមាណ​ជា​ ២​ លាន​ ៥​ សែន​នាក់​ ទទួល​បាន​ការងារ​ធ្វើ​ឡើង​វិញ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​អត្រា​អត់​ការងារ​ធ្លាក់​ចុះ​មក​វិញ​។ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ ទី​៥ មិថុនា​ ថា​ ការ​ងើប​ឡើង​មក​វិញ​នូវ​ចំនួន​ការងារ​ គឺជា​សញ្ញា​មួយ​ប្រាប់​ដែរ​ថា​សេដ្ឋកិច្ច​អាមេរិក​កំពុង​ងើប​ចេញ​ពី​វិបត្តិ​កូវីដ១៩​។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិយាយអំពីការបង្កើតការងារថ្មី ទោះបីអាមេរិកនៅរងគ្រោះពីវិបត្តិកូវីដ នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិយាយអំពីការបង្កើតការងារថ្មី ទោះបីអាមេរិកនៅរងគ្រោះពីវិបត្តិកូវីដ នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ចំនួន​ការងារ​នៅ​អាមេរិក​ បាន​កើនឡើង​មកវិញ​ក្នុង​ចំនួន​ដ៏​ច្រើន​និង​គួរឲ្យ​ភ្ញាក់ផ្អើល​។ យោងតាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ការងារ​អាមេរិក ​ចំនួន​ការងារថ្មី​ដែល​កើន​ឡើង​មក​វិញ​ក្នុង​ចំនួន​ ២ លាន​ ៥ សែន​កន្លែង​ បាន​ធ្វើឲ្យ​អត្រា​គ្មានការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ចុះ​ដល់​ចំនួន​ ១៣,៣% ក្នុង​ខែ​ឧសភា​ ពី​ ១៤,៧% ក្នុងខែ​មេសា​។

របាយការណ៍​ខាងលើ​នេះ​ ខុសផ្ទុយ​ពី​ការព្យាករណ៍​របស់​ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ច​ដែល​ថាចំនួន​អ្នក​បាត់បង់​ការងារ​ធ្វើ​នៅសហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​ច្រើន​ជាង​ ៨ លាន​នាក់​ ហើយ​អត្រា​គ្មាន​ការងារ​នឹង​មាន​ចំនួន​ ២០ % ឬក៏​ខ្ពស់​ជាង​នេះ​។

លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ បាន​ចេញ​មុខ​អបអរ​សាទរ​ភ្លាមៗ​ ចំពោះ​ទិន្នន័យ​របស់​នាយកដ្ឋាន​ការងារ​អាមេរិក​និងថា​សមិទ្ធផល​ដ៏ធំ​មួយ​នេះ សរ​បង្ហាញ​ឲ្យឃើញពី​ប្រសិទ្ធភាព​នៃ​វិធានការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។ គឺការ​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​រឹងមាំ​នេះ​ហើយ​ ដែល​គេដឹងថា​ លោក​ដូណាល់ ត្រាំ​ ចាប់​យក​ដើម្បី​ឃោសនា​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិក​ឲ្យ​បោះឆ្នោត​គាំទ្រ​លោក​សម្រាប់​អាណត្តិ​ទី២​។

“ថ្ងៃនេះ​ ទំនង​ជា​វេលា​ត្រឡប់​មកវិញ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​ ហើយ​ដំណើរ​ដ៏​ល្អ​នេះ​ នឹង​មិន​ឈប់​ត្រឹម​នេះ​នោះទេ​”។ នេះ​ គឺជា​ការ​លើកឡើង​របស់​លោក ដូណាល់​ ត្រាំ​ ប្រាប់ទៅ​កាន់​អ្នកសារព័រមាន​នៅ​ឯ​សេតវិមាន​ដោយ​បាន​បន្ថែម​ទៀតថា​ អាមេរិក​នឹង​ជា​សះស្បើយ​ពី​វិបត្តិ​សេដ្ឋកិច្ច​កុំឲ្យតែ​ពលរដ្ឋ​អាមេរិក​ជ្រើសរើស​ប្រមុខ​សេតវិមាន​ខុស​នៅក្នុង​ការ​បោះឆ្នោត​នាខែ​ដើម​វិច្ឆិកា​ ឆ្នាំ​ ២០២០ ខាង​មុខ​។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​វិភាគ​មួយចំនួន​ បាន​ព្រមាន​ថា​ នៅពេលនេះ​គឺ​វា​ឆាប់រហ័ស​ពេក​ហើយ​ក្នុងការ​មាន​ទំនុកចិត្ត​ អំពី​ការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​ ពីព្រោះ​ថា​ក្រុមហ៊ុន​សហគ្រាស​ អាច​នឹង​រក្សា​ការងារ​សម្រាប់​បុគ្គលិក​មិនបាន​នោះ​ទេ​ក្នុងពេល​ខាងមុខ​។

ក្រុម​អ្នក​វិភាគ​មាន​ការ​ព្រួយបារម្ភ​ ពី​អត្រា​កើន​មក​វិញ​នៃ​ចំនួន​អ្នក​អត់​ការងារ​ ដោយសារ​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​អាមេរិក​ ជុំវិញ​ការ​រើសអើង​ពូជសាសន៍​ បន្ទាប់ពី​បុរស​ស្បែក​ខ្មៅ​ឈ្មោះ ​ចច ហ្វឡយ (George Floyd) បាន​ស្លាប់​ពេល​ប៉ូលិស​អាមេរិក​ស្បែក​ស​ចាប់​ខ្លួន​ខ្ទប់​នឹង​ដី។​ ក្នុង​អំឡុង​បាតុកម្ម​នេះ​ គេ​ឃើញ​មាន​អំពើ​ហិង្សាជាច្រើន​បាន​កើតឡើង​ ហើយ​ក្នុង​នោះ​ដែរ​ គេឃើញ​ក្រុម​ជន​ឆ្លៀត​ឱកាស​ បាននាំ​គ្នា​វាយ​កម្ទេច​ និង​លួច​យក​របស់​របស់​សម្ភារៈ​ចេញ​ពី​ហាង​ទំនិញ​ជាច្រើន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ