អានតួអត្ថបទ

នៅអាមេរិក វិធានការ​បិទទីក្រុង​ដោយសារ​កូវីដ បំផ្លាញ ការងារ​ជាង ២០លាន​ក្នុងរយៈពេល​តែមួយខែ

កូវីដ ១៩​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​បាត់បង់​ការងារ ដ៏ច្រើន​សន្ធឹក​សន្ធាប់ ជាង​ពេលណាៗ​ទាំងអស់។ សេចក្តីប្រកាស​របស់​ក្រសួងការងារ អាមេរិក កាលពីថ្ងៃ​សុក្រម្សិលមិញ បានបង្ហាញថា ការងារ​ប្រមាណ ២០លាន ត្រូវ​បាន​បំផ្លាញ ក្នុង​រយៈពេល​តែ​មួយ​ខែ មេសា ដោយសារ​វិធានការ​បិទទីក្រុង បិទក្រុមហ៊ុន នៅក្នុង​កាលៈទេសៈ​កើតជំងឺរាតត្បាត កូវីដ ១៩។ អត្រាអ្នកអត់ការងារ​ធ្វើ​វិញ បាន​កើនឡើង ១៤,៧% គឺ​ច្រើនជាង​៣ដង បើប្រៀបធៀប​នឹង​ខែ​មីនា ដែលមាន​ត្រឹម៤,៤%​ប៉ុណ្ណោះ។ 

អ្នកបាត់បង់ការងារធ្វើ តម្រង់ជួរ​ដើម្បីចុះឈ្មោះ សុំប្រាក់ខែ​ពីរដ្ឋ នៅថ្ងៃទី ៦មេសា ២០២០
អ្នកបាត់បង់ការងារធ្វើ តម្រង់ជួរ​ដើម្បីចុះឈ្មោះ សុំប្រាក់ខែ​ពីរដ្ឋ នៅថ្ងៃទី ៦មេសា ២០២០ REUTERS - Nick Oxford
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​អាមេរិកមិនដែលបំផ្លាញ ការងារ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ក្នុង​រយៈពេល​ដ៏ខ្លី​បែប​នេះ ទេ ពីមុន​មក។ នៅ​ឆ្នាំ​២០០៩ វិបត្តិ​ហិរញ្ញវត្ថុ​សកល បាន​បំផ្លាញ ការងារ​ប្រមាណ ១០លាន ក្នុងរយៈពេល ២ឆ្នាំ។ ប៉ុន្តែ វិធានការបិទទីក្រុង ដោយសារ​វិបត្តិកូវីដ បាន​បំផ្លាញ​ការងារ ដល់ទៅ ២០លាន ក្នុងរយៈពេល​តែមួយខែ​មេសា។

ប្រតិកម្ម​ទៅនឹង​តួលេខ​របស់​ក្រសួងការងារ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែល​ចង់​ផ្តោត​លើ​សេដ្ឋកិច្ចរឹងមាំ​ក្នុងអាណត្តិ​ទី១ របស់លោក ទៅធ្វើ​ជា​គន្លឹះសំខាន់​សម្រាប់យុទ្ធនាការ​ឃោសនា​បោះឆ្នោត បាននិយាយ​បង្រួមបញ្ហា​ដោយថា តួលេខ​បាត់បង់ការងារ ជា​តួលេខ​ដែល​គេ​បាន​រំពឹងទុក​រួចហើយ។ លោក​បាន​សន្យា​ផងដែរថា នឹង​ស្តារ​យក​ការងារ​នេះ​មក​វិញ។

ជាការពិត ការបាត់បង់​ការងារ ចំនួន ២០លាន មានតិចជាង​ការព្យាករ​ទុកមុន​របស់​អ្នកវិភាគ​ដែល​ព្យាករ​ថា អាមេរិក​អាច​បាត់បង់​ការងារ ដល់ទៅ ២៨លាន ចំណែក អត្រាអ្នកគ្មាន​ការងារធ្វើ នៅ​ខែ​មេសា នឹង​អាចមាន ពី​១៦ទៅ ២០%។

តាម​ក្រសួងការងារ​អាមេរិក ចំនួន​អ្នកគ្មានការងារ​ធ្វើ បានហក់ កើនឡើង​ពី ១៥,៩លាន ទៅ ២៣​លាននាក់ នៅ​ខែ​មេសា។ នៅមុន វិបត្តិកូវីដ ចំនួន​អ្នកមក​ចុះឈ្មោះ គ្មានការងារធ្វើ មាន​ប្រមាណ ជាង ២សែន ក្នុងមួយសប្តាហ៍ ប៉ុន្តែ នៅប៉ុន្មាន​សប្តាហ៍នេះ មនុស្ស​ចុះឈ្មោះ គ្មានការងារ មាន​ចំនួនច្រើនជាង ១លាន រហូត ដល់ ៣លាននាក់ ក្នុង​មួយសប្តាហ៍។

ខែមេសា ឆ្លុះ​បញ្ចាំង​ពី​កម្រិតប៉ះពាល់​របស់​វិបត្តិ​កូវីដ ទៅលើ​សេដ្ឋកិច្ច​អាមេរិក។ ឆ្លើយតប​នឹង​វិបត្តិ ជំងឺរាតត្បាត កូវីដ មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខ១ បាន​បិទ​ទីក្រុង បិទក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រូវ​ឈប់គាំង ដ៏គំហុក។ គិតចាប់តាំង​ពី​មានវិធានការ​បិទទីក្រុង កាលពីពាក់កណ្តាល​ខែ​មីនា ការផ្អាកសកម្មភាព​សេដ្ឋកិច្ច សឹងទាំងស្រុង បាន​ធ្វើ​ឲ្យ​មនុស្ស ៣៣,៥លាន​នាក់ បាត់​ការងារធ្វើ។

តាម​ក្រសួងការងារ​អាមេរិក ការងារ​ក្នុង​គ្រប់វិស័យ រងប៉ះពាល់ ដោយសារ​វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះ។ ផ្នែក​ទេសចរណ៍​កំសាន្ត និង​សណ្ឋាគារ រងប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។ រដ្ឋបាលលោកដូណាល់ ត្រាំ និង​សភា ទើប​បាន​បញ្ចេញ​ថវិកា​ជាង ៦៦៩ ពាន់​លាន​ដុល្លារ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ធុនតូច និងមធ្យម​ខ្ចី យកទៅប្រើ​ដើម្បី​បើកប្រាក់ខែ​ឲ្យបុគ្គលិក។

នៅ​ចុងខែ​មេសា​កន្លងទៅ រដ្ឋាភិបាល​អាមេរិក​ទើប​សម្រេច​ ផ្តល់​ប្រាក់សំណង ដល់​អ្នកគ្មាន​ការងារ​ធ្វើ ប្រមាណ ២២,៦លាននាក់។ ជាចំនួន​ដ៏ច្រើន ព្រោះថា ចំនួនអ្នកដែល​បានទទួល​ប្រាក់សំណងនេះ មានប្រមាណ តែ ជាង ១លាននាក់​ប៉ុណ្ណោះ នៅមុន វិបត្តិរាតត្បាត​របស់​ជំងឺកូវីដ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ