អានតួអត្ថបទ
អាមេរិក-សារព័ត៌មាន

លោកដូណាល់ ត្រាំ​ចង់ឲ្យ​ Fox News បញ្ឈប់​ការងារ​អ្នក​កាសែត​ដែល​ថា​លោក​បាន​ប្រមាថ​ទាហាន​អាមេរិក

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​ទាមទារ​ឲ្យ​ Fox News​ បណ្តេញ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខជាតិ​ម្នាក់​របស់​ខ្លួន​ចេញពី​ការងារ​។ ការ​ទាមទារ​របស់​លោកត្រាំ​នេះ​ ធ្វើឡើង​ បន្ទាប់ពី​អ្នកសារព័ត៌មាន​របស់​ Fox News ​បាន​ធ្វើការ​គូសបញ្ជាក់​ថា​ លោកត្រាំ​ ពិតជា​បាន​និយាយ​មាក់ងាយ​ទៅលើ​ទាហាន​អាមេរិក​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លោក​មែន។

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាខាងក្រៅក្លឹបវាយកូនហ្គោលជាតិរបស់លោកដូណាល់ ត្រាំនៅ Sterling ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០២០។
ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាខាងក្រៅក្លឹបវាយកូនហ្គោលជាតិរបស់លោកដូណាល់ ត្រាំនៅ Sterling ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០២០។ REUTERS - YURI GRIPAS
ផ្សាយពាណិជ្ជកម្ម

នៅប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ កំពុង​រុំព័ទ្ធ​ទៅដោយ​ពាក្យ​ចោទប្រកាន់​ពី​បទប្រមាថ​ទាហាន​អាមេរិក​ដែល​ស្លាប់​ក្នុង​សង្រ្គាម​លោក​ បន្ទាប់ពី​ទស្សនាវដ្តី​ The Atlantic​ ​រាយការណ៍​ថា​លោក​បាន​សម្រេច​មិន​ទៅកាន់​ទីបញ្ចុះសព​ទាហាន​អាមេរិក​នៅ​ប្រទេសបារាំង​ក្នុង​ឱកាស​ប្រារព្ធខួប​ ១០០ឆ្នាំ​នៃ​ការបិទបញ្ចប់​សង្រ្គាមលោក​លើកទី១​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ព្រោះថា​វា​កន្លែង​ដាក់ពេញ​ដោយ​ពួកល្ងីល្ងើចោលម្សៀត។

លោក​ប្រធានាធិបតី​អាមេរិក​ បាន​ច្រានចោល​នូវ​ការចុះផ្សាយ​របស់​ទស្សនាវដ្តី​ The Atlantic និង​ពន្យល់​ថា​ ការណ៍​ដែល​លោក​ខកខាន​មិនបានទៅ​កាន់​ទីបញ្ចុះសព​គឺដោយ​សារកត្តាអាកាសធាតុ​មិនល្អ​។

យោងទៅតាម​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ប៉ុស្តិ៍ទូរទស្សន៍​ខ្សែកាប​ Fox News លោកស្រី​ Jennifer Griffin អតីត​មន្រ្តី​រដ្ឋបាល​អាមេរិកពីរ​រូប​ បាន​បញ្ជាក់ប្រាប់​លោកស្រីថា​ លោកដូណាល់ ត្រាំ​ ពិតណាស់​មិនចង់ទៅ​គោរពវិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​ដែល​ស្លាប់​ក្នុងសម័យ​សង្គ្រាម​ នៅឯទីបញ្ចុះសព​ Aisne-Marne ក្បែរ​ទីក្រុង​ប៉ារីសនោះទេ​។

អតីតមន្ត្រីម្នាក់​ បាន​ប្រាប់​លោកស្រី​បន្ថែមទៀតថា​ លោកដូណាល់ ត្រាំ​ បាន​ប្រើពាក្យ​ពួកជញ្ជក់ឈាម​ដើម្បី​បរិហារ​រិះគន់​ទាហាន​អាមេរិក​ដែល​ធ្វើ​សង្គ្រាម​ក្នុង​សម័យ​សង្គ្រាមវៀតណាម​ទៀតផង​។

ដោយការខឹងសម្បា​ លោកដូណាល់ ត្រាំ​ បាន​សរសេរ​នៅលើ​បណ្តាញសង្គម​ធ្វីតទ័រ​ នៅល្ងាច​ថ្ងៃសុក្រ​ទី ៤ កញ្ញា​ថា​ លោកស្រី​ Jennifer Griffin​ គួរតែ​ត្រូវបាន​គេ​បណ្តេញចេញ​ពីការងារ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​បែបនេះ​ និង​ដែល​ទាំង​មិនបាន​ទាក់ទង​សុំការ​ធ្វើអត្ថាធិប្បាយ​អ្វីទាំងអស់​ពីខាង​សេតវិមាន​។

រហូតមកទល់នឹងពេលនេះ​ គេនៅ​មិនទាន់​ឃើញ Fox News​ បញ្ចេញ​ប្រតិកម្មអ្វី​ពាក់ព័ន្ធ​នឹងការទាមទារ​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំនៅឡើយ​នោះទេ​។ យ៉ាងណាក៏ដោយ​ លោកស្រី​ Griffin បាន​អះអាងថា​ ប្រភព​របស់​លោកស្រី​ ពិតជា​គួរឲ្យ​ជឿទុកចិត្តបាន​ និង​ថា​លោកស្រី​ពិតជាមានអារម្មណ៍ជឿជាក់​ខ្លាំងណាស់​ទៅលើ​ព័ត៌មាន​ដែល​បាន​យក​ទៅចុះផ្សាយ​នៅលើ Fox News​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ