អានតួអត្ថបទ
ស៊ីរី_ទាហានអាមេរិក

អាមេរិក​បង្កើន​ការចល័តទ័ព នៅ​ភាគឦសាន​ស៊ីរី នៅក្រោយ ការប៉ះទង្គិចគ្នា​ជាមួយ​ទ័ពរុស្ស៊ី

កងទ័ពអាមេរិក​បាន​ប្រកាស​កាលពីថ្ងៃ​សុក្រម្សិលមិញ ថា​បានបញ្ជូន​រថក្រោះ និង​កងទ័ព​បន្ថែម ទៅ​កាន់តំបន់​ភាគឦសាន ស៊ីរី នៅជាប់ព្រំដែន​តួកគី ជាទី​ដែល​កងទ័ពអាមេរិក និង​រុស្ស៊ី បាន​ប៉ះទង្គិចគ្នា កាន់តែ​ញយដង។ តាម​បញ្ជាការដ្ឋាន​កណ្តាល​របស់​កងទ័ព អាមេរិក​ប្រចាំ​ដើមបូព៌ា អាមេរិក បង្កើនវត្តមានទ័ព នៅ​តំបន់​ភាគខាងជើង​ស៊ីរី ដើម្បី ការពារ​ក្រុមគួដឌីស្ថាន​ស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

រូបថតខែ​កញ្ញា​ឆ្នាំ ២០១៩ នៅពេល​ទាហាន​អាមេរិក​ចូលរួម​ជាមួយ​កងទ័ព​តួកគី​ដើម្បី​រក្សា​តំបន់​សុវត្ថិភាពនៅទឹកដី​ភាគខាងជើង ស៊ីរី ជាប់ព្រំដែន​ជាមួយតួកគី
រូបថតខែ​កញ្ញា​ឆ្នាំ ២០១៩ នៅពេល​ទាហាន​អាមេរិក​ចូលរួម​ជាមួយ​កងទ័ព​តួកគី​ដើម្បី​រក្សា​តំបន់​សុវត្ថិភាពនៅទឹកដី​ភាគខាងជើង ស៊ីរី ជាប់ព្រំដែន​ជាមួយតួកគី ASSOCIATED PRESS - Maya Alleruzzo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ បញ្ជាការដ្ឋានទ័ព​អាមេរិក​ប្រចាំ​តំបន់​ដើមបូព៌ា Centcom បានអះអាងថា ខ្លួន​បាន​បញ្ជូន រ៉ាដា​សម្រាប់​ចាប់សញ្ញា​យន្តហោះ បង្កើន​ការហោះ​ល្បាត​របស់​យន្តហោះចម្បាំង ហើយ​និង​ពង្រាយ​បន្ថែម​រថក្រោះ នៅ​តំបន់​ភាគ​ឦសាន​ស៊ីរី ដែល​កំពុងគ្រប់គ្រង​ដោយ​កងទ័ព​អាមេរិក និង​ទាហាន​គួដឌីស្ថាន សម្ព័ន្ធមិត្ត​របស់​អាមេរិក។

តាមអ្នកទទួលខុសត្រូវ​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ ​អាមេរិក​បាន​បញ្ជូនបន្ថែម​រថពាសដែក​ប្រយុទ្ធ​ឈ្មោះ Bradley និង​ទាហាន​តិច​ជាង​១០០​នាក់ ទៅកាន់​តំបន់​ភាគខាងជើង​ស៊ីរី។ រថពាសដែក Bradley ត្រូវបាន​អាមេរិក​ដកចេញពី​តំបន់​ភាគខាងជើង ស៊ីរី កាលពី​ខែ​តុលា​ឆ្នាំមុន ទៅតាម​ការសម្រេច​របស់​លោកដូណាល់ ត្រាំ ដែល​ចង់​ដក​កងទ័ព​អាមេរិក​ពី​ទឹកដី​ស៊ីរី។ កាលណោះ លោកដូណាល់ ត្រាំ បាន​យល់ព្រម ឲ្យ​គេទុកបន្ត រថពាសដែក Bradley ជាង​១០០គ្រឿង នៅស៊ីរី ដើម្បី​ចាំការពារ​អណ្តូងប្រេង​នៅ​ទឹកដី​ភាគខាងជើង​ស៊ីរី។

តាម​អ្នកនាំពាក្យ​របស់​បញ្ជាការដ្ឋានទ័ព​អាមេរិក លោក Bill Urban អាមេរិក​គ្មាន​បំណង​រករឿង​ឈ្លោះ ជាមួយ​ប្រទេស​ដទៃ​នៅ​ស៊ីរីនោះទេ។ វិធានការ​របស់​អាមេររិក​មាន​គោលដៅ សំខាន់ ការពារ​កងកម្លាំងទ័ព​របស់​សម្ព័ន្ធអន្តរជាតិ ដែល​កំពុង​មាន​វត្តមាន នៅតំបន់​ភាគខាងជើង ស៊ីរី។

អ្នកនាំពាក្យ​របស់​បញ្ជាការដ្ឋានទ័ព​អាមេរិក​មិន​បាន​និយាយ​ចំៗ​ឈ្មោះ​ប្រទេស​រុស្ស៊ី ប៉ុន្តែ អ្នកទទួល​ខុសត្រូវ​របស់​អាមេរិក​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​AFPថា យុទ្ធសាស្រ្ត​បង្កើន ការពង្រាយទ័ព​បន្ថែម នៅ​ស៊ីរី ជា​សញ្ញាសម្រាប់​ឲ្យ​រុស្ស៊ី​គោរព គោលការណ៍​មិនបង្កជម្លោះ និង​ឈប់ ប្រព្រឹត្ត​សកម្មភាព​ដែល​អាច​គ្រោះថ្នាក់ នៅក្នុង​តំបន់។

នៅ​ចុងខែ​សីហា​កន្លងទៅ កងទ័ព​អាមេរិក ៧រូប​បាន​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នាមួយ ជាមួយ​ក្រុមទាហាន​រុស្ស៊ី។ វីដេអូ ថត​ដោយ​ទាហាន​រុស្ស៊ីខ្លួនឯង និង​ដែល​ត្រូវ​បង្ហោះផ្សាយ​នៅលើ​បណ្តាញ​សង្គម​Twitter​ បាន​បង្ហាញ រថពាសដែក​និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី ព្យាយាម បន្ទុចបង្អាក់ បង្ខំ​ឲ្យ​រថយន្ត​របស់​កងទ័ព​អាមេរិក បើកចេញ​ពី​តំបន់​ជម្លោះ។

នៅ​តំបន់​ភាគខាងជើង​ស៊ីរី កងទ័ព​រុស្ស៊ី​ដែល​បាន​បង្កើន​ការយាមល្បាត នៅតាម​ព្រំដែន​ស៊ីរី តួកគី ទៅតាម​កិច្ចព្រមព្រៀង​ជាមួយ​អង់ការ៉ា ​ប៉ះទង្គិចគ្នា​កាន់តែញយ ជាមួយ កងទ័ព​អាមេរិក ដែល​បន្ត វត្តមាន​របស់ខ្លួន នៅ​ស៊ីរី ដើម្បី ជួយ ក្រុមគួដឌីស្ថាន​ស៊ីរី។ នៅ​ភាគខាងជើង​ស៊ីរី​ដដែល កងទ័ព​អាមេរិក​ក៏ត្រូវ​ប្រឈម​នឹង​ទាហានស៊ីឈ្នួល​រុស្ស៊ី ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​កាពារ អណ្តូងប្រេង នៅទឹកដី​ស៊ីរី។

កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅក្រោយ ការវាយប្រហារ​របស់​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ទៅលើ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់អាមេរិក សម្ព័ន្ធ​អន្តរជាតិ​នៅ​ស៊ីរី ដឹកនាំ​ដោយ​អាមេរិក​បាន​បើកការវាយប្រហារ​យ៉ាងចាស់ដៃ ដែល​បាន​សម្លាប់​ទាហានស៊ីឈ្នួល​រុស្ស៊ី ពី ១០០ ទៅ​២០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ