តើទណ្ឌកម្មអន្តរជាតិ ទៅលើអ៊ីរ៉ង់ ដែលអាមេរិកប្រកាសចូលជាធរមាន តែម្នាក់ឯងនឹងអាចកើតឡើង ដែរឬទេ?
ប្រតិកម្មរិះគន់ ប្រឆាំងអាមេរិកបានធ្លាក់ចុះបន្តបន្ទាប់ ពីអាមេរិករបស់លោកដូណាល់ ត្រាំ បានជំនះ ប្រកាសដាក់ឲ្យអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើអ៊ីរ៉ង់ ចាប់ពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ នៅថ្ងៃអាទិត្យនេះ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបរិហាចាត់ទុក ការប្រកាសជាឯកតោភាគីរបស់អាមេរិកថា គ្មានមូលដ្ឋានច្បាប់ ដែលគេត្រូវអនុវត្តធ្វើតាម។ អ៊ីរ៉ង់ដែលប្រឈមផ្ទាល់នឹងការដាក់សម្ពាធរបស់អាមេរិក បានអំពាវនាវឲ្យពិភពលោករួមគ្នា ដើម្បី ប្រឆាំង នឹងសកម្មភាពគ្មានការទទួលខុសត្រូវរបស់អាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
រុស្ស៊ី បារាំង អង់គ្លេស សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញមុខបដិសេធ មិនទទួលស្គាល់ ការដាក់ទណ្ឌកម្មអន្តរជាតិ លើអ៊ីរ៉ង់ ដែលអាមេរិកបានប្រកាសចូលជាធរមាន កាលពីថ្ងៃសៅរ៍ទី២០កញ្ញា។ ដើម្បីអាចពន្យារទណ្ឌកម្មសព្វាវុធអ៊ីរ៉ង់ ដែលត្រូវចប់សុពលភាពនៅខែតុលា អាមេរិកបានប្រកាសប្រើយន្តការ Snapback នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីថ្ងៃទី ២០សីហា។ ទៅតាមកិច្ចព្រមព្រៀង នៅ៣០ថ្ងៃក្រោយ ប្រើយន្តការ Snapback គេអាចត្រលប់ទៅអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់ សាជាថ្មី។ ថ្ងៃទីសៅរ៍ ទី ២០កញ្ញា ជាគម្រប់៣០ថ្ងៃក្រោយដែលអាមេរិកបានប្រើយន្តការ ដ៏ចម្រូងចម្រាស Snapback។
សម្រាប់ភាគីរុស្ស៊ី ការប្រកាសជាឯកតោភាគីរបស់អាមេរិក ដើម្បីអនុវត្តការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។ ចំណែក បារាំង អង់គ្លេស និងអាល្លឺម៉ង់អះអាងថា ការប្រកាសរបស់អាមេរិក នឹងគ្មានបានផលនោះទេ។
មានចំណុចសំខាន់ធំពីរ ដែលធ្វើឲ្យប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការប្រកាសជាអត្តនោម័តិរបស់អាមេរិក។
ទី១ គេយល់ថា ការប្រកាសដាក់ទណ្ឌកម្មអន្តរជាតិ សាជាថ្មី ណាមួយទៅលើអ៊ីរ៉ង់ ជាតួនាទីការសម្រេចចិត្តរួម ដែលចេញមកពីការបោះឆ្នោត របស់ប្រទេសសមាជិក អង្គការសហប្រជាជាតិ ប៉ុន្តែ មិនមែនអាមេរិកតែម្នាក់ឯងនោះទេ។ អាមេរិកអាចប្រកាសដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើអ៊ីរ៉ង់ ប៉ុន្តែ អាមេរិកមិនអាចអាងយ៉ាង ប្រកាសជាឯកតោភាគីឲ្យគេអនុវត្តការដាក់ទណ្ឌកម្មអន្តរជាតិ ទៅលើអ៊ីរ៉ង់ទៅតាមការចង់បានរបស់ខ្លួនតែម្នាក់នោះទេ។ សម្រាប់ក្រសួងការបរទេសរុស្ស៊ី សកម្មភាពរបស់អាមេរិក មានចេតនា បញ្ចុះបន្ថោក មិនឲ្យតម្លៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ទី២ គេវាយតម្លៃថា អាមេរិកគ្មានសិទ្ធិស្របច្បាប់ ដើម្បី ប្រកាសការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើអ៊ីរ៉ង់ទៅទៀត។ ត្រូវដឹងថា ដើម្បី ស្តារការដាក់ទណ្ឌកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ទៅលើអ៊ីរ៉ង់ អាមេរិកបានអះអាង ក្នុងនាមខ្លួនជាអ្នកបានចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីមានសិទ្ធិ ប្រើយន្តការ Snapback ក្នុងការដាក់ត្រលប់ទៅដាក់ទណ្ឌកម្មអន្តរជាតិ លើអ៊ីរ៉ង់ ក្នុងករណីដែលអ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀង។
ប៉ុន្តែ សម្រាប់ប្រទេសហត្ថលេខី នៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាមេរិកគ្មានសិទ្ធិស្របច្បាប់ ប្រើSnapback ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះទេ ព្រោះថា លោកដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។
មួយវិញទៀត គេមិនអាចត្រលប់ទៅដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ បានទេ ព្រោះ គេគ្មានភស្តុតាងណាដែលបង្ហាញថា អ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀង។ នៅក្នុងលិខិតផ្ញើទៅសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាហត្ថលេខី នៃ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានអះអាងថា គេមិនត្រឹមតែប្រឆាំងនឹងការដាក់ទណ្ឌកម្មអន្តរជាតិ ដែលអាមេរិកបានប្រកាសតែប៉ុណ្ណោះ ប៉ុន្តែ គេប្តេជ្ញា ដើម្បី ថែរក្សា កិច្ចព្រមព្រៀង ដែលជួយទប់ទល់កុំឲ្យអ៊ីរ៉ង់អាចមានសមត្ថភាព បំពាក់អាវុធនុយក្លេអ៊ែរ។ ក្នុងក្រសែភ្នែករបស់មហាអំណាចអឺរ៉ុប ការប្រកាសជាឯកតោភាគី របស់អាមេរិក ដើម្បី ឲ្យគេវិលត្រលប់ទៅដាក់ទណ្ឌកម្មអន្តរជាតិសាជាថ្មី លើអ៊ីរ៉ង់ នឹងមិនអាចកើតចេញទៅបានទេ នេះបើសិនគេនិយាយតាមផ្លូវច្បាប់។ ដោយសារតែគ្មានប្រទេសណាមួយ យល់ស្រប ចង់ត្រលប់ទៅដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ ការប្រកាសរបស់អាមេរិក តែម្នាក់ឯងយ៉ាងដូច្នេះ ប្រៀបបាននឹងការកេះកៃកាំភ្លើង ប៉ុន្តែ គ្មានគ្រាប់ បាញ់ចេញនោះទេ។
អ៊ីរ៉ង់ប្រកាសពីជ័យជំនះ នៅពេលឃើញ អាមេរិកធ្លាក់ខ្លួនឯកោ
នៅពេលអាមេរិក របស់លោកដូណាល់ ត្រាំ នៅឈរតែម្នាក់ឯង ប្រឆាំងទល់នឹងគេគ្រប់គ្នាយ៉ាងដូច្នេះ ផលប្រយោជន៍នឹងបានទៅខាងអ៊ីរ៉ង់។ រដ្ឋបាលលោកដូណាល់ ត្រាំ ដែលហេតុតែចង់ពន្យារការដាក់ទណ្ឌកម្មសព្វាវុធអ៊ីរ៉ង់ ដែលត្រូវអស់សុពលភាពនៅខែតុលា ខាងមុខ បានប្រើគ្រប់មធ្យោបាយ មិនថា ត្រូវប្រកាសដាក់ទណ្ឌកម្មអន្តរជាតិ តែម្នាក់ឯង ឬត្រូវប្រឈមនឹងការប្រឆាំងរិះគន់ពីសមាជិកដទៃទៀត រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន នៅអង្គការសហប្រជាជាតិ។
សម្រាប់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ការប្រកាសរបស់អាមេរិក ដើម្បី ដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ គឺជាការប្រកាស កុហកបោកប្រាស់ ព្រោះវាមិនអាចកើតចេញរូបរាងនោះទេ។
នៅពេលអាមេរិកឈរនៅតែម្នាក់ឯងដើម្បីដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ប្រមុខការបរទេសអ៊ីរ៉ង់ បានឆ្លៀតឱកាសនេះ អំពាវនាវឲ្យពិភពលោករួមគ្នា ដើម្បី ទប់ទល់នឹងនយោបាយ ប្រើកម្លាំងបាយ ដើរធ្វើបាបគេឯង របស់អាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ។
អាមេរិកនឹងប្រើគ្រប់មធ្យោបាយដើម្បី ចាប់ឲ្យគេអនុវត្តការដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ ដែលអាមេរិកគិតថា បានចូលជាធរមាន តាំងពីថ្ងៃសៅរ៍ទី២០កញ្ញា
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រកាសចូលជាធរមាន ទណ្ឌកម្មអន្តរជាតិទៅលើអ៊ីរ៉ង់ សាជាថ្មី កាលពីថ្ងៃសៅរ៍ ប្រមុខការបរទេសអាមេរិកបានព្រមានរួចហើយថា ប្រសិនបើប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ មិនព្រមអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ នោះអាមេរិកមានយន្តការ ផ្ទាល់ខ្លួនសម្រាប់ពិន័យ ប្រទេស ឬក្រុមហ៊ុនដែលរំលោភ មិនគោរពការដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់។ សម្រាប់អាមេរិក ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់មានតាំងពីទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មសព្វាវុធ ដែលអាមេរិកចង់ឲ្យមានសុពលភាព ជារៀងរហូត ដើម្បីទប់ស្កាត់កុំឲ្យអ៊ីរ៉ង់អាចមានសិទ្ធិទិញមីស៊ីល និងឧបករណ៍សម្រាប់កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ដែលគ្រោះថ្នាក់សម្រាប់ពិភពលោក។
រដ្ឋមន្រ្តីការបរទេស លោកMike Pompeo បានសន្យា ប្រកាស វិធានការរបស់អាមេរិកសម្រាប់ប្រឆាំងអ្នកដែលមិនគោរពទណ្ឌកម្មអន្តរជាតិ លើអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ។
គេវាយតម្លៃថា លោកដូណាល់ ត្រាំ ដែលអាចចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងប្រកាសឲ្យដឹងពីវិធានការដែលអាមេរិកដាក់ទៅលើអ្នកដែលរំលោភទណ្ឌកម្មអន្តរជាតិ ដែលអាមេរិកគិតតែម្នាក់ឯងថា បានចូលធរមាន និងដែលគេត្រូវគោរព ឲ្យខាងតែបាន។
រដ្ឋាភិបាលអាមេរិកមិនទាន់ប្រកាសជាផ្លូវការពីទណ្ឌកម្មដែលអាមេរិក អាចដាក់ទៅលើប្រទេស ឬក្រុមហ៊ុនដែលមិនគោរព ការដាក់ទណ្ឌកម្មសាជាថ្មីលើអ៊ីរ៉ង់ ប៉ុន្តែ នៅពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ កន្លងមក អាមេរិកធ្លាប់បានពិន័យមិនឲ្យ ប្រទេស ឬក្រុមហ៊ុនណាដែលធ្វើជំនួញ ជាមួយអ៊ីរ៉ង់ អាចចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុនៅទឹកដីអាមេរិក ឬក៏ត្រូវប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ ដែលមាននៅក្នុងធនាគារអាមេរិកជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ