អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

ទីភ្នាក់ងារ​AIEA៖ បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម ដែល​ចម្រើន​រួច របស់​អ៊ីរ៉ង់​បាន​កើនឡើង​១០ដង

នៅក្រោមសំពាធ​របស់​អាមេរិក និង​សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ អន្តរជាតិ AIEA អ៊ីរ៉ង់​នៅទីបំផុត​បាន​បើកទ្វារ អនុញ្ញាត​ឲ្យ​ក្រុមអធិការកិច្ច​របស់​AIEA បាន​ចូល​ទៅ​ត្រួតពិនិត្យ មជ្ឈមណ្ឌល​នុយក្លេអ៊េរ ​២កន្លែង ដែល​អ៊ីរ៉ង់ បដិសេធ អស់ជាច្រើនខែ។ នេះ​បើតាម​របាយការណ៍ ដែល​ស្ថាប័ន​ទទួលបន្ទុក​ត្រួតពិនិត្យ ថាមពល​នុយក្លេអ៊ែរ​របស់អង្គការ​សហប្រជាជាតិ បាន​ចុះផ្សាយ​កាលពីល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ។ នៅក្នុងរបាយការណ៍​ដាច់ដោយឡែក​មួយទៀត​របស់ខ្លួន ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ បាន​លើកឡើង​ដែរថា បរិមាណ ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រើនរួច របស់​អ៊ីរ៉ង់ ឥលូវនេះ​បាន​កើនឡើង​ដល់​២១០៥គីឡូក្រាម គឺ​ស្មើ​១០​ដង នៃ​បរិមាណ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។

ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាសាន់ រូហានី​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​នុយក្លេអ៊ែរ  Bushehr នៅឆ្នាំ ២១៥
ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាសាន់ រូហានី​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​នុយក្លេអ៊ែរ Bushehr នៅឆ្នាំ ២១៥ AP - Mohammad Berno
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍ ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​អះអាងថា អ៊ីរ៉ង់​បាន​អនុញ្ញាត​បើកផ្លូវ​ឲ្យ​មន្រ្តីរបស់​ទីភ្នាក់ងារ​AIEA អាច​ចូល​ទៅ​ត្រួតពិនិត្យ​ទីតាំង​២កន្លែង ដែល​គេ​សង្ស័យ​ថា អាច​ធ្លាប់​ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​លាក់ មិន​ ប្រកាស​ប្រាប់ ទីភ្នាក់ងារ​ថាមពល​AIEA។ តាម​របាយការណ៍​របស់​AIEA នៅក្រោយ​បើកភ្លើងខៀវ​របស់​អ៊ីរ៉ង់ កាលពី​ចុងខែ​សីហា ក្រុមអធិការកិច្ច​បាន​ចុះ ទៅ​ប្រមូល​យក​ស្លាកគំរូ នៅមជ្ឈមណ្ឌលទី១ ដើម្បី​សិក្សា ស្រាវជ្រាវ​រក​ដាន​សារធាតុ​វិទ្យុសកម្ម ក្នុង​ករណី​ដែល​ទីតាំង​ធ្លាប់ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ របស់​អ៊ីរ៉ង់ កាលពី​មុន​មក។ ការចុះ​ត្រួតពិនិត្យ​នៅទីតាំង​ទី ២ នឹង​ប្រព្រឹត្តទៅ ចុងខែ​កញ្ញានេះ ទៅតាម​ការយល់ព្រមព្រៀង ពីអ៊ីរ៉ង់។

សូមបញ្ជាក់ថា ទាំង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និង​អ៊ីស្រាអែល ជឿថា អ៊ីរ៉ង់​ធ្លាប់​លួចលាក់ មាន​កម្មវិធី ​ផលិត​អាវុធនុយក្លេអ៊ែរ ប៉ុន្តែ ក៏ត្រូវផ្អាកទៅវិញ នៅ​ឆ្នាំ ២០០៣។

យ៉ាងណាក៏ដោយ របាយការណ៍​របស់​ទីភ្នាក់ងារ ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​បាន​សង្កត់ធ្ងន់ដែរ​ថា គ្មាន​តម្រុយណាមួយ ដែល​បង្ហាញថា សកម្មភាព​នុយក្លេអ៊ែរ នៅមជ្ឈមណ្ឌល​ដែល​អ៊ីរ៉ង់ មិនបាន​ប្រកាស​ប្រាប់ បង្ក​ការគំរាមកំហែង​នោះទេ។

នៅពេល​អ៊ីរ៉ង់​យល់ព្រម​បើកចំហរ ​ឲ្យ​ក្រុមអធិការកិច្ច​របស់​AIEA អាច​ចូល​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដែល​គេ​សង្ស័យ ថា ធ្លាប់ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ អ៊ីរ៉ង់ ក៏មិន​បាន​លាក់បាំង បោះបង់​ចោល​ផែនការ​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ដើម្បី​ផ្គើនដាក់ អាមេរិក​ដែល​បាន​ដកខ្លួន ចេញពីកិច្ចព្រមព្រៀង និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៨។

នៅក្នុង​របាយការណ៍​ទី២​របស់ខ្លួន ចុះផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញដែរ ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​បាន​អះអាងថា គិត​មក​ត្រឹម​ចុងខែ សីហា អ៊ីរ៉ង់​មាន​បរិមាណ ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ចម្រើន​រួចហើយ ប្រមាណ ២១០៥គីឡូក្រាម ពោល​គឺ​ស្មើ​១០​ដង​នៃ​បរិមាណ​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​អ៊ីរ៉ង់ អាច​មាន​សិទ្ធិ​ស្តុក ទៅ​តាម​ការចែង​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ ខឹង​នឹងអាមេរិក​ដែល​ត្រលប់ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ខ្លួន​សាជាថ្មី អ៊ីរ៉ង់ធ្លាប់​បាន​ប្រកាស​ពី​ចេតនា ​កាត់បន្ថយ ការគោរព កិច្ចសន្យា​របស់ខ្លួន ដែល​មានចែង នៅក្នុង​កិច្ចព្រមព្រៀង ដោយ​បាន​ត្រលប់​ទៅ បង្កើន​បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​ដែលចម្រើន​រួច និង​បង្កើន​អត្រា​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​​ឲ្យ​កាន់តែ​ខ្ពស់ជាងមុន។ សមាគមគ្រប់គ្រងអាវុធ​អាមេរិក វាយតម្លៃថា ដើម្បី អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ អ៊ីរ៉ង់ អាចត្រូវការ​សារធាតុ​អ៊ុយរ៉ានីញ៉ូម ដែល​ចម្រើនរួចហើយ ក្នុង​អត្រា ៣,៦៧% ប្រមាណ ១០៥០គីឡូក្រាម។ បន្ទាប់មក​គេ​ត្រូវការ​បង្កើន​អត្រាចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់​ទៅ​៩០% ដើម្បី​អាចផលិត​បាន​អាវុធ​នុយក្លេអ៊ែរ។ សម្រាប់​អ្នកជំនាញ អ៊ីរ៉ង់ ត្រូវការ​ពេលវេលា​យូរឆ្នាំ ទម្រាំ អាច​មាន​សមត្ថភាព​ធ្វើដូច្នេះបាន។ អ៊ីរ៉ង់​វិញ​បានអះអាង​រហូតមកថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ ស៊ីវិល ប៉ុន្តែ គ្មានមហិច្ឆតា​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ប្រល័យលោកនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ