អានតួអត្ថបទ

បក្សប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​កំពុង​ប្រកៀកប្រកិតគ្នា ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា

ដូចការបោះឆ្នោត​ប្រធានាធិបតី គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រជែងគ្នា ខ្លាំងណាស់ដែរ សម្រាប់​ដណ្តើម​អាសនៈ នៅ​សភាអ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា ដែល​ដើរ​តួ​សំខាន់ ជាអ្នកអារកាត់សេចក្តី នៅក្នុង​ករណី​មាន​ជម្លោះ​បោះឆ្នោត។ 

ការបោះឆ្នោត​អាមេរិក​ត្រូវ​បានតាមដាន​ជាប់​នៅទីផ្សារ​ភាគហ៊ុន​អាស៊ី នៅថ្ងៃទី ៤​វិច្ឆិកា ២០២០
ការបោះឆ្នោត​អាមេរិក​ត្រូវ​បានតាមដាន​ជាប់​នៅទីផ្សារ​ភាគហ៊ុន​អាស៊ី នៅថ្ងៃទី ៤​វិច្ឆិកា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអង្គារ​តែមួយ ក្រៅ​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ប្រជាជន​អាមេរិកាំង​ត្រូវ​បោះឆ្នោត​ផងដែរ ជ្រើសរើស​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា និង​អភិបាលរដ្ឋ។

សមាជិក​រដ្ឋសភា មាន​អាណត្តិ​តែ​២ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ សមាជិក​ទាំង ៤៣៥​រូប នឹង​ត្រូវ​ផ្លាស់ប្តូរ​នៅ​រៀងរាល់​ពីរ​ឆ្នាំម្តង។ ម្តង​​បោះឆ្នោត​ក្នុងពេល​តែមួយ​ជាមួយ​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ និង​ម្តងទៀត នៅ​ពីរឆ្នាំក្រោយ​មកទៀត ក្នុង​អំឡុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ (Midterm elections)។

គិត​មក​ដល់​ម៉ោងនេះ ការរាប់​សន្លឹកឆ្នោត​បណ្តើរៗ បាន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ អាច​រក្សា​សំឡេង​ភាគច្រើន​នៅរដ្ឋសភា សភា​អ្នកតំណាង (House of Representatives) ​ជាមួយ​អាសនៈ ១៨៧ នាំមុខ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​១៨០អាសនៈ។

នៅពេល​គណបក្ស​ប្រជាធិបតេយ្យ អាច​មាន​សង្ឃឹម​បន្តកាន់កាប់​រដ្ឋសភា នៅព្រឹទ្ធសភា​ឯណោះវិញ ការប្រកួតប្រជែង​គឺ​មាន​ខ្លាំង រវាង​គណបក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ។ ព្រឹទ្ធសភា​មាន​អាណត្តិ ៦ឆ្នាំ ប៉ុន្តែសមាជិក​១ភាគ៣​ត្រូវ​ផុតអាណត្តិ​ ហើយ​ត្រូវ​ជ្រើសរើស​ថ្មី នៅរៀងរាល់ ២ឆ្នាំម្តង។ ជារួម សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ៣៥រូប (១ភាគ៣​នៃ​សមាជិកសរុប​ទាំង ១០០) នឹងត្រូវជ្រើសរើស​ចេញពី​ការបោះឆ្នោត នៅថ្ងៃទី៣​វិច្ឆិកា នេះ។ នៅក្នុង​ចំណោម​អាសនៈ ទាំង ៣៥ ដែលត្រូវ​ផ្លាស់ប្តូរ មាន ២៣​ធ្លាប់​ជាអាសនៈ​របស់​បក្ស​សាធារណរដ្ឋ ចំណែក ១២ អាសនៈ ធ្លាប់​កាន់កាប់​ដោយ​បក្ស​ប្រជាធិបតេយ្យ។

ការរាប់សន្លឹកឆ្នោត​នៅថ្ងៃ​យប់​អង្គារ បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ នៅគ្រប់គ្រង​អាសនៈ ចំនួន ៤៧ ស្មើ​នឹង​គណបក្ស​សាធារណរដ្ឋ។ ដើម្បីចូល​គ្រប់គ្រង​ព្រឹទ្ធសភា ជាមួយ សំឡេង​ភាគច្រើន​ចំនួន ៥១​ បក្ស​ប្រជាធិបតេយ្យ ត្រូវ​ដណ្តើម​អាសនៈ​៤ ពី​គណបក្ស​សាធារណរដ្ឋ។ នៅមុន​ការបោះឆ្នោត អ្នកជំនាញ​ធ្លាប់​វាយតម្លៃថា អាសនៈ​ចំនួន ១២​ដែល​បក្ស​សាធារណរដ្ឋ​ធ្លាប់​កាន់កាប់ អាច​ផ្លាស់ប្តូរ ធ្លាក់​ទៅក្នុង​ដៃ​របស់​បក្ស​ប្រជាធិបតេយ្យ។ ចំណែក អាសនៈ ២​របស់​បក្ស​ប្រជាធិបតេយ្យវិញ នឹង​អាច​ត្រូវ​បក្ស​សាធារណរដ្ឋ​ប្រមូលយកវិញ។

ការចូល​ទៅ​គ្រប់គ្រង​ព្រឹទ្ធសភា គឺ​ជា​រឿងសំខាន់​មួយដែរ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា​ម្សិលមិញ។ សព្វថ្ងៃនេះ គណបក្ស​សាធារណរដ្ឋ​ កាន់កាប់​ព្រឹទ្ធសភា ដោយសារ​សំឡេង ៥៣ ទល់​នឹង​៤៧​របស់​បក្ស​ប្រជាធិបតេយ្យ។ គណបក្ស​សាធារណរដ្ឋ ព្យាយាម​ការពារ​កៅអី​របស់ខ្លួន នៅ​តាមរដ្ឋ​សំខាន់ៗ ព្រោះគេជឿថា បើសិន គណបក្ស​ប្រជាធិបតេយ្យ​ដណើ្តម​បាន​សំឡេង​ភាគច្រើន ចូលគ្រប់គ្រង ព្រឹទ្ធសភា និង​រដ្ឋសភា នោះ​លោកដូណាល់ ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ នឹង​អាច ជួបឧបសគ្គ​ច្រើន ក្នុង​ការសម្រេចចិត្ត ដូចជា​ការសម្រេច​កញ្ចប់​ថវិកាជាតិ ក្នុងករណី លោក​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី អាមេរិក​មួយអាណត្តិទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ