អានតួអត្ថបទ
អាមេរិក-ចិន

សហរដ្ឋអាមេរិកបានដកចលនាមូស្លីមចិនឈ្មោះ Etim ចេញពីបញ្ជីអង្គការ ភេរវនិយម

នៅ​ថ្ងៃ​សុក្រ ទី៦ វិច្ឆិកា សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ដក​ចលនា​មូស្លីម​ចិន​ឈ្មោះ Etim ចេញ​ពី​បញ្ជី​អង្គការ​ភេរវនិយម។ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​បញ្ជាក់​ថា អាមេរិក​លែង​ចាត់​ទុក​ចលនា Etim អង្គការ​ភេរវនិយម​ទៀត​ឡើយ។ ចិន​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​នឹង​ការ​សេចក្តីសម្រេច​របស់​ក្រុង​វ៉ាស៊ីនតោន។ គួរ​រម្លឹក​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងចោទ​ចលនា Etim ពី​បទ​បង្ក​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីជាំង​ដែល​សម្បូរ​ដោយ​ប្រជាជន​អ៊ុយហ្គួ អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ។

ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ដក​ចលនា​មូស្លីម​ចិន​ឈ្មោះ Etim ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា អស់​រយៈពេល​ជាង ១០ឆ្នាំ​កន្លង​ទៅ​ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​បន្ត​មាន​ជីវិត​របស់​ចលនា​នេះ​ទៀត​ឡើយ។ គួរ​រម្លឹក​ថា ចលនា​មូស្លីម​ចិន Etim ត្រូវ​បាន​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក George W.Bush បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​អង្គការ​ភេរវនិយម​កាល​ពី​ឆ្នាំ ២០០៤ នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។ តែ​សម្រាប់​ចិន​វិញ ចលនា​មួយ​នេះ​នៅ​បន្ត​មាន​ជីវិត និង​បន្ត​មាន​សកម្មភាព​នៅ​ឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​នឹង​ការ​សម្រេច​អាមេរិក​ដោយ​អំពាវនាវ​ឱ្យ​អាមេរិក​បញ្ឈប់​ការ​រំលោភបំពាន​លើ​ការ​ប្តេជ្ញា​របស់​ខ្លួន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវនិយម​អន្តរជាតិ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែង​ចង្អុល​មុខ​ចលនា Etim ពី​បទ​បង្ក​អំពើ​ភេរវកម្ម​នៅ​ក្នុង​ខេត្ត​ស៊ីជាំង​ដែល​រស់នៅ​ភាគច្រើន​ដោយ​ពួក​អ៊ុយហ្គួ អ្នក​កាន់សាសនា​អ៊ីស្លាម។ តែ​ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា ចិន​មិន​ដែល​បាន​លើក​យក​ភស្តុតាង​ទៅ​​បង្ហាញ និង​ទៅ​បញ្ជាក់​ពី​ការ​បង្ក​អំពើភេរវកម្ម​របស់​ចលនា​មូស្លីម Etim នៅ​ក្នុង​ខេត្ត​ស៊ីនជាំង​ម្តង​ណា​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ឈ្មោះ « Uighur Human Rights Project » ដែល​មាន​ទីស្នាក់ការ​ក្នុង​ក្រុង​វ៉ាស៊ីតោន​បាន​សាទរ​លើ​ការ​សម្រេចចិត្ត​របស់​អាមេរិក​ពី​ការ​ដក​ចលនា Etim ចេញ​ពី​បញ្ជី​អង្គការ​ភេរវនិយម។

លោក Omer Kanat នាយក​អង្គការ​សិទ្ធិមនុស្ស « Uighur Human Rights Project » បាន​ធ្វើ​អត្ថាធិប្បាយ​ថា ការ​លើក​ឡើង​របស់​ចិន​ពី​ការ​គំរាមកំហែង​របស់​ចលនា Etim នៅ​ស៊ីនជាំង​គ្រាន់​ជា​លេស​ដើម្បី​ធ្វើ​បាប​លើ​ពួក​អ៊ុយហ្គួ។ តាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស ចិន​បាន​ឃុំ​ពួក​អ៊ុយហ្គួ​ជាង ១លាននាក់​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ​ដ៏​ធំ។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ។ ក្រុម​សមាជិក​ព្រឹទ្ធសភា សភា​អាមេរិក​មួយ​ក្រុម​មក​ពី​គណបក្សសាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​ទម្លាក់​កំហុស​ដាក់​ចិន​ដាក់​ទោស​ចិន​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​អ៊ុយហ្គួ និង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ដទៃ​ទៀត​នៅ​ចិន​ដែល​រងគ្រោះ​ដោយ​ការ​គាបសង្កត់។ សេចក្តីព្រាងច្បាប់​មួយ​ត្រូវ​បាន​ក្រុម​សមាជិក​ព្រឹទ្ធសភា និង​សភា​អាមេរិក​ស្នើ​ឡើង​កាល​ពី​ដំណាច់​ខែ​តុលា និង​កំពុង​រង់ចាំ​ការ​ជជែក ពិភាក្សា​នៅ​ក្នុង​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ