អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-បោះឆ្នោត

បោះឆ្នោតសភាវ៉េណេស៊ុយអេឡា៖ក្រុមគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោត

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា អ្នក​បោះឆ្នោត​ប្រមាណ​ជា ២០លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភា។ ការ​បោះឆ្នោត​សភា​លើក​នេះ​ត្រូវ​បាន​ក្រុម​គណបក្សប្រឆាំង​ភាគច្រើន​ធ្វើ​ពហិការ​មិន​ចូលរួម​ដោយ​ពួក​គេ​យល់​ថា ការ​បោះឆ្នោត​នេះ​មិន​យុត្តិធម៌ និង​គ្មាន​តម្លាភាព។ ចំណែក​គណបក្ស​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​សង្ឃឹម​ដណ្តើម​យក​សភា​ពី​កណ្តាប់ដៃ​បក្សប្រឆាំង​វិញ។

បោះឆ្នោតសភានៅ​វ៉េណេស៊ុយអេឡា ក្រុមគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោត
បោះឆ្នោតសភានៅ​វ៉េណេស៊ុយអេឡា ក្រុមគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោត AP - Matias Delacroix
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​វ៉េណេស៊ុយអេឡា​លើក​នេះ​ចូលរួម​ដោយ​គណបក្ស​ចំនួន ១០៧គណបក្ស និង​មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ប្រមាណ​ជា ១៤ ០០០នាក់។ មាន​អ្នកតំណាងរាស្រ្ត​ថ្មី​ចំនួន ២៧៧រូប​ដែល​អ្នក​បោះឆ្នោត​វ៉េណេស៊ុយអេឡា​ប្រមាណ​ជា ២០លាននាក់​ត្រូវ​ជ្រើសរើស។ តែ​ក្រុម​គណបក្សប្រឆាំង​ភាគច្រើន​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ដោយ​ពួក​គេ​យល់​ថា ការ​បោះឆ្នោត​នេះ​មិន​យុត្តិធម៌ និង​គ្មាន​តម្លាភាព។ គួរ​បញ្ជាក់​ថា​តាំង​ពី​ឆ្នាំ ២០១៥ មក​ទល់​ថ្ងៃ​នេះ ក្រុម​គណបក្សប្រឆាំង​ដែល​ដឹក​នាំ​ដោយ​លោក​ហ័ន ហ្កាយដូ​ក្នុង​នាម​ជា​ប្រធាន​រដ្ឋសភា​កំពុង​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា។

តែ​គណបក្ស​របស់​ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ​សង្ឃឹម​ដណ្តើម​សភា​ពី​កណ្តាប់ដៃ​បក្សប្រឆាំង​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​បោះឆ្នោត​សភា​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​បន្ត​ឆ្លង​កាត់​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ អតិផរណា​បាន​កើន​ដល់​អត្រា ៤ ០០០% ហើយ​ប្រទេស​កំពុង​ជួប​ការ​ខ្វះ​ខាត​សព្វគ្រប់ មាន​ទឹកស្អាត ហ្កាស និង​ភ្លើង​អគ្គិសនី។ ចាប់​ពី​ថ្ងៃ​ចន្ទ ទី៧ ធ្នូ លោក​ហ័ន ហ្កាយដូ​ដែល​ជា​ប្រធាន​សភា និង​ជា​ប្រធានាធិបតី​ស្តីទី​ប្រកាស​ខ្លួន​ឯង​តាំង​ពី ២ឆ្នាំ​មុន​គ្រោង​រៀបចំ​ការ​ពិគ្រោះយោបល់​មួយ​ដើម្បី​បង្ហាញ​ថា ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ទាត់​ចោល​ការ​បោះឆ្នោត​សភា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ