អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

លោកបៃដិន​បញ្ជា​ឲ្យ​ទ័ព​អាមេរិក​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​ជីវ​ពល​ស្និទ្ធ​នឹង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី

សហរដ្ឋអាមេរិក​បាន​បើក​ការវាយប្រហារ​តាមអាកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២៥ កុម្ភៈ​ម្សិលមិញ​ នៅ​ភាគ​ខាងកើត​ប្រទេសស៊ីរី​ ដោយ​សំដៅ​ទៅលើ​ទីតាំង​នានា​របស់​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​ មន្ទីរ​បញ្ចកោណ​បាន​និយាយថា​ នេះ​គឺ​ជា​សារ​របស់​រដ្ឋបាល​អាមេរិកថ្មី​ដឹកនាំ​ដោយ​លោក​ចូ បៃដិន​ ផ្ញើទៅកាន់​ទីក្រុង​តេហេរ៉ង់​ ក្រោយ​ហេតុការណ៍​វាយប្រហារ​ដោយ​រ៉ុកែត​លើ​ទីតាំង​កងទ័ព​អាមេរិក​នៅអ៊ីរ៉ាក់​។

រូបថតនេះ បង្ហាញពីការវាយប្រហារដោយរ៉ុកែត សំដៅទីតាំងយោធារបស់អាមេរិក នៅក្បែរអាកាសយានដ្ឋាន Erbi ក្នុងប្រទេសអ៊ីរ៉ាក់។
រូបថតនេះ បង្ហាញពីការវាយប្រហារដោយរ៉ុកែត សំដៅទីតាំងយោធារបស់អាមេរិក នៅក្បែរអាកាសយានដ្ឋាន Erbi ក្នុងប្រទេសអ៊ីរ៉ាក់។ AFP - -
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារនេះ គឺជាសកម្មភាពយោធាដំបូងគេ​ដែលបញ្ជាដោយ​លោកប្រធានាធិបតី​អាមេរិកថ្មី ចូ បៃដិន ជាការឆ្លើយតបទៅនឹង​ការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពី ១១ ថ្ងៃមុន ពោលគឺនៅថ្ងៃទី ១៥ កុម្ភៈ។ នៅក្នុង​ការ​វាយប្រហារកាលណោះ មានបុគ្គលិក​ស៊ីវិល​របស់អាមេរិកម្នាក់​ស្លាប់ ​និងជាច្រើននាក់​ផ្សេងទៀតរងរបួស។

ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា កងទ័ពខ្លួនបានធ្វើការវាយប្រហារ​តាមអាកាសនៅត្រង់ចំណុចត្រួតពិនិត្យព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដោយបានកម្ទេចទីតាំងជាច្រើន ដែលជាទីតាំង​គ្រប់គ្រង និងប្រើប្រាស់ដោយក្រុមជីវពលស្និទ្ធនឹងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

បទបញ្ជារបស់លោកប្រធានាធិបតីចូ បៃដិន ឲ្យបើកការវាយប្រហារនេះ គឺជាការឆ្លើយតប​ផ្នែក​យោធាដ៏ស័ក្តិសមចំពោះការវាយប្រហារថ្មីៗ​ប្រឆាំងនឹងអាមេរិកនិង​សម្ព័ន្ធមិត្ត​នៅអ៊ីរ៉ាក់។ ​នេះគឺជាសម្តីរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោកចន ឃឺរី បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ។

លោក ឃឺរី មិនបានបញ្ជាក់ប្រាប់នោះទេថាមានអ្នកស្លាប់និងរបួសឬក៏អត់ នៅក្នុងការ​វាយ​ប្រហារ​របស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្សស៊ីរី បាននិយាយថា មានមនុស្ស ១៧ នាក់ ត្រូវបានសម្លាប់​ក្រោយការវាយប្រហាររបស់អមារិក ត្រូវទៅលើរថយន្តដឹកទំនិញ ៣ គ្រឿងដែលផ្ទុកទៅដោយគ្រាប់បែបពីអ៊ីរ៉ាក់ នៅក្បែរទី​ក្រុងប៊ូកាម៉ាល់ (Bukamal) របស់ប្រទេសស៊ីរី។ អ្នកស្លាប់ទាំងអស់ គឺជាកងកម្លាំងហាស្ហ៊ីត អាល់ ស្ហាអាប៊ី (Hashed al-Shaabi) ដែលគាំទ្រ​ដោយរដ្ឋអ៊ីរ៉ាក់ និងមានទំនាក់ទំនងស្និទ្ធជាមួយអ៊ីរ៉ង់។

ការវាយប្រហាររបស់អាមេរិកនេះ ប្រាកដជា​បង្កជាបញ្ហាប្រឈមដល់រដ្ឋបាលថ្មីរបស់លោកចូ បៃដិន ​នៅខណៈពេល កំពុងបើកទ្វារ​ដើម្បីបន្តការចរចាជាមួយទីក្រុងតេហេរ៉ង់​ជុំវិញកិច្ចព្រមព្រៀងកម្មវិធីអាវុធនុយក្លេអ៊ែរ។

យ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណអាមេរិក​និយាយថា លោកប្រធានាធិបតីបៃដិន មិនអាចនៅ​ស្ងៀម​បាន​ឡើយ នៅពេលដែលបុគ្គលិកអ្នកធ្វើការឲ្យខ្លួន ឬកងទ័ពអាមេរិក ឬក៏កងទ័ព​សម្ព័ន្ធ​មិត្ត ត្រូវរងការវាយប្រការនោះ។ មន្ទីរបញ្ចកោណបន្ថែមថា លោកបៃដិន នឹងធ្វើអ្វីគ្រប់យ៉ាង​ដើម្បី​ការពារ​បុគ្គល​ ហើយនិងសម្ព័ន្ធមិត្តរបស់ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ