អានតួអត្ថបទ
ការប្រែប្រួលអាកាសធាតុ-ជំងឺកូវីដ១៩

ការសិក្សា​៖ ការប្រែប្រួល​អាកាសធាតុ​ដើរតួ​សំខាន់​ធ្វើ​ឲ្យ​​មេរោគកូរ៉ូណា ឆ្លង​ពី​សត្វ ទៅមនុស្ស

តើការប្រែប្រួល​អាកាសធាតុ​អាច​ចូលរួម​ធ្វើ​ឲ្យ​មេរោគកូរ៉ូណា​ឆ្លង​ទៅ មនុស្ស​បានយ៉ាងម៉េច? នៅពេល​ក្រុមអ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើការ​ស៊ើបអង្កេត​រក​ប្រភព​ដំបូង​នៃ​មេរោគកូវីដ ១៩ នៅទីក្រុង​វូហាន ប្រទេស​ចិន ការសិក្សា​មួយ ដែល​ចុះផ្សាយ ថ្ងៃ​សុក្រ​ទី ៥​កុម្ភៈ បាន​បង្ហាញថា ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​ក្តៅ និង​ទឹកភ្លៀង​ដោយ​កន្លែង បាន​ផ្តល់អំណោយផល​ឲ្យ​កើតមាន​សត្វប្រចៀវជាច្រើនប្រភេទ។ សត្វប្រចៀវ​ដែល​ផ្ទុក​មេរោគកូរ៉ូណា ប្រភព​នៃជំងឺកូវីដ ១៩​សព្វថ្ងៃនេះ។ 

សត្វប្រចៀវ ជាអ្នកផ្ទុក​មេរោគកូរ៉ូណា។ ប៉ុន្តែ គេ​នៅតែមិនទាន់កំណត់បាន​តើ​មេរោគកូរ៉ូណា ដែល​ជាប្រភព​នៃជំងឺកូវីដ​សព្វថ្ងៃនេះ អាច​ឆ្លង​ពី សត្វប្រចៀវ ទៅ​មនុស្ស​តាមរយៈអ្វី
សត្វប្រចៀវ ជាអ្នកផ្ទុក​មេរោគកូរ៉ូណា។ ប៉ុន្តែ គេ​នៅតែមិនទាន់កំណត់បាន​តើ​មេរោគកូរ៉ូណា ដែល​ជាប្រភព​នៃជំងឺកូវីដ​សព្វថ្ងៃនេះ អាច​ឆ្លង​ពី សត្វប្រចៀវ ទៅ​មនុស្ស​តាមរយៈអ្វី ASSOCIATED PRESS - Rob Griffith
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​ដែល​កំពុង​ធ្វើការ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​មេរោគកូវី នៅ​ប្រទេស​ចិន បាន​លើកឡើង​ពី​លទ្ធភាព​ដែល​ថា មេរោគកូវីដ​ដែល​កំពុង​ឆ្លង​រាតត្បាត​ទៅលើ​មនុស្ស​ពេញ ពិភពលោក​មាន​ប្រភព​មក​ពី សត្វព្រៃ ច្រើនជាង មកពី​មន្ទីរពិសោធន៍​របស់​ចិន។

ការស៊ើបអង្កេត​របស់​អង្គការ​សុខភាពពិភពលោក​នៅមិនទាន់​បញ្ចប់ គេនៅតែ​មិនទាន់​ដឹងច្បាស់​ថា តើ​មេរោគកូវីដ មេរោគកូរ៉ូណា អាច​ឆ្លង​ពី​សត្វ មក​មនុស្ស​បាន​តាមរយៈ​អ្វីនោះទេ។ ប៉ុន្តែ ការសិក្សា​មួយ​របស់​ក្រុមអ្នកជំនាញ​នៅ​សកលវិទ្យាល័យ ​អង់គ្លេស Cambridg បាន​បង្ហាញ​ថា ការប្រែប្រួល​អាកាសធាតុ​ដែល​បាន​បង្ក​ឲ្យ​មាន​អាកាសធាតុ​ក្តៅ និង​ទឹកភ្លៀង​ជោគជាំ បាន​អំណោយផល សម្រាប់​ការកកើត​ជំរក ព្រៃត្រូពិក ជំរក​របស់​សត្វប្រចៀវ ដែល​ជាអ្នកផ្ទុកមេរោគកូរ៉ូណា។

បើតាម​ការស្រាវជ្រាវ​របស់​អ្នកជំនាញ អង់គ្លេស ដោយសិក្សា​ទៅលើ​លក្ខខណ្ឌ​អាកាសធាតុ នៅក្នុង​រយៈពេល ១០០​ឆ្នាំ​ចុងក្រោយនេះ គេ​សង្កេតឃើញ​មាន​សត្វប្រចៀវ កើនឡើង​បន្ថែម​ដល់ទៅ ៤០ប្រភេទ នៅ​ភាគខាងត្បូង​ប្រទេស​ចិន ជាប់ព្រំដែន​ភូមា និង​ឡាវ។ ដោយហេតុថា សត្វប្រចៀវ​មួយប្រភេទៗ អាច​ផ្ទុក​មេរោគកូរ៉ូណា ជាមធ្យម ២ប្រភេទក្នុង​ខ្លួន​របស់វា គេ​វាយតម្លៃថា មាន​មេរោគកូរ៉ូណា​ដល់ទៅ​ជាង ១០០​ប្រភេទផ្សេងគ្នា កំពុង​ចរាចរ នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន។

នៅពេល​គេ​មិនទាន់​អាច​កំណត់ ឃើញ អន្តរការី ដែល​ដើរតួកណ្តាល​ជា​អ្នកចម្លងមេរោគកូរ៉ូណា​ពី សត្វប្រចៀវ ទៅ​មនុស្ស អ្នកស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​អង់គ្លេស វាយតម្លៃថា ការប្រែប្រួលអាកាសធាតុ ការឡើង​កំដៅ​ផែនដី ហើយ​និង​ការបំផ្លាញ ប្រព័ន្ធ​ជីវចម្រុះ​បាន​ធ្វើ​ឲ្យ​មនុស្ស និង​សត្វព្រៃ​កាន់តែ​ខិតចូលជិតគ្នា។ “មនុស្សរស់នៅ​កាន់តែ​ក្បែរជិត​ជំរក​របស់​សត្វប្រចៀវ ដែលមាន​ផ្ទុកមេរោគកូរ៉ូណា ការប្រែប្រួល​អាកាសធាតុអាច​ជា​កត្តា​ជំរុញ​មេរោគកូរ៉ូណា​ឲ្យ​ឆ្លងមកមនុស្ស”។

នៅក្នុង​ការសិក្សា ដែល​ចុះផ្សាយកាលពី ថ្ងៃ​សុក្រ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត Science of the Total Environment អ្នកជំនាញ​បាន​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​កុំ​ឲ្យ​មានការពង្រីក​ដី​កសិកម្ម ឬ​ការអភិវឌ្ឍក្រុង ទៅ​ក្បែរ ព្រៃ​សំបូរ​ដោយ​សត្វព្រៃ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​មេរោគរាតត្បាត​ដូច​កូវីដ ទៅ​ថ្ងៃ​អនាគត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ