អានតួអត្ថបទ
អាមេរិក-G៧

លោកចូ បៃដិន៖អាមេរិកមានកាតព្វកិច្ចមនុស្សធម៌ដើម្បីចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកប្រឆាំងនឹងកូវីដ១៩

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ហៅកាត់ G៧ បើក​ជំនួបកំពូល​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃ​សុក្រ ទី១១ ដល់​ថ្ងៃ​អាទិត្យ ទី១៣ មិថុនា​ក្នុង​ប្រទេស​អង់គ្លេស។ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ មាន​អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស កាណាដា ជប៉ុន និង​អាមេរិក។ មាន​ប្រធានរឿង​សំខាន់​ចំនួន ៣ នៅ​ក្នុង​ជំនួបកំពូល G៧ ពេល​នេះ គឺ​ការ​ប្រែប្រួល​អាកាសធាតុ ពន្ធសកល​លើ​ក្រុមហ៊ុន​ពហុជាតិ និង​ជំងឺ​ឆ្លងសកល​កូវីដ១៩។ ប្រឈម​នឹង​ជំងឺ​ឆ្លង​សកល​មួយ​នេះ ថ្នាក់ដឹកនាំ G៧ គ្រោង​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ១ ០០០លានដូស​សម្រាប់​ជួយ​ក្រុមប្រទេស​ក្រីក្រ និង​ការ​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ក្នុង​គោលដៅ​បញ្ចប់​កូវីដ១៩ នៅ​ឆ្នាំ ២០២២។ ដោយឡែក ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ប្រកាស​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មិថុនា​ពី​ការ​ផ្តល់​វ៉ាក់សាំង Pfizer ចំនួន ៥០០លានដូស​ទៅ​ឲ្យ​ក្រុម​ប្រទេស​ដែល​ត្រូវ​ការ។ តាម​លោក​បៃដិន នេះ​ជា​អំណោយ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​តែ​មួយ និង​ថា អាមេរិក​មាន​កាតព្វកិច្ច​មនុស្សធម៌​ដើម្បី​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​កូវីដ១៩។

ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន
ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

« អាមេរិក​ស្គាល់​ច្បាស់ណាស់​ពី​សោកនាដកម្ម​នៃ​ជំងឺ​ឆ្លង​រាលដាល​នេះ។ យើង​មាន​អ្នក​ស្លាប់​នៅ​អាមេរិក​ច្រើន​ជាង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​លោក។ មាន​ពលរដ្ឋ​អាមេរិក​ជិត ៦០០ ០០០នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩។ ចំនួន​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ដោយ​កូវីដ១៩ នេះ​មាន​ច្រើន​ជាង​ចំនួន​ស្លាប់​ក្នុង​សម័យសង្រ្គាមលោកលើកទី១ សង្រ្គាម​វៀតណាម និង​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

អាមេរិក​ស្គាល់​ពី​សោកនាដកម្ម​ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩ តែ​អាមេរិក​ក៏​ស្គាល់​ពី​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ការ​ជា​សះស្បើយ​ដែរ។ នៅ​អាមេរិក ក្នុង​រយៈពេល​តែ ៤ខែ​កន្លះ មាន​ពលរដ្ឋ​ចំនួន ៦៤% បាន​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ចំនួន ១ដូស។ លទ្ធផល​ដែល​យើង​ទទួល​បាន​ថ្ងៃ​នេះ ចំនួន​អ្នក​ស្លាប់​មាន​តិច​បំផុត​គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង។ សេដ្ឋកិច្ច​របស់​យើង​កំពុង​មាន​សន្ទុះ​ឡើង​វិញ។ កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ស្រោចស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​រយ ពាន់​នាក់។ តែ​យើង​ក៏​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​មួយ​នេះ​ជា​លក្ខណៈសកល​ដែរ។

វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យើង​មាន​កាតព្វកិច្ច​មនុស្សធម៌ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គុណ​តម្លៃ​របស់​យើង និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​តម្រូវ​ឱ្យ​យើងធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​កូវីដ១៩ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ