អានតួអត្ថបទ
ជួញដូរមនុស្ស

របាយការណ៍​អាមេរិក៖ វិបត្តិ​កូវីដ​បង្កើត​បរិយាកាស​ល្អឥតខ្ចោះសម្រាប់ក្រុមជួញដូរមនុស្ស

ជំងឺកូវីដ​បាន​សម្លាប់​មនុស្ស​ជិត ៤លាននាក់​ក្នុង​ពិភពលោក។ ជាមួយគ្នានោះ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់រយលាននាក់ ធ្លាក់ខ្លួន ក្នុង​ភាពក្រីក្រ។ ការណ៍​ដែល​ប្រជាជន​ធ្លាក់ខ្លួនក្រីក្រ និង​មាន​ជីវភាពកាន់តែ​អត្តខាត់ គឺជា​ឱកាស​ល្អ សម្រាប់​ក្រុមជួញដូរ​មនុស្ស។ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ចេញផ្សាយ កាលពី ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បង្ហាញថា ជំងឺកូវីដ​បាន​បង្កើត​បរិយាកាស​អំណោយផល ធ្វើ​ឲ្យ​ការជួញដូរ​មនុស្ស​កើនឡើង ជាពិសេស នៅពេល​រដ្ឋាភិបាល​ជាច្រើន​បាន​បង្វែរថវិកា និងការប្រឹងប្រែង​ទាំងអស់​សម្រាប់​តែ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ។

លោកស្រីអនុប្រធានាធិបតី​អាមេរិក Kamala Harris កាលនៅ​ជា​រដ្ឋអាជ្ញា​ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ធ្លាប់​បាន​ឡើង​និយាយ​ពី​បញ្ហា​ជួញដូរ​មនុស្ស នៅ​ឆ្នាំ ២០១៤
លោកស្រីអនុប្រធានាធិបតី​អាមេរិក Kamala Harris កាលនៅ​ជា​រដ្ឋអាជ្ញា​ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ធ្លាប់​បាន​ឡើង​និយាយ​ពី​បញ្ហា​ជួញដូរ​មនុស្ស នៅ​ឆ្នាំ ២០១៤ AP - Damian Dovarganes
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ដែល​មាន​ឈ្មោះថា ការជួញដូរ​មនុស្សនៅក្នុង​កាលៈទេសៈ​កូវីដ ​រដ្ឋាភិបាល​ជាច្រើន​បង្វែរ ចំណាប់អារម្មណ៍ និង​ធនធាន​សម្រាប់ តែ​ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ដោយ​លែងសូវ យកចិត្តទុកដាក់​លើ​កម្មវិធី​ប្រយុទ្ធប្រឆាំង​ការជួញដូរ។ ក្រុមជួញដូរ​មនុស្ស បាន​ឆក់ឱកាស​នេះ ដើម្បី អូសទាញ ប្រជាជន​ ដែលមាន​ជីវភាព​អត្តខាត់ ដោយសារ​វិបត្តិកូវីដ ឲ្យ​​ធ្លាក់ចូលក្នុង​អន្ទាក់​របស់ខ្លួន។

នៅក្នុង​ឱកាស​ចេញផ្សាយ​របាយការណ៍ ប្រចាំឆ្នាំ ២០២១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី ការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​និយាយ​ថា មាន​មនុស្ស​ប្រមាណ ២៥លាននាក់ ក្នុង​ពិភពលោក​ដែលធ្លាក់ខ្លួន​រងគ្រោះ​ដោយសារ​ការជួញដូរ​មនុស្ស។ តាម​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជនរងគ្រោះ​មួយចំនួន​ត្រូវ​គេ​លក់ទៅក្នុង​បណ្តាញ​ជំនួញផ្លូវភេទ ចំណែក​មួយចំនួន​ផ្សេងទៀត ត្រូវ​គេ​ចាប់បង្ខំ​ឲ្យ​ធ្វើការ នៅតាម​រោងចក្រ នៅ​ចំការ ឬ រើសបញ្ចូល​ក្នុង​ក្រុមប្រដាប់អាវុធ។

របាយការណ៍ របស់​ក្រសួងការបរទេស​បាន​លើក​ឧទាហរណ៍​មួយចំនួន​ដូចជា​នៅ ប្រទេស​ឥណ្ឌា ឬ​ណេប៉ាល់ ក្មេងស្រី​របស់​គ្រួសារ​ក្រីក្រ ត្រូវ​ឈប់រៀន ដើម្បី​រៀបការ​ទាំងក្នុង​វ័យក្មេង ជាថ្នូរ​នឹង​លុយចំណងដៃ ឬ ត្រូវ​ធ្វើការ​ដោយ​បង្ខំ ដើម្បី​បាន​ប្រាក់ផ្គត់ផ្គង់​គ្រួសារ។ នៅ​អាមេរិក អង់គ្លេស ឬ​នៅ​អ៊ុយរ៉ាហ្គេ ម្ចាស់ផ្ទះ​បាន​បង្ខំ​ឲ្យអ្នកជួល ជាមនុស្ស​ស្រី មានទំនាក់ទំនង​ផ្លូវភេទ​ជាមួយខ្លួន ជាថ្នូរ​នឹង​ប្រាក់បង់ជួលថ្លៃផ្ទះ។

ចំណែក​នៅ ហៃទី ឬ​នៅប្រទេស​ម៉ាលី ឆ្លៀតពេល​ដែល​ក្រុមការងារ​សន្តិសុខ បន្ធូរដៃ នៅក្នុង​កាលៈទេសៈ កូវីដ ក្រុមជនអន្ធពាល​បាន​ចាប់បង្ខំ​មនុស្សស្រី ក្នុង ជំរំជនភៀសខ្លួន ឲ្យបម្រើ​សេវាផ្លូវភេទ។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ២០២១ ក្រសួងការបរទេស​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់ ប្រទេស​មួយចំនួន និង​ដំឡើង​ចំណាត់ថ្នាក់​សម្រាប់​ប្រទេស​មួយចំនួន​ផ្សេងទៀត ដែល​បាន​ប្រឹងប្រែង ក្នុង​ការប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស។ ប្រទេស​១៧ ដែលនៅក្នុង​នោះ មាន​ម៉ាឡេស៊ី ភូមា ចិន គុយបា អាល់ហ្សេរី និង​រុស្ស៊ី ជាដើម ត្រូវ​បាន​អាមេរិក​ទម្លាក់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ៣ ក្នុង​មូលហេតុថា រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ មិន​បាន​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ជាអប្បបរមា ​ប្រឹងប្រែង​មិនគ្រប់គ្រាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស។ ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ នឹង​អាចប្រឈម​នឹង​ការដាក់ទណ្ឌកម្ម ឬ​ការដកជំនួយ​ពី​រដ្ឋបាលអាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ