អានតួអត្ថបទ
ហៃទី

ប៉ូលិសហៃទី៖ឃាតកម្មសម្លាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍មានកម្មវត្ថុនយោបាយ

នៅ​ក្នុង​ប្រទេស​ហៃទី ៥ថ្ងៃ​ក្រោយ​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍ នាយក​នគរបាលជាតិ​លោក​ឡេអុង ឆាល៍​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​នា​យប់​ថ្ងៃ​អាទិត្យ ទី១១ កក្កដា​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ជនជាតិ​អាមេរិក​ដើមកំណើត​ហៃទី​ម្នាក់​ឈ្មោះ​គ្រីស្យង់ អេម៉ានុយអែល សាណុង​ដែល​ជា​មេខ្លោង​រៀបចំ​ផែនការ​សម្លាប់​លោក​ម៉ូអ៊ីស៍។ បើ​តាម​លោក​ឡេអុង ឆាល៍ ជន​អេម៉ានុយអែល សាណុង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហៃទី​ក្នុង​ខែ​មិថុនា​ដោយ​មាន​ក្រុម​ការពារ​ខ្លួន​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​កូឡុំប៊ី​ច្រើន​នាក់​តាម​ជើង​យន្តហោះ​ឯកជន​មួយ​គ្រឿង។ តើ​ជន​គ្រីស្យង់ អេម៉ានុយអែល សាណុង​ជា​នរណា?

នាយកនគរបាលជាតិហៃទី លោកឡេអុង ឆាល៍
នាយកនគរបាលជាតិហៃទី លោកឡេអុង ឆាល៍ AFP - VALERIE BAERISWYL
ផ្សាយពាណិជ្ជកម្ម

បើ​តាម​កាសែត Miami Herald ជន​អេម៉ានុយអែល សាណុង​ដែល​មាន​អាយុ ៦៣ឆ្នាំ​ជា​គ្រូពេទ្យ​ម្នាក់​ដែល​បាន​រស់​នៅ​ក្នុង​រដ្ឋ Florida តាំង​ពី​ជាង ២០ឆ្នាំ ហើយ​បើ​តាម​នាយក​នគរបាល​ហៃទី​លោក​ឡេអុង ឆាល៍ ជន​អេម៉ានុយអែល សាណុង​បាន​ទៅ​ដល់​ទឹកដី​ហៃទី​នា​ដើម​ខែ​មិថុនា និង​មាន​កម្មវត្ថុ​នយោបាយ​ច្បាស់លាស់។ ពី​ដំបូង​ឡើយ ផែនការ​របស់​ជន​អេម៉ានុយអែល សាណុង​គឺ​ចាប់​ប្រធានាធិបតី​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍​ទាំង​រស់ ពោល​មិនមែន​សម្លាប់​ចោល​ទេ។ បើ​តាម​កាសែត Miami Herald ដដែល ដើម្បី​អាច​សម្រេច​បាន​នូវ​ផែនការ​ចាប់​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍​ទាំង​រស់ ជន​អេម៉ានុយអែល សាណុង​ប្រហែល​ជា​បាន​ជ្រើសរើស​ក្រុម​កងកម្ម៉ង់ដូ​ស៊ីឈ្នួល​ចំនួន ២២នាក់​ពី​ក្រុមហ៊ុន​សន្តិសុខ​របស់​វ៉េណេស៊ុយអេឡា​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Floride។

កម្មវត្ថុ​នយោបាយ​របស់​ជន​អេម៉ានុយអែល សាណុង គឺ​ដណ្តើម​យក​តំណែង​ប្រធានាធិបតី​ពី​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍ នេះ​បើ​តាម​កាសែត Miami Herald។ ព័ត៌មាន​ទាំង​នេះ​បាន​បែក​ធ្លាយ​ក្រោយ​ពី​ប៉ូលិស​បាន​សួរ​ចម្លើយ​លើ​ក្រុម​កម្ម៉ង់ដូ​ស៊ីឈ្នួល។ ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន ២៨នាក់ មាន ១៩នាក់​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ប៉ូលិស។ ទន្ទឹម​គ្នា​នេះ មាន​មនុស្ស​ចំនួន ២នាក់​ទៀត​ដែល​ជន​អេម៉ានុយអែល សាណុង​បាន​ទាក់ទង​ត្រូវ​បាន​ប៉ូលិស​ចាត់​ទុក​ជា​អ្នក​រួម​ដៃ​នៅ​ក្នុង​ផែនការ​សម្លាប់​ប្រធានាធិបតី​​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍។ ដោយឡែក និង​ក្រៅ​ពី​ការ​ស៊ើបអង្កេត​របស់​រដ្ឋអំណាច​ហៃទី ក្រុម​អ្នក​ស៊ើបអង្កេត​អាមេរិក​មក​ពី​ស្ថាប័ន FBI ក្រសួង​ការបរទេស ក្រសួង​យុត្តិធម៌ និង​ក្រសួង​សន្តិសុខផ្ទៃក្នុង​បាន​ទៅ​ដល់​ហៃទី​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ កក្កដា។

ពួក​គេ​បាន​ជួប​សន្ទនា​ជាមួយ​នាយក​នគរបាល​ហៃទី​លោក​ឡេអុង ឆាល៍ និង​មាន​ជំនួប​ដាច់​គ្នា​រវាង​តួអង្គនយោបាយ​ហៃទី ក្នុង​នោះ​មាន​នាយករដ្ឋមន្រ្តី និង​ប្រធាន​ព្រឹទ្ធសភា។ គួរ​បញ្ជាក់​ថា ឃាតកម្ម​សម្លាប់​ប្រធានាធិបតី​លោក​ហ្សូវឺណែល ម៉ូអ៊ីស៍​បាន​ធ្វើ​ឲ្យ​ហៃទី​ធ្លាក់​ក្នុង​វិបត្តិ​ស្ថាប័ន​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ពិសេស​ការ​ដណ្តើម​គ្នា​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​រវាង​ឥស្សរជន​នយោបាយ​ចំនួន ៣នាក់​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ