អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-សារព័ត៌មាន

អាមេរិក​ចោទ​ជន​ជាតិ​អ៊ីរ៉ង់​៤​នាក់​ពី​បទ​រៀប​ចំ​ផែន​ការ​ចាប់​ពង្រត់​អ្នក​កាសែត​រិះ​គន់​អ៊ីរ៉ង់

រដ្ឋ​អាជ្ញា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ ១៣ កក្កដា​ម្សិលមិញ​ បាន​ចោទ​ប្រកាន់​ជនជាតិ​អ៊ីរ៉ង់​ ៤នាក់ ពី​បទ​រៀបចំ​ផែនការ​ចាប់ជំរិត​អ្នកកាសែត​​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​ម្នាក់​នៅ​ទីក្រុង​ញូវយ៉ក​។ បើតាម​នាយកដ្ឋាន​យុត្តិធម៌​អាមេរិក​ ជនជាតិ​អ៊ីរ៉ង់ទាំង​៤នាក់​ ប៉ុនប៉ង​ចាប់​ពង្រត់​យក​អ្នកកាសែត​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ទទួល​ទោស​នៅ​ទីនោះ​។

អ្នកស្រី ម៉ាស៊ី អេឡេណេចាត (Masih Alinejad) ជាស្ត្រីអ្នកកាសែតអាមេរិកដើមកំណើតអ៊ីរ៉ង់។
អ្នកស្រី ម៉ាស៊ី អេឡេណេចាត (Masih Alinejad) ជាស្ត្រីអ្នកកាសែតអាមេរិកដើមកំណើតអ៊ីរ៉ង់។ AFP - JEMAL COUNTESS
ផ្សាយពាណិជ្ជកម្ម

ម៉ាស៊ី​ អេឡេណេចាត​ (Masih Alinejad) ដែលជា​ស្ត្រី​អ្នកកាសែត​និងជាសកម្ម​ដើមកំណើត​អ៊ីរ៉ង់បាន​អះអាង​នៅលើ​បណ្តាញសង្គមធ្វីតទ័រថា​ នាង​ គឺជាគោលដៅ​ចាប់ពង្រត់​របស់​ភ្នាក់ងារ​​អ៊ីរ៉ង់​។ ស្ត្រីអ្នកកាសែតរូបនេះ​ បម្រើការនៅវិទ្យុ​សំឡេងសហរដ្ឋអាមេរិ​ក (VOA) និង​ជា​អ្នករិះគន់​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​ពាក់ព័ន្ធ​បញ្ហាសិទ្ធិ​មនុស្ស​និងស្ត្រី​។

តាមរយៈវីដេអូខ្លីបមួយ​ អ្នកស្រីអេឡេណេចាត បាននិយាយថា គម្រោងផែនការ​ចាប់​ពង្រត់​​នេះ ផ្ចុង​ផ្តើមគំនិតដោយ​លោក​ហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់។ ចំណែកបុរស​អ៊ីរ៉ង់​ ៤ នាក់​ដែល​មានឈ្មោះ​នៅក្នុង​ការ​ចោទ​ប្រកាន់ ​រួមមាន​មន្រ្តីស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់​ម្នាក់ដែលជាមេខ្លោង​ និង​មន្រ្តី ៣ នាក់​ផ្សេងទៀតគឺជា​អ្នក​ធ្វើការនៅក្រោមបង្គាប់​។ ពួកគេ​ទាំងអស់​រស់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ អ្នក​រួមគំនិតទីប្រាំម្នាក់ទៀត​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ត្រូវបានចោទប្រកាន់ផងដែរ​ ពីបទ​ផ្តល់​ថវិកា​គាំទ្រ​ដល់​គម្រោងមួយនេះ។

បើយោងតាម​ការចោទប្រកាន់​របស់​នាយកដ្ឋាន​យុត្តិធម៌អាមេរិក​ ភ្នាក់ងារអ៊ីរ៉ង់​បាន​ព្យាយាម​ជា​លើកដំបូងកាលពីឆ្នាំ ២០១៨ ល្បួងឲ្យអ្នកស្រី​អេឡេណេចាត​ ធ្វើ​ដំណើរ​ទៅកាន់​ប្រទេ​​សទី៣​ ក្នុងបំណង​ចាប់ព្រងត់គាត់​យកទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ដាក់​ពន្ធនាគារនៅទីនោះ​។

បន្ទាប់មកទៀត​ ភ្នាក់ងារអ៊ីរ៉ង់​ ក៏បានចាប់ផ្តើមគម្រោង​ តាមដាន​ជនងរងគ្រោះ​ និង​សមាជិក​គ្រួសារ​របស់នាង​ ក្នុង​សង្កាត់​ Brooklyn នៃទីក្រុងញូវយ៉ក​ជាច្រើនលើកច្រើនសា​ក្នុង​ឆ្នាំ ២០២០​ និង ២០២១​។

ខណៈ​កំពុង​ស៊ើបអង្កេត​អំពីករណីនេះ​ ភ្នាក់ងារ FBI អាមេរិក​បាន​នាំស្ត្រីអ្នកកាសែត​ ម៉ាស៊ី អេឡេណេចាត​ និងស្វាមី​ទៅរស់នៅកន្លែង​ដែល​មានសុវត្ថិភាព​។ ក្រោយ​រង​ការប៉ុនប៉ង​ចាប់ពង្រត់​ អ្នក​ស្រី​អេឡេណេចាត​ បាននិយាយថា​ គាត់​បានធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​មិនសប្បាយចិត្ត​ តាមរយៈ​ការផ្សព្វផ្សាយ​ជំរុញ​ឲ្យស្ត្រីអ៊ីរ៉ង់​ធ្វើបាតុកម្ម​ប្រឆាំង​នឹងច្បាប់​ដែល​តម្រូវឲ្យ​ស្ត្រីពាក់ក្រណាត់​ ឬក្រម៉ារុំក្បាល​ (Hijab) និងការ​រាយការណ៍​ព័ត៌មាន​អំពី​ការស្លាប់​របស់​ប្រជាជ​នអ៊ីរ៉ង់​ក្នុង​បាតុកម្ម​នាឆ្នាំ ២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ