អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

ទស្សនកិច្ចផ្លូវរដ្ឋលើកទី១របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅអាមេរិក

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ណាវតាលី ប៊ែននែត​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។ នេះ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី១ តាំង​ពី​លោក​ប៊ែននែត​បាន​ចូល​កាន់​អំណាច​ក្នុង​ខែ​មិថុនា។ បន្ទាប់​ពី​បាន​ទទួល​ជួប​ដោយ​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​នា​ថ្ងៃ​ពុធ ទី២៥ សីហា លោក​ប៊ែននែត​ចូល​ជួប​ប្រធានាធិបតី​លោក​ចូ បៃដិន​នៅ​សេតវិមាន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ សីហា។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកណាវតាលី ប៊ែននែត (រូបឆ្វេង) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោកអង់តូនី ប៊្លីនកិន ថ្ងៃទី២៥ សីហា ២០២១។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកណាវតាលី ប៊ែននែត (រូបឆ្វេង) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោកអង់តូនី ប៊្លីនកិន ថ្ងៃទី២៥ សីហា ២០២១។ AP - Olivier Douliery
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី១ លើ​ទឹកដី​អាមេរិក​ពេល​នេះ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក​ណាវតាលី ប៊ែននែត​មិន​ខ្វះ​ប្រធានរឿង​ដើម្បី​ជជែក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ទេ។ តែ​អ្វី​ដែល​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ធ្វើ​មុន​គេ គឺ​ការ​ស្វែង​យល់​គ្នា និង​ស្គាល់​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​នាម​ជា​អ្នក​ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង​ដូច​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ប៊ែននែត​មិន​ញញើត​នឹង​បញ្ជាក់​ថា លោក​បៃដិន​ជា​មិត្តចាស់ និង​ជា​មិត្តពិត​ម្នាក់​របស់​រដ្ឋអ៊ីស្រាអែល។ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​លោក Dan Kurtzer បាន​យល់​ឃើញ​ថា ទស្សនកិច្ច​របស់​លោក​ប៊ែននែត​នៅ​អាមេរិក​ពេល​នេះ​នឹង​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីស្រាអែល ក្រោយ​ពី​អ៊ីស្រាអែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​នេតាន់យ៉ាហ៊ូ​រយៈពេល ១២ឆ្នាំ។

អ្វី​ដែល​អ៊ីស្រាអែល​សង្ឃឹម​ចង់​បាន គឺ​ស្មារតី​ថ្មី​នៃ​ទំនាក់ទំនង​ជាមួយ​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​ដែល​នឹង​ខុស​គ្នា​រវាង​រដ្ឋបាល​អាមេរិក​ជំនាន់​លោក​ត្រាំ និង​រដ្ឋាភិបាល​អ៊ីស្រាអែល​ជំនាន់​លោក​នេតាន់យ៉ាហ៊ូ។ ក្រៅ​ពី​សង្ឃឹម​ពង្រឹង និង​ផ្តល់​សន្ទុះ​ថ្មី​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី លោក​ប៊ែននែត​មិន​អាច​បំភ្លេច​និយាយ​ជាមួយ​លោក​បៃដិន​នូវ​ប្រធានរឿង​អាទិភាព​មួយ​បាន​ទេ។ ប្រធានរឿងអាទិភាព​នោះ គឺ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អ្វី​ដែល​លោក​ប៊ែននែត​ចង់​និយាយ​ជំនះ​លោក​បៃដិន​នៅ​ក្នុង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ គឺ​សុំ​ឲ្យ​លោក​បៃដិន​បោះបង់​ចោល​វិញ​នូវ​គំនិត​ចង់​នាំ​អាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជា​ថ្មី។

គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ បន្ទាប់​មក នៅ​មាន​សំណុំរឿង​ប៉ាឡាស្ទីន​ដែល​មេដឹកនាំ​ទាំង​ពីរ​លើក​ទៅ​និយាយ​ដោយ​ចៀស​មិន​ផុត។ តែ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត The New York Times លោក​ប៊ែននែត​បាន​បញ្ជាក់​ជា​មុន​រួច​ជា​ស្រេច​ថា អ៊ីស្រាអែល​យល់ព្រម​មិន​កាត់​យក​ដី​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សកដានី តែ​អ៊ីស្រាអែល​ក៏​មិន​យល់ព្រម​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ