អានតួអត្ថបទ
អ៊ីស្រាអែល-អាមេរិក

អ៊ីស្រាអែល​ទទួល​អនុប្រធានាធិបតី​អាមេរិក​យ៉ាង​រាក់ទាក់ តែ​ប៉ាឡេស្ទីន​មិន​ស្វាគមន៍

លោក Mike Pence អនុប្រធានាធិបតី​អាមេរិក​កំពុង​បន្ត​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប និង​ហ្សកដានី លោក Pence កំពុង​ស្ថិត​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដែល​លោក​បាន​ទៅ​ដល់​តាំង​ពី​យប់​ថ្ងៃ​អាទិត្យ ទី២១ មករា។ នៅ​ថ្ងៃ​ចន្ទ ទី២២ មករា​នេះ លោក Pence ទទួល​ជួប​ដោយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​អ៊ីស្រាអែល។ តែ​ខុស​ពី​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​អាមេរិក​មុនៗ​នៅ​ក្នុង​តំបន់ លោក Mike Pence មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​ប៉ាឡេស្ទីន។

លោក Mike Pence អនុប្រធានាធិបតី​អាមេរិក និង​លោក Benjamin Netanyahu ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល
លោក Mike Pence អនុប្រធានាធិបតី​អាមេរិក និង​លោក Benjamin Netanyahu ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល Reuters
ផ្សាយពាណិជ្ជកម្ម

មិនមែន​លោក Mike Pence មិន​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​ប៉ាឡេស្ទីន​ក្បែរ​ខាង​ទេ តែ​មក​ពី​ប៉ាឡេស្ទីន​បដិសេធ​មិន​ទទួល​លោក Mike Pence។ នេះ​ក៏​ដោយសារ​ថា ថ្នាក់ដឹកនាំ និង​ប្រជាជន​ប៉ាឡេស្ទីន​មិន​សប្បាយចិត្ត​នឹង​សេចក្តីសម្រេច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ចាត់​ទុក​ហ្សេរុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល​តែ​ម្នាក់​ឯង ហើយ​ដែល​រូប​លោក Mike Pence ក៏​បាន​គាំទ្រ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ពេល​ដែល​លោក Mike Pence ដាក់​ជើង​ជាន់​ទឹកដី​អ៊ីស្រាអែល លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក​ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រទេស​សមាជិក​អឺរ៉ុប។

គោលដៅ​របស់​លោក​អាបាស់ គឺ​ស្វែង​រក​ការ​គាំទ្រ​ពី​អឺរ៉ុប និង​ចង់​ឲ្យ​អឺរ៉ុប​ដើរ​តួនាទី​បន្ថែម​ទៀត​នៅ​ក្នុង​ដំណើរ​ការ​ចរចា​សន្តិភាព​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ សម្រាប់​លោក​អាបាស់ អាមេរិក​លែង​ជា​តួអង្គប្រពៃណី​សម្រាប់​ជួយ​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បន្ត​ទទួល​លោក Mike Pence យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​ជា​ទីបំផុត​ក្នុង​នាម​ជា​មិត្ត​របស់​អ៊ីស្រាអែល។ បន្ទាប់​ពី​ជួប​លោក​នេតាន់យ៉ាហ៊ូ​នៅ​ពេល​ព្រឹក លោក Mike Pence ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​អ៊ីស្រាអែល​នា​ពេល​រសៀល​ក្នុង​ថ្ងៃ​ដដែល។

លោក​នេតាន់យ៉ាហ៊ូ​បាន​លើក​យក​ប្រធានបទ​សន្តិភាព និង​សន្តិសុខ​ទៅ​ជជែក​ជាមួយ​លោក Mike Pence។ នា​ឱកាស​នោះ លោក​នេតាន់យ៉ាហ៊ូ​បាន​ឆ្លៀត​បញ្ជូន​សារ​មួយ​ទៅ​ឲ្យ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​ដែល​កំពុង​ស្ថិត​ក្នុង​ទឹកដី​អឺរ៉ុប​ថា គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ឲ្យ​អាមេរិក​បន្ត​ដើរ​តួនាទី​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទេ។ សម្រាប់​លោក​នេតាន់យ៉ាហ៊ូ អ្នក​ដែល​មិន​ចង់​និយាយ​សន្តិភាព​ជាមួយ​អាមេរិក គឺ​ជា​អ្នក​ដែល​មិន​ចង់​បាន​សន្តិភាព។

បន្ទាប់​មក ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល និង​អនុប្រធានាធិបតី​អាមេរិក​ក៏​បាន​និយាយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ដូណាល់ ត្រាំ​គំរាម​ដក​ខ្លួន​ចេញ បើ​ប្រទេស​ដៃគូ​អឺរ៉ុប​មិន​ពិនិត្យ សើរើ​មើល​ឡើង​វិញ​ទេ​នោះ។ ត្រង់​ចំណុច​នេះ លោក​នេតាន់យ៉ាហ៊ូ​ចាក់​បណ្តាយ​ទឹក​ដោយ​បញ្ជាក់​ថា បើ​គេ​ចង់​រក្សា​ទុក​កិច្ចព្រមព្រៀង​នោះ គេ​ត្រូវ​តែ​ធ្វើ​ការ​កែតម្រូវ​លើ​ចំណុច​មួយ​ចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ