អានតួអត្ថបទ
ធនាគារពិភពលោក-ចិន

អតីតប្រធានធនាគារពិភពលោកជាប់សង្ស័យពីបទផ្តល់ប្រយោជន៍ច្រើនឲ្យចិន

នៅ​ថ្ងៃ​សុក្រ ទី៨ តុលា ក្រុមប្រឹក្សារដ្ឋបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF រួម​ប្រជុំ​គ្នា​ដើម្បី​ជជែក​ពី​សំណុំរឿង​របស់​អគ្គនាយិកា​លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា។ រឿងរ៉ាវ​ដែល​ក្រុមប្រឹក្សារដ្ឋបាល IMF ចង់​ដឹង​ពី​លោកស្រី​គ្រីស្តាលីណា​ពេល​នេះ​មិនជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​បច្ចុប្បន្ន​របស់​លោកស្រី​ទេ តែ​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​លោកស្រី​កាន់​តំណែង​ជា​ប្រធាន​ធនាគារពិភពលោក។ រឿងរ៉ាវ​នោះ គឺ​លោកស្រី​បាន​ជាប់​សង្ស័យ​ពី​បទ​​ផ្តល់​ប្រយោជន៍​ច្រើន​ឲ្យ​ចិន។

នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង (រូបឆ្វេង) និងលោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា អគ្គនាយិកានៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង (រូបឆ្វេង) និងលោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា អគ្គនាយិកានៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ឯករាជ្យ លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​បាន​ជាប់ចោទ​ក្នុង​បទ​ប្រើ​គំនាប​លើ​ក្រុម​ការងារ​របស់​លោកស្រី​ដើម្បី​ដំឡើង​ចំណាត់ថ្នាក់​ប្រទេស​ចិន​នៅ​ក្នុង​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក « Doing Business » ២០១៨។ រឿងរ៉ាវ​មួយ​នេះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF រូប​នេះ​កាន់​តំណែង​ជា​ប្រធាន​ធនាគារពិភពលោក។ ចំណាត់ថ្នាក់ « Doing Business » របស់​ធនាគារពិភពលោក​ជា​ការ​វាយតម្លៃ​ពី​បរិយាកាស​នៃ​ការ​ធ្វើ​ជំនួញ​របស់​ប្រទេស​នីមួយៗ​ក្នុង​លោក។

ការ​វាយតម្លៃ​របៀប​នេះ​ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​បរទេស។ តាម​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ឯករាជ្យ​ដដែល ការ​ដែល​លោកស្រី​បាន​ដាក់​គំនាប​លើ​ក្រុម​ការងារ​ដើម្បី​ដំឡើង​ចំណាត់ថ្នាក់​ចិន​នៅ​ក្នុង​ចំណាត់ថ្នាក់ « Doing Business » គ្រាន់​ជា​ការ​បំពេញចិត្ត និង​ផ្គាប់ចិត្ត​ចិន​ក្នុង​គោលដៅ​ទទួល​បាន​វិភាគទាន​កាន់​តែ​ច្រើន​ពី​ចិន​សម្រាប់​ថវិកា​របស់​ធនាគារពិភពលោក។ តែ​អតីត​ប្រធាន​ធនាគារពិភពលោក​រូប​នេះ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​នេះ។

តាម​លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា ការិយាល័យ​មេធាវី​អាមេរិក WilmerHale ដែល​ជា​អ្នក​ស៊ើបអង្កេត​បាន​ធ្វើ​ការ​បកស្រាយ​ខុស​ពី​សកម្មភាព​របស់​លោកស្រី។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​មេធាវី​អាមេរិក​នេះ​បាន​បង្ខំ​ឲ្យ​ធនាគារពិភពលោក​សម្រេច​ឈប់​ផ្សព្វផ្សាយ​របាយការណ៍ « Doing Business » និង​គិតគូរ​ពិចារណា​រក​វិធី​កែលំអ​ពី​របៀប​ធ្វើ​ការ​របស់​ខ្លួន។ ស្ថានការណ៍​ដែល​ធនាគារពិភពលោក​កំពុង​ជួប​ប្រទះ​តាម​រយៈ​រឿងរ៉ាវ​របស់​លោកស្រី​គ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ា​ពេល​នេះ​ពិត​ជា​ស្ថានការណ៍​មួយ​មិន​ល្អ​ទាល់​តែ​សោះ។

មិន​ល្អ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ធនាគារពិភពលោក និង​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជំនឿទុកចិត្ត​លើ​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ