អានតួអត្ថបទ
អាមេរិក-ការប្រែប្រួលអាកាសធាតុ

របាយការណ៍​ចារកិច្ច​អាមេរិក​ថា​ការ​ឡើង​កម្តៅ​ផែន​ដី​នឹង​បង្ក​ភាព​តាន​តឹង​ជា​សកល

ទីភ្នាក់ងារ​ចារកិច្ច​សម្ងាត់​របស់​អាមេរិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២១ តុលា​ម្សិលមិញ​បាន​និយាយ​ជាលើក​ដំបូង​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​បង្កការ​គំរាមកំហែង​ខ្ពស់​ដល់​សន្តិសុខ​ជាតិអាមេរិក​។ ក្រៅពីនេះ​ របាយការណ៍ចារកិច្ចអាមេរិកថ្មី​បាន​បង្ហាញថា​ដែរថា​ការ​កើន​ឡើង​កម្តៅ​ផែនដី​បង្ក​ជា​ហានិភ័យខ្ពស់​ដល់​ស្ថិរភាព​នៅជុំវិញ​ពិភពលោក​ទាំងមូល​។

 របាយការណ៍ចារកិច្ចអាមេរិក​បង្ហាញ​ថាការឡើងកម្តៅផែនដី​​បង្ក​ហានិភ័យខ្ពស់​ដល់​​សន្តិសុខជាតិអាមេរិក ​និងអ​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក។
របាយការណ៍ចារកិច្ចអាមេរិក​បង្ហាញ​ថាការឡើងកម្តៅផែនដី​​បង្ក​ហានិភ័យខ្ពស់​ដល់​​សន្តិសុខជាតិអាមេរិក ​និងអ​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក។ Patrick T. FALLON AFP
ផ្សាយពាណិជ្ជកម្ម

ការ​កើនឡើង​កម្តៅនៃភពផែនដី​នឹង​បង្កជា​ការ​គំរាមកំហែងកាន់ខ្លាំង​ដល់​ផល​ប្រយោជន៍​សន្តិសុខជាតិ​អាមេរិក​ មានតាំងពី​ផលប៉ះពាល់​លើរាងកាយ​ដែលអាច​ជំរុញ​ឲ្យ​មាន​ការ​បញ្ហា​ផ្នែក​សន្តិសុខ​ដែល​ត្រូវ​ប្រឈម​ រហូត​ដល់​វិធីសាស្ត្រដែល​ប្រទេស​នានាត្រូវ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នេះ​គឺជា​ការលើកឡើង​របស់​សេតវិមាន​ដោយ​សង្ខេប​ចេញពី​របាយការណ៍​របស់​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​​អាមេរិក​។

ការ​ព្យាករណ៍​ខាងលើនេះ​បានធ្វើឡើង​នៅក្នុង​ការ​វាយតម្លៃ​ជាផ្លូវការ​លើក​ដំបូង​ដោយ​ការិយាល័យ​ប្រធាន​ចារកម្មជាតិ​អាមេរិក​ ឬ​ហៅកាត់ថា ODNI។ យោងតាម​ទីភ្នាក់ងារ​អាមេរិក​ ការ​ប្រែប្រួលអាកាសធាតុកំពុង​ជំរុញឲ្យ​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កើនឡើង​ ស្របពេលដែល​ប្រទេសនានា​និយាយ​រុញដាក់គ្នាថា​ទៅវិញទៅមក​ថា​អ្នកណាគួរ​សកម្មភាពនេះ​ សកម្មភាព​នោះបន្ថែម​។ ចំណែកឯ​ផលប៉ះពាល់​ ត្រូវគេរំពឹងថានឹង​កើតមានភាគច្រើននៅ​ក្នុងប្រទេស​ក្រីក្រដែលពិបាកនឹងអាច​សម្របខ្លួនបាន​។

រូបភាពនៃ​ពិភពលោកមួយ​ដែលមិនអាច​សហការគ្នា​ទប់ស្កាត់​ការកើនឡើងកម្តៅ​ផែនដី​បាន​នាំឲ្យ​មាន​ការ​ប្រកួតប្រជែង​និង​អស្ថិរភាពប្រកបដោយ​គ្រោះថ្នាក់​នៅជុំវិញពិភពលោក​។ របាយការណ៍​ចារកិច្ច​អាមេរិក​បានសង្កត់ធ្ងន់ថា​នៅ​ខណៈប្រទេសជាច្រើន​ឆ្លើយតប​ទៅនឹង​វិបត្តិអាកាសធាតុ​ដោយព្យាយាមមិនឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច​របស់ពួកគេ​ អស្ថិរភាព​បង្កឡើងដោយការកើនឡើងកម្តៅផែនដី​កំពុង​លេចចេញ​នៅក្នុង​ប្រទេស​មួយ​ចំនួន​។

សេតវិមានអាមេរិក​និយាយថា​ អង្កភាព​សន្តិសុខជាតិ​របស់ខ្លួននឹង​រួម​បញ្ចូល​ផលប៉ះពាល់​នៃការ​ប្រែប្រួលអាកាសធាតុទៅក្នុងផែនការរបស់ពួកគេ​។ ជាឧទាហហរណ៍ មន្ទីរ​បញ្ចកោណ​នឹងពិចារណាពី​បញ្ហាប្រែប្រួលអាកាសធាតុ​នៅគ្រប់កម្រិត​ដើម្បី​ធានា​ការពារ​សន្តិសុខជាតិអាមេរិក​ ក្នុង​បរិបទ​ដែល​កាន់​តែស្មុគស្មាញខ្លាំងឡើង​។

ការ​ធ្វើចំណាកស្រុក​ដែលជា​បញ្ហារសើបផ្នែក​នយោបាយនៅតាមព្រំដែន​ភាគខាងត្បូង​របស់​អាមេរិក ក៏ត្រូវបានគេមើលឃើញថាមួយផ្នែក​ដែលជាប់ពាក់ព័ន្ធនឹង​ហានិភ័យបង្កឡើង​ដោយការប្រែប្រួលអាកាសធាតុដែរ​។

គួរជ្រាបថា​ ការវាយតម្លៃខាងលើគឺជាលើក​ទី​មួយហើយ​ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ទទួល​ស្គាល់ជាផ្លូវការ​និង​រាយការណ៍អំពី​ទំនាក់ទំនងហានិភ័យ និង​ការកើនឡើងកម្តៅផែនដី​។ របាយការណ៍ចារកិច្ចអាមេរិក​ដែល​មាន​កម្រាស់២៧ ទំព័រនេះ​ត្រូវ​បាន​ចេញផ្សាយមុន​កិច្ច​ប្រជុំ​កំពូលអាកាសធាតុCOP26​របស់អង្គការសហប្រជាជាតិដែលគ្រោងផ្តើមប្រព្រឹត្តធ្វើទៅនៅស្កុតឡែនដ៏នាថ្ងៃទី ៣១​ តុលា​ខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ