អានតួអត្ថបទ
អាមេរិក-បើកព្រំដែន-កូវីដ១៩

អាមេរិក​ចាប់​បើក​ព្រំដែន​ឡើង​វិញ​ក្រោយ​ពី​បិទ​អស់​រយៈពេល​២០ខែ

សហរដ្ឋអាមេរិក​នៅថ្ងៃចន្ទ​ ទី៨​ វិច្ឆិកា​ ឆ្នាំ​២០២១​ ចាប់​ផ្តើម​បើក​ច្រក​ព្រំ​ដែន​គោក​ និង​អាកាស​របស់​ខ្លួន​ឡើងវិញ ទទួល​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ពេញលេញ​ហើយ​។ ចំណាត់ការនេះ​ ធ្លាក់មក​ក្រោយការ​ដាក់​កំហិត​រយៈពេល ២០ខែ​ ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ការ​ធ្វើដំណើរ​ចូល​អាមេរិក​ មកពី​ជុំវិញ​ពិភពលោក​ដោយហេតុ​កូវីដ​។

នៅថ្ងៃចន្ទ ទី៨ វិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកចាប់បើកព្រំដែនគោក និងអាកាសឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងហើយ ក្រោយបិទយ៉ាងតឹងរឹងអស់រយៈពេល២០ខែ។
នៅថ្ងៃចន្ទ ទី៨ វិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកចាប់បើកព្រំដែនគោក និងអាកាសឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងហើយ ក្រោយបិទយ៉ាងតឹងរឹងអស់រយៈពេល២០ខែ។ REUTERS - CHRISTOPHER ALUKA BERRY
ផ្សាយពាណិជ្ជកម្ម

ក្រោយ​បិទ​ប្រទេស​អស់​រយៈពេល២០ ខែ​រួចមក​ នៅទីបំផុតទៅ​សហរដ្ឋ​អាមេរិក​ចាប់​បើក​ព្រំដែន​ទាំង​ផ្លូវគោក​និង​អាកាសឡើងវិញ​ហើយ​នៅថ្ងៃចន្ទនេះ​។ ក៏ប៉ុន្តែ​វិធានការ​រឹតបន្តឹង​មួយ​ចំនួន​នៅតែមាន​សម្រាប់ការធ្វើដំណើរ​ចូលទឹកដី​អាមេរិក។

អាជ្ញាធរ​អាមេរិក​មាន​គម្រោង​តាមដាន​យ៉ាងម៉ត់ចត់​នូវ​ស្ថានភាពនៃ​ការចាក់ថ្នាំ​បង្ការកូវីដ​របស់​អ្នកដំណើរ​ ហើយនឹងនៅតែ​តម្រូវ​ឲ្យពួកគេ​ធ្វើតេស្ដកូវីដ​អវិជ្ជមាន​។

សម្រាប់​អ្នក​ដំណើរតាម​ផ្លូវ​អាកាស​ ចាប់ពីថ្ងៃចន្ទ​ ទី៨ វិច្ឆិកានេះ​តទៅ​ នឹង​ត្រូវ​តម្រូវ​ឲ្យ​ទទួល​បាន​ការ​ចាក់ថ្នាំ​បង្ការ​ពេញលេញ​ និងត្រូវ​ធ្វើតេស្តរក​កូវីដ​ក្នុង​រយៈពេល​បី​ថ្ងៃ​មុនពេល​ធ្វើ​ដំណើរ​។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍វិញ​ ត្រូវ​តម្រូវ​ឲ្យដាក់​ប្រព័ន្ធ​តាមដាន​ទំនាក់ទំនង​។

ដោយឡែក ការ​បើក​ព្រំដែន​គោក​នឹង​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល​។ ការ​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​បង្ការ​ពេញលេញ​គឺជាកាតព្វកិច្ច​សម្រាប់​ការ​ធ្វើដំណើរ​ក្នុង​ករណី​មិនចាំ​បាច់​ដូចជា​ការទៅលេង​ជា​លក្ខណៈគ្រួសារ​ ឬ​ទេសចរណ៍​ជាដើម​។ យ៉ាងណាក៏ដោយ​ សម្រាប់ការធ្វើដំណើរក្រោមហេតុផលចាំបាច់​ អាជ្ញាធរអាមេរិក​នឹងនៅ​តែ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​ដូចមុន​ដដែល​ ទោះបីជា​អ្នកដំណើរ​នៅមិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩​ក្តី​។

ចំណែក​ ដំណាក់កាលទីពីរ​ដែលនឹងត្រូវចាប់ផ្តើមនៅដើមខែមករាខាងមុខ​ អ្នក​ដំណើរ​បរទេស​ទាំងអស់​ត្រូវតែ​ចាក់វ៉ាក់សាំង​បាន​ពេញលេញរួចរាល់​ដើម្បី​អាច​ចូល​ប្រទេស​អាមេរិក​តាមផ្លូវគោក​ មិនថា​ក្រោមហេតុផលណាមួយឡើយ​។

សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស​ អាជ្ញាធរអាមេរិក​ទទួលយក​អ្នកដំណើរ​ដែល​បាន​ចាក់​រាល់​វ៉ាក់សាំង​ណា​ដែល​ទទួលស្គាល់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ភ្នាក់ងារ​ឱសថ​អាមេរិក​ និង​អង្គការសុខភាព​ពិភព​លោក​។ វ៉ាក់សាំងទាំងនោះ​រួមមាន​ AstraZeneca, Johnson & Johnson, Moderna, Pfizer/BioNTech, Covaxin, Sinopharm និង Sinovac៕

គួររំឭកថា​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ​ ព្រំដែន​របស់​អាមេរិកត្រូវ​បាន​បិទចាប់តាំងពីខែមីនា ឆ្នាំ ២០២០មក​ ចំពោះ​អ្នក​ដំណើរ​មកពី​ផ្នែក​ជាច្រើន​នៃ​ពិភពលោករួមមាន​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស​ ចិន ឥណ្ឌា និង​ប្រេស៊ីល​ជាដើម​។ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរតាមផ្លូវគោកមកពីម៉ិកស៊ិក និងកាណាដា​ក៏ត្រូវ​បាន​ហាមឃាត់ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ