អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩-អូមីក្រុង

ក្រុមហ៊ុន​Moderna​ ថា​​វ៉ាក់សាំង​​ខ្លួន​បច្ចុប្បន្ន​​ទំនង​​ជា​​មិន​​អាច​​ទប់​ទល់​​នឹង​​​អូមីក្រុង​​បាន​​ទេ

ខណៈ​មេរោគ​បំប្លែង​ខ្លួន​អូមីក្រុង​កំពុង​រាលដាល​ទៅ​ប្រទេស​កាន់តែច្រើន​ និង​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំងនោះ​ ក្រុមហ៊ុន​ Moderna បាន​បង្ហាញ​ពី​ក្តី​បារម្ភ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ខ្លួន​ទល់​នឹង​មេរោគ​ប្រភេទ​ថ្មី​នេះ​។ ប្រធាន​ក្រុមហ៊ុន​ Moderna​ បាន​ប្រាប់​កាសែត​ Financial Times ថា​ វ៉ាក់សាំង​ Moderna បច្ចុប្បន្ន​ទំនងជា​នឹង​មិន​អាច​ទប់​ទល់​នឹង​មេរោគ​អូមីក្រុង​បាន​នោះ​ទេ​ ហើយ​ក្រុមហ៊ុន​ត្រូវ​ចាយ​ពេល​ជា​ច្រើនខែ​ដើម្បី​ផលិត​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​អាច​បង្ការ​ទល់នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះបាន​។

ប្រធានក្រុមហ៊ុន Moderna ថា វ៉ាក់សាំង Moderna បច្ចុប្បន្ន​ទំនង​ជា​នឹង​មិន​អាច​ទប់ទល់​នឹង​មេរោគបំប្លែងខ្លួនអូមីក្រុង​បានទេ។
ប្រធានក្រុមហ៊ុន Moderna ថា វ៉ាក់សាំង Moderna បច្ចុប្បន្ន​ទំនង​ជា​នឹង​មិន​អាច​ទប់ទល់​នឹង​មេរោគបំប្លែងខ្លួនអូមីក្រុង​បានទេ។ NORBERTO DUARTE AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី៣០​ វិច្ឆិកា​នេះ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក​ Moderna​ លោក​ស្ទេហ្វាន បង់សេល​ (Stéphane Bancel) បាន​ឲ្យ​ដឹង​ថា​ ទិន្នន័យនឹង​អាច​រក​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ Moderna ​បច្ចុប្បន្នក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ។​ ក៏ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រគ្មាន​សុទិដ្ឋិនិយម​នោះទេថា​វ៉ាក់សាំង Moderna ​បច្ចុប្បន្ន​អាច​បង្ការ​ទល់​នឹង​មេរោគបំប្លែងខ្លួន​អូមីក្រុង​បាន​។

ការ​ទាញ​សញ្ញា​អាសន្ន​​របស់​ប្រធានក្រុមហ៊ុន​ Moderna នេះ​បានកើតឡើង​ស្របពេល​ដែល​រដ្ឋមន្ត្រីសុខាភិបាល​របស់​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម G7​ បើក​កិច្ច​ពិភាក្សា​បន្ទាន់មួយ​ស្តីអំពី​មេរោគ​អូមីក្រុង​។ អូមីក្រុង​ដែល​កំពុង​តែ​ឆ្លង​រាល​ដាល​នៅជុំវិញ​ពិភពលោក​ និង​បង្ខំឲ្យ​ប្រទេសជាច្រើន​ត្រលប់ទៅ​បិទ​ព្រំដែន​ ឬ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ជាថ្មី​។

ប្រមុខ​ក្រុមហ៊ុន​ Moderna​ មានប្រសាសន៍ដែរ​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​មាន​ការ​ព្រួយបារម្ភ​ដោយ​ហេតុ​តែ​ការ​បំប្លែងខ្លួនរបស់​អូមីក្រុងទំនង​ជា​ខ្លាំងនិង​យក​ឈ្នះ​លើ​ប្រព័ន្ធការពារ​របស់​មនុស្ស​​បាន​។ ដូច្នោះហើយ​ប្រសិទ្ធភាពនៃ​វ៉ាកសាំង​ Moderna ទំនងជានឹង​ថយចុះ​ឥទ្ធិពល​ក្នុងការ​ប្រឆាំងទល់​នឹង​អូមីក្រុង​។

ប្រឈម​នឹង​មេរោគបំប្លែងខ្លួន​អូមីក្រុង​ដែល​មាន​ហានិភ័យខ្ពស់នេះ​ ក្រុមហ៊ុន​ Moderna បាន​ប្រកាស​ឲ្យ​ដឹងថា​ខ្លួន​បាន​ចាប់ផ្តើម​ដំណើរការស្រាវជ្រាវ​ផលិត​វ៉ាក់សាំងដែល​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​មេរោគនេះបាន​។

ប្រធាន​ក្រុមហ៊ុន Moderna ថា​ក្រុមហ៊ុន​ទំនងជាត្រូវ​ចាយពេលជាច្រើនខែ​ដើម្បី​ផលិត​វ៉ាក់សាំង​ ដែល​មាន​ប្រសិទ្ធភាព​អាច​បង្ការ​ទល់នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​​នេះ និងថា Moderna​ អាចនឹង​ចែកចាយថ្នាំបង្ការរបស់ខ្លួន​បាន​ចន្លោះពី​ ២ ពាន់លាន​ ទៅ ៣ ពាន់លាន​ដូស​ក្នុង​ឆ្នាំ​ ២០២២​ខាងមុខ​។

ស្រដៀងគ្នានេះដែរ​ ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ Pfizer បានប្រកាស​ឲ្យដឹងដែរថា​ក្រុមហ៊ុន​បានចាប់​ផ្តើមដំណើរការ​អភិវឌ្ឍវ៉ាក់សាំង​ ដោយ​ផ្តោតជា​ពិសេសទៅ​លើ​មេរោគ​អូមីក្រុង​ដើម្បីបង្ការទូកក្នុងករណី​ដែល​វ៉ាក់សាំង Pfizer បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​ទល់នឹង​មេរោគ​ប្រភេទថ្មី​ដែល​មាន​ប្រភពចេញ​ពី​អាហ្វ្រិកខាងត្បូង​នេះបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ