អានតួអត្ថបទ
អាហ្សង់ទីន-ប្រាក់បំណុល​IMF

ប្រជាជន​អាហ្សង់ទីនធ្វើបាតុកម្ម​ប្រឆាំង​កិច្ចព្រមព្រៀង​ស្តីពីប្រាក់បំណុល​ជាមួយ​មូលនិធិ​IMF

ប្រជាជន​អាហ្សង់ទីន​រាប់ម៉ឺននាក់​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​ទី ១១​ធ្នូ  ដើម្បី ប្រឆាំង​នឹង​ការចុះព្រមព្រៀង​ណាមួយ រវាង​រដ្ឋាភិបាល​ជាមួយ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF ស្តីពី​ប្រាក់បំណុល។ នៅមួយសប្តាហ៍មកនេះ មន្រ្តីរដ្ឋាភិបាល រួមទាំងអ្នកទទួលខុសត្រូវ​របស់​ធនាគារ​កណ្តាល​អាហ្សង់ទីន​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ពិភាក្សា​ពី​រឿង​ដោះបំណុល​ប្រមាណ ៤៥ពាន់​លាន​ដុល្លារ ដែលអាហ្សង់ទីន​បាន​ទៅ​ខ្ចីពី​មូលនិធិ កាលពី​ឆ្នាំ ២០១៨។

បាតុករ​នៅ​ទីក្រុង​ប៊ុយណូហ្សែរ នៅថ្ងៃ​សៅរ៍ទី ១១​ធ្នូ​ដើម្បី​ប្រឆាំង​ទាមទារ​កុំ​ឲ្យរដ្ឋាភិបាល​ចុះកិច្ចព្រមព្រៀង សងប្រាក់បំណុល​ ទៅ​ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF
បាតុករ​នៅ​ទីក្រុង​ប៊ុយណូហ្សែរ នៅថ្ងៃ​សៅរ៍ទី ១១​ធ្នូ​ដើម្បី​ប្រឆាំង​ទាមទារ​កុំ​ឲ្យរដ្ឋាភិបាល​ចុះកិច្ចព្រមព្រៀង សងប្រាក់បំណុល​ ទៅ​ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF REUTERS - AGUSTIN MARCARIAN
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​ប៊ុយណូហ្សែរ ប្រជាជន​អាហ្សង់ទីន ធ្វើ​បាតុកម្ម​ប្រឆាំង​រាល់​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​មូលនិធិរូបិយវត្ថុអន្តរជាតិ​IMF។ នៅទីក្រុង​វ៉ាស៊ីនតោន​ រដ្ឋាភិបាល​អាហ្សង់ទីន​កំពុង​ផ្តើម​ចរចា ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដើម្បី​ដោះស្រាយ​ប្រាក់បំណុល ៤៥ពាន់​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​អាហ្សង់ទីន អាណត្តិមុន​បាន​ទៅ​ខ្ចីពី​មូលនិធិ IMF សម្រាប់​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច កាលពី​ឆ្នាំ ២០១៨។

ទៅ​តាម​កិច្ចព្រមព្រៀង​កន្លងមក រដ្ឋាភិបាលអាហ្សង់ទីន​ត្រូវ​បង្វិលសង​ប្រាក់បំណុល ប្រមាណ ១៩ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ ២០២៣។ ប៉ុន្តែ រដ្ឋាភិបាល​អាហ្សង់ទីន​សព្វថ្ងៃ វាយតម្លៃថា អាហ្សង់ទីន​នៅ​មិនទាន់​មាន​សមត្ថភាព​សង​ទាន់ពេលវេលា និង​បាន​ចរចា សុំ​ពន្យារពេល សងប្រាក់​បំណុល​ទាំងអស់​ទៅឲ្យ​ មូលនិធិ IMF ពី​ពេលនេះ រហូត​ដល់​ឆ្នាំ ២០២៤។

ប៉ុន្តែ សម្រាប់​ប្រជាជន​អាហ្សង់ទីន អ្នកដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ប្រាក់បំណុលជាមួយ មិនមែន​មូលនិធិ​រូបិយវត្ថុ​IMF ប៉ុន្តែ គឺ​ប្រជាជន​អាហ្សង់ទីន​ផ្ទាល់។ ប្រជាជន​អាហ្សង់ទីន​មិន​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀងថ្មី​ណាមួយ​រវាង​រដ្ឋាភិបាល​និង​មូលនិធិ​IMFនោះទេ ព្រោះថា ដើម្បី​សងប្រាក់បំណុល IMF រដ្ឋាភិបាល​អាហ្សង់ទីន​នឹង​ត្រូវ​ចាត់វិធានការ រឹតត្បិត​ថវិកាជាតិ កាត់បន្ថយ​ការចំណាយសាធារណៈបន្ថែមទៀត នៅក្នុង​ប្រទេស​មួយ ដែល​ប្រជាជន​៤០ភាគរយ កំពុងធ្លាក់ខ្លួន​ក្នុងភាពក្រីក្រ​រួចហើយនោះ។

សម្រាប់​បាតុករ អាហ្សង់ទីន ដូច​កាលឆ្នាំ ២០១៨ វិធានការរឹតត្បិត​ថវិកា ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​មូលនិធិ​IMF នឹង​ប៉ះពាល់​តែ​ប្រជាជន​សាមញ្ញ ចំណែក​ក្រុមអ្នកមាន នៅ​តែ​អាច​គេច មិន​បង់ពន្ធ ដោយសារ​អំពើពុករលួយ​ក្នុងជួររដ្ឋាភិបាល។

គួររំលឹកជូនថា នៅក្នុង​អំឡុង​វិបត្តិហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ នៅ​ឆ្នាំ ២០០១ នៅពេល​អាហ្សង់ទីន គ្មាន​សមត្ថភាព​សងប្រាក់បំណុល​ជាង ៩១ពាន់លាន​ដុល្លារ និង​កំពុង​ជួបវិបត្តិសង្គម ភាពក្រីក្រ និងការងើបបះបោរ កុប្បកម្ម​របស់ប្រជាជន ដោយសារ​តែ​ភាពគ្មានការងារ​ធ្វើ មូលនិធិរូបិយវត្ថុ​អន្តរជាតិ បានចូលខ្លួន​ជួយ​ប្រទេស​អាហ្សង់ទីន។ ប៉ុន្តែ ក្នុង​នាមជា​ម្ចាស់បំណុលផ្តាច់មុខ​របស់​អាហ្សង់ទីន មូលនិធិ IMF ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ជាច្រើន ដែលនៅក្នុង​នោះ មានផងដែរ​វិធានការ​រឹតត្បិត​ថវិកា ការកាត់បន្ថយ​ចំណាយសាធារណៈ។

ជាលទ្ធផល IMF មិនស្ថិតក្នុង​ក្រសែភ្នែក​ល្អ​របស់​ប្រជាជន​អាហ្សង់ទីន​នោះទេ។ សម្រាប់សេដ្ឋកិច្ចវិទូ បញ្ហា​របស់​អាហ្សង់ទីន មិនមែន​រឿងប្រាក់បំណុល​របស់​IMF នោះទេ ប៉ុន្តែ គឺសមត្ថភាពរបស់​អាហ្សង់ទីន ដែល​នៅតែ​ខ្សត់ខ្សោយ ខាង​ការផលិត នាំចេញ ដែល​ធ្វើ​ឲ្យ​អាហ្សង់ទីន ត្រូវរស់ពឹង​អាស្រ័យ​ជានិច្ច​នឹង​ប្រាក់បំណុលបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ