អានតួអត្ថបទ

លោកចូ បៃដិន៖អាមេរិកត្រូវរស់នៅជាមួយនឹងអត្រាអតិផរណាខ្ពស់ក្នុងមួយរយៈពេល

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ក្នុង​លោក​ប្រឈម​នឹង​សន្ទុះ​កំណើន​អតិផរណា។ តម្លៃ​ទំនិញ​សឹង​គ្រប់​មុខ ពិសេស​ប្រេងសាំង និង​ម្ហូបអាហារ​បាន​ឡើង​ថ្លៃ​ខ្លាំង។ នៅ​សហរដ្ឋអាមេរិក ក្រសួង​ការងារ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី១០ មិថុនា​ពី​តម្លៃទំនិញ​ឡើង​ថ្លៃ​បន្ថែម​ចំនួន ១% ក្នុង​ខែ​ឧសភា ក្រោយ​ពី​បាន​ឡើង​ចំនួន ០,៣% ក្នុង​ខែ​មេសា។ បើ​គិត​ពេញ​មួយ​ឆ្នាំ តម្លៃ​ទំនិញ​នៅ​អាមេរិក​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​បាន​ហក់​ឡើង ៨,៦%។ នេះ​ជា​តួលេខ​មួយ​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​ពលរដ្ឋ​អាមេរិក និង​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​មិន​អាច​មើល​រំលង​បាន​ទេ។ លោក​បៃដិន​បាន​ទទួល​ស្គាល់​ថា អាមេរិក​នឹង​ត្រូវ​រស់នៅ​ជាមួយ​នឹង​កម្រិត​អតិផរណា​នេះ​ក្នុង​មួយ​រយៈពេល។ តែ​ទន្ទឹម​គ្នា​នេះ លោក​មិន​ភ្លេច​និយាយ​ពី​ចំនួន​ការងារ​ដែល​បាន​បង្កើត​ឡើង និង​កំណើន​សេដ្ឋកិច្ច​ដែល​អាមេរិក​ទទួល​បាន​តាំង​ពី​លោក​ឡើង​កាន់​តំណែង។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

« ដោយសារ​តែ​ភាព​រីកចម្រើន​នេះ ពលរដ្ឋ​អាមេរិក​មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​ដែល​គ្មាន​ប្រទេស​ណា​មួយ​លើ​លោក​អាច​ធ្វើ​បាន​ទេ។ គ្រប់​ប្រទេស​ទាំង​អស់​លើ​លោក​កំពុង​ទទួល​រង​នូវ​ផលវិបាក​ពី​កំណើន​អតិផរណា​ខ្ពស់។ គឺ​ខ្ពស់​ជាង​យើង​ទៅ​ទៀត​សម្រាប់​ប្រទេស​ភាគ​ច្រើន​ក្នុង​លោក។ តែ​ចូរ​អស់លោក​កុំ​មាន​ការ​ភាន់ច្រឡំ​ឲ្យ​សោះ។ ខ្ញុំ​យល់​ថា អតិផរណា​ជា​បញ្ហា​ប្រឈម​ពិតប្រាកដ​សម្រាប់​ក្រុម​គ្រួសារ​អាមេរិក។

តួលេខ​នៃ​អត្រា​អតិផរណា​ប្រចាំ​ថ្ងៃ​បញ្ជាក់​ពី​អ្វី​ដែល​អាមេរិក​ដឹង​រួច​ហើយ។ តម្លៃ​ទំនិញ​ឡើង​ថ្លៃ​បង្ក​ឡើង​ដោយ​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​កំពុង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​លើ​អាមេរិក។ តម្លៃប្រេង តម្លៃ​ថាមពល និង​តម្លៃ​ម្ហូបអាហារ​បាន​ឡើង​ថ្លៃ​ខ្ពស់​តាំង​ពី​ខែ​ឧសភា។ តែ​ក្រៅ​ពី​អតិផរណា​នៃ​ថាមពល និង​ម្ហូបអាហារ អតិផរណា​ដែល​ក្រុម​សេដ្ឋវិទូ​ហៅ​ថា​អតិផរណា​ទូទៅ​បាន​ថយ​ចុះ​តាំង​ពី ២ខែ។ ការ​ថយ​ចុះ​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​វា​ពិត​ជា​បាន​ធ្លាក់​ចុះ​មែន។ ហើយ​យើង​ត្រូវ​ការ​ឲ្យ​វា​ធ្លាក់​ចុះ​ឲ្យ​បាន​លឿន​បន្ថែម​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ