អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-រុស្ស៊ី

អាមេរិកចោទអ៊ីរ៉ង់ពីបទលូកដៃនៅក្នុងសង្រ្គាមអ៊ុយក្រែនដោយបានបញ្ជូនដ្រូនឲ្យរុស្ស៊ី

នៅ​ថ្ងៃ​អង្គារ ទី១២ កក្កដា អ៊ីរ៉ង់​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ណាស៊ែរ កាណានី​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ដែល​ថា អ៊ីរ៉ង់​នឹង​បញ្ជូន​ដ្រូនប្រយុទ្ធ​ជា​ច្រើន​រយគ្រឿង​ទៅ​ឲ្យ​រុស្ស៊ី​សម្រាប់​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។ ការ​ចោទ​ប្រកាន់​របស់​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ចន្ទ ទី១១ កក្កដា​ដោយ​លោក​ជេក ស៊ូលីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន។ តាម​លោក​ណាស៊ែរ កាណានី អ៊ីរ៉ង់​មិន​បាន​ធ្វើ​ការ​អភិវឌ្ឃន៍​ពិសេស​ណា​មួយ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា​រវាង​អ៊ីរ៉ង់ និង​រុស្ស៊ី​ទេ។ បន្ទាប់​មក អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​រម្លឹក​ពី​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​អ៊ីរ៉ង់​ដែល​ប្រឆាំង​នឹង​សង្រ្គាម​នៅ​អ៊ុយក្រែន និង​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។ យ៉ាង​ណា​ក៏​ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​លោក​ជេក ស៊ូលីវ៉ាន់​បាន​បន្ថែម​ថា អ៊ីរ៉ង់​ក៏​កំពុង​ត្រៀម​ហ្វឹកហ្វឺន​ទាហាន​រុស្ស៊ី​ឲ្យ​ប្រើ​ដ្រូន​ដែរ។ តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​អ៊ីរ៉ង់​បាន​បញ្ជូន​ដ្រូន​ទៅ​ឲ្យ​រុស្ស៊ី​ហើយ ឬ​នៅ។

លោកជេក ស៊ូលីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។
លោកជេក ស៊ូលីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​លោក​ជេក ស៊ូលីវ៉ាន់៖ « យោង​តាម​ព័ត៌មាន​របស់​យើង រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រៀម​បញ្ជូន​ដ្រូន​ច្រើន​រយ​គ្រឿង​ទៅ​ឲ្យ​រុស្ស៊ី។ គឺ​ជា​ដ្រូនប្រយុទ្ធ​ដែល​អ៊ីរ៉ង់​បញ្ចូន​នៅ​ពេល​ឆាប់ៗ។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ក៏​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ផង​ដែរ​ថា អ៊ីរ៉ង់​នឹង​បើក​ការ​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​រុស្ស៊ី​ឲ្យ​ចេះ​ប្រើ​ដ្រូន​ទាំង​អស់​នោះ។ ការ​ហ្វឹកហ្វឺន​ជា​លើក​ទី១ ត្រូវ​បាន​អ៊ីរ៉ង់​គ្រោង​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ។

តែ​អ្វី​ដែល​យើង​មិន​ទាន់​បាន​ដឹង​នោះ​គឺ​ថា តើ​អ៊ីរ៉ង់​មាន​បាន​បញ្ជូន​ដ្រូន​ខ្លះ​ទៅ​ឲ្យ​រុស្ស៊ី​ហើយ​ឬ​នៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា រុស្ស៊ី​កំពុង​ងាក​ទៅ​រក​ប្រទេស​ផ្សេង​ដើម្បី​បំពាក់​ដ្រូន​ប្រភេទ​នេះ។ គួរ​បញ្ជាក់​ថា ដ្រូន​ប្រភេទ​នេះ​របស់​អ៊ីរ៉ង់​ធ្លាប់​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សង្រ្គាម​យេម៉ែន​ដើម្បី​វាយ​បក​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត មុន​នឹង​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។ តែ​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​បន្ត​ការ​គាំទ្រ​របស់​យើង​ដើម្បី​ការពារ​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន។

ការ​គាំទ្រ​របស់​យើង​នេះ​ដើម្បី​បង្ហាញ​ថា ការ​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​គោលដៅ​លុប​អ៊ុយក្រែន​ចេញ​ពី​ផែនទី​ពិភពលោក​នឹង​មិន​អាច​ទទួល​ជោគជ័យ​ឡើយ »។

 

គួរ​បញ្ជាក់​ថា ការ​បន្ត​គាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​មាន​នៅ​ក្នុង​ផ្នែក​យោធា និង​សេដ្ឋកិច្ច។ ក្នុង​ថ្ងៃ​អង្គារ ទី១២ កក្កដា រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​ចានែត យេលែន​បាន​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដំណាក់កាល​ថ្មី​ចំនួន ១ ៧០០លានដុល្លារ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន។ តាម​លោក​ចានែត យេលែន ទឹកប្រាក់ ១ ៧០០លានដុល្លារ​នេះ​នឹង​វេ​តាម​ធនាគារពិភពលោក ហើយ​ថា ជំនួយ​សេដ្ឋកិច្ច​ដំណាក់កាល​ថ្មី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កញ្ចប់ទឹកប្រាក់​ជំនួយ​សេដ្ឋកិច្ច​ទាំង ៧ ៥០០លានដុល្លារ​ដែល​សន្យា​ដោយ​លោក​ចូ បៃដិន​កាល​ពី​ខែ​ឧសភា។ បើ​គិត​សរុប​តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​មក​ទល់​ពេល​នេះ អាមេរិក​បាន​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ឲ្យ​អ៊ុយក្រែន​គិត​ជា​ប្រាក់​ចំនួន ៤ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ