អានតួអត្ថបទ
សហរដ្ឋអាមេរិក-តំបន់ស្នែងអាហ្វ្រិក

វ៉ាស៊ីនតោនសន្យាផ្តល់ជំនួយ ១ពាន់លាន​ដុល្លារ សម្រាប់ជួយ​អាហ្វ្រិក ពីគ្រោះទុរភិក្ស

អាមេរិក​សន្យា​ផ្តល់ជំនួយ ១,១៨​ពាន់លាន​ដុល្លារ សម្រាប់​ប្រទេស​នៅ​តំបន់​ស្នែងអាហ្វ្រិក។ ប្រធាន​ទីភ្នាក់ងារ​ជំនួយ​អាមេរិក លោកស្រី Samantha Power បាន​ប្រកាស​កញ្ចប់ជំនួយបន្ទាន់ ដើម្បី​ជួយបញ្ជៀស​ប្រទេស​នៅតំបន់​ស្នែងអាហ្វ្រិក​កុំ​ឲ្យធ្លាក់ខ្លួន​ក្នុងគ្រោះទុរ្ភិក្ស។ មន្រ្តីអាមេរិក​បានអំពាវនាវ​ផងដែរ​ឲ្យ​ប្រទេស​ដទៃទៀត ជាពិសេស​ចិន ចូលរួម​ឲ្យបានច្រើន​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​វិបត្តិខ្វះស្បៀងអាហារ​ដែលកាន់តែធា្លក់ចុះជ្រៅ ដោយសារ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។

កុមារដែលធំជាងគេ​លើកអាហារ​សម្រាប់​កុមារតូច​នៅ សាលារៀនមួយ​នៅតំបន់ស្នែងអាហ្រ្វិក
កុមារដែលធំជាងគេ​លើកអាហារ​សម្រាប់​កុមារតូច​នៅ សាលារៀនមួយ​នៅតំបន់ស្នែងអាហ្រ្វិក ASSOCIATED PRESS - Ricardo Mazalan
ផ្សាយពាណិជ្ជកម្ម

នៅមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និង​សិក្សា​អន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធាន​ទីភ្នាក់ងារ​ជំនួយអាមេរិក​USAID ​ទាញសញ្ញាអាសន្ន​ពី​ការរីក​រាលដាល​នៃ​គ្រោះអត់ឃ្លាន ក្នុង​ពិភពលោក ដោយសារ​សង្រ្គាម និង​ការប្រែប្រួល​អាកាសធាតុ។ តាមប្រធាន​ទីភ្នាក់ងារ​ជំនួយអាមេរិក លោកស្រី Samantha Power ពិភពលោក​សព្វថ្ងៃ​កំពុងជួបបញ្ហា​ដ៏គួរ​ឲ្យខ្លោចចិត្ត។ កុមារ​រាប់លាន​មិនត្រឹម​ប្រឈម​ខ្លាំង​នឹង​គ្រោះអត់ឃ្លាន តែប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេ​ជាច្រើន អាច​ស្លាប់ ដោយសារ​តែគ្មានអាហារចូលពោះ។ តាម​ប្រធានទីភ្នាក់ងារ​ជំនួយ​អាមេរិក យ៉ាងហោច មាន​កុមារ​អាហ្វ្រិក ១១០៣នាក់ ស្លាប់​ចំណែក​កុមារ​ជាង ៧លាននាក់​កំពុងខ្វះធ្ងន់ធ្ងរអាហារូបត្ថម្ភ។

ស្ថានភាព​ធ្លាក់ចុះអាក្រក់ ​ជាពិសេស​នៅតំបន់​ស្នែងអាហ្វ្រិក ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ដ៏ធ្ងន់ធ្ងរ ៥ឆ្នាំជាប់គ្នា ដែល​បំផ្លាញ​ផលដំណាំ និង​សម្លាប់សត្វពាហនៈ។ អង្គការ​មនុស្សធម៌​អន្តរជាតិ​ធ្លាប់​បាន​វាយតម្លៃថា ប្រជាជន​ប្រមាណ ២០លាននាក់ នៅប្រទេស​តំបន់​ស្នែងអាហ្វ្រិក ដូចជា​អេត្យូពី សូម៉ាលី និង​កេនយ៉ា​អាច​ប្រឈម​នឹង​គ្រោះទុរ្ភិក្ស។

នៅមុន​ធ្វើដំណើរ​ទៅកាន់​តំបន់​ស្នែងអាហ្វ្រិក នៅ​សប្តាហ៍ក្រោយ លោកស្រី Samantha Power បាន​លម្អិតថា កញ្ចប់ជំនួយ​របស់​អាមេរិក​មានរាប់​បញ្ចូល​ ចំណីអាហារបន្ទាន់ អាហារបំប៉ន សម្រាប់កុមារ​ដែលខ្វះអាហារូបត្ថម្ភ ហើយនិងសម្ភារៈសម្រាប់ព្យាបាល​សត្វ​ដែល​កំពុងប្រឈម​នឹង​គ្រោះរាំងស្ងួត។

តម្លៃស្បៀង​បានកើនឡើងលឿនដូចព្រួញ ដោយសារ​សង្រ្គាមនៅ​អ៊ុយក្រែន ដែលជាប្រភពនាំចេញស្រូវសាលី​សំខាន់ នៅក្នុងពិភពលោក។ ប៉ុន្តែ​ស្រូវសាលី​របស់អ៊ុយក្រែន រាប់​លាន​តោន​កំពុង​នៅជាប់គាំង​នៅ​កំពង់ផែ ដោយសារ វត្តមាន​នាវាចម្បាំង​រុស្ស៊ី និង​គ្រាប់មីន​ពង្រាយ​ដោយ​អ៊ុយក្រែន ដើម្បីទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី។

នៅត្រង់ចំណុចនេះ ប្រធាន​ទីភ្នាក់ងារ​ជំនួយអាមេរិក​បានរិះគន់​រុស្ស៊ី​ដែល​គ្មាន​ចេតនា​ចង់បើកផ្លូវ​ឲ្យគេ​ដឹកបញ្ចេញស្រូវសាលី​អ៊ុយក្រែន ដើម្បីកាត់បន្ថយ​វិបត្តិស្បៀង។ មន្រ្តីអាមេរិក​បាន​បង្ហាញការខកចិត្ត​ផងដែរ ដែល​ឃើញ​មហាអំណាចចិន​បិទខ្ទប់​ការនាំចេញ​ជីគីមី ហើយនិង​គិតតែ​បង្កើន​ការស្តុកទុក​ស្រូវសាលី និង​ធញ្ញជាតិ ក្នុងប្រទេស។

សម្រាប់​ប្រធាន​ទីភ្នាក់ងារ​អាមេរិក ចិនគួរ​បង្ហាញ​ខ្លួន​ជា​មហាអំណាច​ដែល​ចេះគិតគូរ ជួយ​ប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍ​ផ្សេងទៀត។ បើសិន​ចិន​បញ្ចេញ​លក់​ជីគីមី និង​ស្រូវសាលី ទៅក្នុងទីផ្សារ ឬ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធីស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ នោះ វិភាគទាន​របស់​ចិន​នឹង​ជួយកាត់បន្ថយតម្លៃ​ស្បៀង បាន​ច្រើន ក្នុងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ