អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អ៊ីរ៉ង់

អាមេរិក​បង្ហាញ​​គម្រោង​អ៊ីរ៉ង់​ចង់​លបធ្វើឃាត​អតីត​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បង្ហើប​ឱ្យ​ដឹង​ នៅថ្ងៃពុធទី ១០ សីហា ២០២២​នេះ អំពី​ផែនការ​ចង់​លប​ធ្វើ​ឃាត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ របស់​សេតវិមាន លោក ចន ប៉ុលតុន John Bolton។ ជា​គម្រោង​របស់​អ៊ីរ៉ង់ ដឹកនាំ​ដោយ​សមាជិក​ឆ្មាំបដិវត្តម្នាក់ ដែល​តុលាការ​អាមេរិក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពីបទ​បាន​ផ្តល់​ប្រាក់​៣០ម៉ឺន​ឱ្យ​អ្នក​ទៅ​ធ្វើ​ឃាត​លោក ចន ប៉ុលតុន។

អាមេរិក​បង្ហាញឲ្យដឹង​ពី​គម្រោង​អ៊ីរ៉ង់​ចង់​លបធ្វើឃាត​អតីត​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក
អាមេរិក​បង្ហាញឲ្យដឹង​ពី​គម្រោង​អ៊ីរ៉ង់​ចង់​លបធ្វើឃាត​អតីត​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក​​បាន​បញ្ជាក់​ថា មាន​អាយុ​៤៥​ឆ្នាំ សមាជិក​ឆ្មាំ​បដិវត្ត​​អ៊ីរ៉ង់ស្ហារ៉ាម ពួរសាហ្វី Shahram Poursafi ហៅ Mehdi Rezayi បាន​​ដឹកនាំ​គម្រោង​លប​ធ្វើ​ឃាត​អតីតទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​ជា​អតីត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ចន ប៉ុលតុន ដើម្បី​ សងសឹក​ឱ្យ​​ឧត្តមសេនីយ៍​អ៊ីរ៉ង់ ឈ្មោះ កាសឹម សូឡីម៉ានី Qassem Soleimani ដែល​បាន​ស្លាប់​ដោយ​ការ​វាយប្រហារ​របស់​អាមេរិក​កាលពី​ខែ​មករា​២០២០។ វ៉ាស៊ីនតោន បាន​ដឹង​អំពី​គម្រោង​ធ្វើ​ឃាត​នេះ តាម​រយៈ​ជន​ដែល​ត្រូវ​ទៅ​ធ្វើ​ឃាត​លោក​ចន​ប៉ុលតុន ដែល​អាមេរិក​សូម​មិន​បញ្ចេញ​អត្តសញ្ញាណ។

បើតាម​បទ​ចោទ​ប្រកាន់​នៅចុងឆ្នាំ​២០២១ ស្ហារ៉ាម ពួរសាហ្វី បាន​ទាក់ទង​មនុស្សម្នាក់ឱ្យ​ទៅ​​​សម្រេច​ផែនការ​ ឱ្យ​បាន​មុខ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​ឧត្តមសេនីយ៍សូឡីម៉ានី ដែល​ជា​អតីត​មេទ័ព​ជើង​ឆើតអ៊ីរ៉ង់​។ ហួសខួបមួយឆ្នាំ ពួរសាហ្វីបាន​ដំឡើង​កិច្ច​សន្យា​ដល់​មួយ​លាន ... មាន​កា​រឆ្លើយ​ឆ្លង​ជា​ច្រើន​ខែ តែជន​នោះ​ជា​រនុក​ក្នុង​របស់​FBI​ប៉ូលិស​អាមេរិក​។

ប៉ូលិស​អាមេរិក​បាន​ចេញ​ដីកា​តាម​ស្វែង​រក​ចាប់ ពួរសាហ្វី ដោយ​មាន​បង្ហាញ​រូបថត​ជា​ច្រើន។ ប្រសិន​បើ​អាមេរិក​អាចចាប់​ ពួរសាហ្វី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ តែ​ទំនង​ជា​មិនអាច​ទៅរួច​ទេ ព្រោះ​ពួរសាហ្វី​ប្រហែល​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ឯណោះ។

ការ​ចោទប្រកាន់​របស់​តុលាការ​អាមេរិក​ធ្លាក់​មក​ជួន​ចំពេល​ដែល​របប​ដឹកនាំអ៊ីរ៉ង់​កំពុង​សិក្សាសំណើ​របស់​​​សហភាពអឺរ៉ុប ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​ជាប់​គាំង​ស្តូក តាំងពី​​លោក​ដូណាល់ ត្រាំ នៅ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ និង​មាន​លោក​ ចន​ បុលតុន​ ជា​ទីប្រឹក្សា​សន្តិសុខ បាន​​ប្រកាស​ដក​ខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៨មក។ តាំងពី​ជា​ច្រើន​ខែ​មក​នេះ អ៊ីរ៉ង់ បាន​ចង​ភ្ជាប់ ​ការដក ក្រុម​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ចេញ​ពី​បញ្ជី​ខ្មៅ​អាមេរិក​ជា​ក្រុមភេរវនិយម ជា​លក្ខខណ្ឌ​នៃ​រាល់​គ្រប់​កិច្ចព្រមព្រៀង​។

បាន​ដឹងនិង​សហការ​បំបែក​ផែនការអ៊ីរ៉ង់ លោក ចន​ បុលតុន​ បាន​អំពាវនាវ​នៅក្នុង​សេចក្តីថ្លែងការណ៍ មិន​ឱ្យ​ប្រធានាធិបតី​អាមេរិក ​ចូបៃដិន ត្រលប់​ទៅ​ទទួល​យក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​វិញ​ទេ។

ក្រសួង​យុត្តិធម៌​អាមេរិក​មិនបាន​បញ្ជាក់​ថាអ៊ីរ៉ង់​មាន​គម្រោង​លប​សម្លាប់​ទីពីរទេ ប៉ុន្តែ​បើ​តាម​វេបសាយ​Axios អ៊ីរ៉ង់​ប៉ង​ធ្វើ​ឃាត​លោក មៃ ប៉ុមប៉េអូ​ ដែរ។ ​ក្នុង​រដ្ឋាបាល​លោក​ត្រាំ លោក ចន បុលតុន និង​លោក ម៉ៃ ប៉ុមប៉េអូ ជា​ស្ថាបនិក​នយោបាយ​ដែល​មាន​​ជំហរ​​​ដាក់​គំនាប​ជា​អតិបរិមា​លើ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ