អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អាវុធ​នុយក្លេអ៊ែរ

អាមេរិក​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល​អន្តរទ្វីប

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅថ្ងៃពុធទី ៧ កញ្ញា ធ្វើការ​សាកល្បង​មីស៊ីល​អន្តរទ្វីប​ (ICBM) ដោយ​ជោគជ័យ​។ ការ​ប្រកាស​ប្រាប់​ដំណឹង​​នេះ គឺ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ ដែល​អាច​​​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​រុស្ស៊ី ក្នុង​បរិបទ​នៃសង្គ្រាម​អ៊ុយក្រែន។

​អាមេរិក​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល​អន្តរទ្វីប Minuteman III
​អាមេរិក​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល​អន្តរទ្វីប Minuteman III US AIR FORCE/AFP/File
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​បាញ់​សាកល្បង​មីស៊ីល​Minuteman III បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៧ កញ្ញា នៅ​​មូល​ដ្ឋាន​ទ័ព​អាកាស​ Vandenberg រដ្ឋ​កាលីហ្វ័រនីញ៉ា វេលា​ម៉ោង​៨និង​១៣នាទី​ម៉ោង​សកល។ មីស៊ីល​ហោះ​បាន​ចម្ងាយ​ប្រមាណ​៦៧៦០​គីឡូម៉ែត្រ លើ​​មហាសមុទ្ទ​ប៉ាស៊ីហ្វិក រួច​ធ្លាក់​នៅក្នុង​សមុទ្ទ​ក្បែរ​កោះ​Marshall។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កង​ទ័ព​ជើង​អាកាស​អាមេរិក។​​

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា នេះ​ ជា​លំហាត់​បាញ់​សាកល្បង​ តាម​ទម្លាប់​និង​ជាប្រតិបត្តិការ​ ដែល​មាន​កំណត់ក្នុង​កាលវិភាគ សម្រាប់​បញ្ជាក់​​សមត្ថភាព​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ថា​ពិត​ជា​មានដំណើរ​ការ​ត្រឹម​ត្រូវ មាន​​ប្រសិទ្ធភាព សុវត្ថិភាព និងគួរ​ជា​ទីទុកចិត្តដោយ​​ប្រាកដ។ អាមេរិកបាន​​ធ្វើការ​សាកល្បង​បែប​នេះ​ចំនួន​ជាង​៣០០ដង និង​គ្មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ពិភពលោក​បច្ចុប្បន្នទេ។

ជា​ទូទៅ សហរដ្ឋអាមេរិកមិនដែល​ប្រកាស​ឱ្យ​ដឹង​ជា​មុន​អំពី​សកម្មភាពសាកល្បង​មីស៊ីល​​អន្តរទ្វីប​ទេ។ ដោយ​ហេតុ​បរិបទ​តាន​តឹង​អន្តរជាតិ ​ការសាកល្បង ​Minuteman III ​ដែលជា​​​​​មីស៊ីលមាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរផង នៅពេល​ចេញ​ធ្វើ​សង្គ្រាម​មែនទែន​ លើក​មុន​ បាន​ពន្យារ​អស់​​ពីរ​ដង​រួច​មក​ហើយ ។

តាមគម្រោងដំបូង ​អាមេរិក​ត្រូវ​ធ្វើការ​សាកល្បង​នៅ​ខែមីនា តែ​វ៉ាស៊ីនតោន​សុខចិត្ត​លើក​ពេលវិញ ដោយ​ខ្លាច​រុស្ស៊ី​ដែលចូល​ឈ្លានពាន​អ៊ុយក្រែន​នៅថ្ងៃ​ទី ២៤​កុម្ភៈ​ យក​លេស​​មក​ពង្រីក​ជម្លោះ​ឱ្យ​កាន់​តែធំ ទៅ​ប្រទេស​ផ្សេង​ទៀត។ ការ​សាកល្បង​ត្រូវ​​លើក​ពេល​ ជា​លើក​ទីពីរ​នៅ​ដើម​ខែ​សីហា​ បន្ទាប់​ពី​លោកស្រី​ប្រធានសភា​អាមេរិក ណាន់ស៊ី ប៉េឡូស៊ី ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់​ទុក​ជា​ដែន​ដី​មួយ​ផ្នែក​របស់​ខ្លួន។ នៅទីបំផុត ការ​បាញ់​សាកល្បង​មីស៊ីល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​នៅថ្ងៃទី ១៦​សីហា។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​ដោយ​ចៃដន្យ​ អាមេរិក​មាន​ការ​​​បាញ់​សាកល្បង​មីស៊ីល​ពីរ​លើក​នេះ​កៀកៗ​គ្នា។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​នាំពាក្យ​ក្រសួងការពារ​ជាតិ​អាមេរិក លោក​ឧត្តមសេនីយ៍ Pat Ryder។

មាន​ដំណើរការ​តាំងពី​៥០​ឆ្នាំ ​មីស៊ីលMinuteman III ​បាញ់​ពី​ដី​ទៅ​អាកាស ជាអាវុធ​នុយក្លេអ៊ែរ​​របស់​អាមេរិក តែមួយ​គត់ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។ មីស៊ីលនេះ​មាន​បំពាក់​នៅ​មូលដ្ឋាន​ទ័ព​អាមេរិ​បីកន្លែង Wyoming Dakotaខាង​ជើង និង​ Montana។ មីស៊ីល​ Trident បាញ់​ចេញ​ពី​សមុទ្ទ​ មាន​ដាក់​ពង្រាយ​នៅ​តាម​នាវា​មុជ​ទឹក​ ចំណែក​គ្រាប់​បែក​នុយក្លេអ៊ែរ មាន​ផ្ទុក​នៅ​ក្នុង​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ