អានតួអត្ថបទ

អាមេរិក៖លោកចូ បៃដិនចូលរួមគោរពវិញ្ញាណក្ខន្ទជនរងគ្រោះក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ២០០១

នៅ​សហរដ្ឋអាមេរិក ថ្ងៃ​អាទិត្យ ទី១១ កញ្ញា​ជា​ខួប​គម្រប់ ២១ឆ្នាំ​នៃ​មហា​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា ២០០១ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៣ ០០០នាក់។ នា​ឱកាស​ខួប ២១ឆ្នាំ​នៅ​ឆ្នាំ ២០២២ នេះ ពិធី​គោរពវិញ្ញាណក្ខន្ទ​បាន​រៀបចំ​ធ្វើ​នៅ​ទីតាំង​ចំនួន ៣កន្លែង។ ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​ចូលរួម​គោរពវិញ្ញាណក្ខន្ទ​នៅ​ក្រសួង​ការពារជាតិ អនុប្រធានាធិបតី​លោកស្រី​ខាម៉ាឡា ហារីស​នៅ​ទីក្រុង​ញូយ៉ក ហើយ​លោកស្រី​ជីល បៃដិន​ដែល​ជា​ភរិយា​របស់​លោក​បៃដិន​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Pennsylvania។

ប្រធានាធិបតី​អាមេរិកលោកចូ បៃដិនចូលរួមគោរពវិញ្ញាណក្ខន្ទជនរងគ្រោះក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ២០០១។
ប្រធានាធិបតី​អាមេរិកលោកចូ បៃដិនចូលរួមគោរពវិញ្ញាណក្ខន្ទជនរងគ្រោះក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ២០០១។ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ខួប ២១ឆ្នាំ​នៃ​មហា​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ មិន​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​រៀបចំ​ធំដុំ​ក៏​ដោយ​ក៏​អាមេរិក​មិន​បាន​បំភ្លេច​ព្រឹត្តិការណ៍ដ៏សោកសៅ​មួយ​នេះ​ទេ។ ប្រធានាធិបតិ​លោក​ចូ បៃដិន​បាន​ចូលរួម​គោរពវិញ្ញាណក្ខន្ទ​នៅ​មុខ​ក្រសួង​ការពារជាតិ​ដែល​កាល​ពី ២១ឆ្នាំ​មុន​ក្នុង​ថ្ងៃទី១១ កញ្ញា ២០០១ មាន​យន្តហោះ​មួយ​គ្រឿង​ក្នុង​ចំណោម​យន្តហោះ​ទាំង ៤គ្រឿង​ដែល​ក្រុម​ភេរវជន​ពង្វាង​បាន​ធ្លាក់​ផ្ទុះ​ឆេះ​នៅ​ទីនោះ។ ថ្លែង​នា​ឱកាស​នោះ លោក​បៃដិន​បាន​បញ្ជាក់​ជា​ថ្មី​ថា អាមេរិក​បាន​ត្រៀម​ខ្លួន និង​ប្រុងប្រយ័ត្ន​ជានិច្ច​ដើម្បី​បង្ការ​នឹង​គ្រប់​ការ​វាយប្រហារ​ភេរវកម្ម​ទាំង​អស់។

« យើង​នឹង​មិន​បំភ្លេច យើង​នឹង​មិន​បោះបង់​ចោល​ជា​ដាច់​ខាត​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​វាយប្រហារ​ថ្មី​ទៀត​ប្រឆាំង​សហរដ្ឋអាមេរិក » នេះ​ជា​ការ​ថ្លែង​របស់​លោក​បៃដិន។

បន្ទាប់​មក ប្រធានាធិបតី​អាមេរិក​បាន​ចេញ​មុខ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែល​លោក​មិន​ភ្លេច​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​ជា​តម្លៃ​មួយ​នៅ​ក្នុង​បេះដូង​នៃ​រចនាសម្ព័ន្ធ​របស់​អាមេរិក។

« ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​មួយ​ឆ្នាំ​ម្តង ឬ​ការពារ​ម្តងម្កាល គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះ​ថ្ងៃ​នេះ វា​មិន​ត្រឹម​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ថ្ងៃ​នៃ​ការ​បន្ត និង​ការ​ប្តេជ្ញាចិត្ត​សម្រាប់​ជនជាតិ​អាមេរិក​គ្រប់​រូប​ក្នុង​ការលះបង់​របស់​យើង​ចំពោះ​ប្រទេស​នេះ និង​ចំពោះ​គោលការណ៍​ដែល​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង » នេះ​ជា​ការ​បន្ថែម​របស់​លោក​បៃដិន។

ចុង​ក្រោយ លោក​បៃដិន​មិន​ភ្លេច​រម្លឹក​ប្រាប់​ពលរដ្ឋ​អាមេរិក​គ្រប់​រូប​ពី​ការ​ដែល​ព្រឹត្តិការណ៍​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ របស់​ពួក​អាល់កៃដា​បាន​ធ្វើ​ឲ្យ​អាមេរិក​រួបរួម​កាន់​ខ្លាំង ខណៈ​ដែល​នៅ​ប៉ុន្មាន​ថ្ងៃ​មុន លោក​បាន​ព្រមាន​ពី​ការ​បែកបាក់​ដែល​កំពុង​ញាំញី​នៅ​ក្នុង​សង្គម​អាមេរិក​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ