អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់

លោកចូ បៃដិន៖អាមេរិកនឹងប្រើកម្លាំងទ័ពការពារតៃវ៉ាន់ក្នុងករណីដែលមានការវាយប្រហារចូលឈ្លានពានពីចិន

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ថា ទ័ពអាមេរិក​នឹង​ការពារ​តៃវ៉ាន់​បើ​កោះ​មួយ​នេះ​រង​ការ​វាយប្រហារ​ចូល​ឈ្លានពាន​ពី​ចិន។ ដោយ​មិន​បង្អង់​យូរ ចិន​បាន​ឆ្លើយ​តប​វិញ​ក្នុង​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា​ដោយ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​បៃដិន​ថា​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​ការ​សន្យា​របស់​អាមេរិក​ដែល​មិន​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់។ ដោយឡែក អ្នក​នាំ​ពាក្យ​សេតវិមាន​ដែល AFP បាន​សុំ​ការ​សុំ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​របស់​លោក​បៃដិន​បែរ​ជា​បាន​អះអាង​ថា នយោបាយ​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ថា ទ័ពអាមេរិក​នឹង​ការពារ​តៃវ៉ាន់​បើ​កោះ​មួយ​នេះ​រង​ការ​វាយប្រហារ​ចូល​ឈ្លានពាន​ពី​ចិន។
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ថា ទ័ពអាមេរិក​នឹង​ការពារ​តៃវ៉ាន់​បើ​កោះ​មួយ​នេះ​រង​ការ​វាយប្រហារ​ចូល​ឈ្លានពាន​ពី​ចិន។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​កាណាល់​ទូរទស្សន៍ CBS ដែល​ប្រធានាធិបតិ​អាមេរិក​លោក​បៃដិន​បាន​ឆ្លើយ​ដោយ​មិន​អល់អែក​ថា អាមេរិក​នឹង​ប្រើ​កម្លាំងទ័ព​ដើម្បី​ការពារ​តៃវ៉ាន់ បើ​ចិន​បើក​ការ​វាយប្រហារ​មិន​ធ្លាប់​មាន​លើ​តៃវ៉ាន់។ តែ​លោក​បៃដិន​មិន​ភ្លេច​គូសបញ្ជាក់​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​នេះ​មិនមែន​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ឡើយ និង​ថា ការ​សម្រេចចិត្ត​យ៉ាង​ណា​ជា​រឿង​របស់​តៃវ៉ាន់​ខ្លួន​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​មិន​បាន​ទុក​ឲ្យ​ការ​លើក​ឡើង​របស់​លោក​បៃដិន​លើស​ពេល ២៤ម៉ោង​ទេ។

« សម្តី​លោក​បៃដិន​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​ការ​សន្យា​របស់​អាមេរិក​ដែល​មិន​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់។ អ្វី​ដែល​លោក​បៃដិន​បាន​លើក​ឡើង ជា​ការ​បញ្ជូន​សញ្ញា​អាក្រក់​ដល់​ក្រុម​សកម្មជន​ទាមទារ​ឯករាជ្យ​នៅ​តៃវ៉ាន់ » នេះ​ជា​ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង។ គួរ​បញ្ជាក់​ថា នា​ដំណាច់​ខែ​ឧសភា​ថ្មីៗ​កន្លង​ទៅ​នេះ លោក​បៃដិន​ធ្លាប់​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ស្លឹកត្រចៀក​ម្តង​ដោយ​អះអាង​ពី​អន្តរាគមន៍​ផ្លូវយោធា​របស់​អាមេរិក​ដើម្បី​គាំទ្រ​តៃវ៉ាន់​នៅ​ក្នុង​ករណី​ដែល​មាន​ការ​វាយប្រហារ​ពី​ចិន​កម្មុយនិស្ត។

គេ​មិន​ដឹង​ថា តើ​អាមេរិក​ហ៊ាន​ប្រើ​កម្លាំងទ័ព​ជួយ​តៃវ៉ាន់​ឬ​អត់​ទេ និង​ថា តើ​ចិន​ហ៊ាន​ប្រើ​កម្លាំងទ័ព​វាយ​យក​តៃវ៉ាន់​ឬ​អត់​ទេ។ អ្វី​ដែល​គេ​បាន​មើល​ឃើញ អាមេរិក​កំពុង​បន្ត​ប្រើ​យុទ្ធសាស្រ្ត​ស្រពិចស្រពិល និង​កំញើញ​ដោយ​នៅ​ម្ខាង អាមេរិក​បន្ត​ប្រកាន់​ជំហរ​គាំទ្រ​តៃវ៉ាន់ និង​នៅ​ម្ខាង​ទៀត អាមេរិក​កំពុង​បន្ត​អនុវត្ត​នូវ​នយោបាយ​ចិន​តែ​មួយ​ដោយ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​រដ្ឋាភិបាល​ចិន​តែ​មួយ​នៅ​ក្រុង​ប៉េកាំង។មួយ​វិញ​ទៀត អាមេរិក​ក៏​យល់​ឃើញ​ដូច​ចិនដីគោក​ដែល​ថា តៃវ៉ាន់​ជា​ដែនដី​មួយ​ដែល​មិន​អាច​ផ្តាច់ចេញ​ពី​ចិន និង​ត្រូវ​រួបរួម​គ្នា​នៅ​ថ្ងៃ​ណា​មួយ។

តែ​អាមេរិក​ទុក​រឿង​នេះ​ឲ្យ​ចិនដីគោក និង​ចិន​តៃវ៉ាន់​ជា​អ្នក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី និង​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ប្រើ​កម្លាំង​បាយ​ដើម្បី​ក្រសោប​យក​តៃវ៉ាន់។ គួរ​រម្លឹក​ថា​សម្រាប់​ក្រុង​ប៉េកាំង តៃវ៉ាន់​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ២៣លាននាក់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ដែល​ចិន​នៅ​មិន​ទាន់​អាច​បង្រួបបង្រួម​បាន​នៅ​ឡើយ​តាំង​ពី​សង្រ្គាម​ស៊ីវិល​ក្នុង​ឆ្នាំ ១៩៤៩។ តែ​ក្នុង​ពេល​ជាមួយ​នេះ ក្រុង​ប៉េកាំង​មិន​ភ្លេច​ព្រមាន​ប្រើ​កម្លាំង បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ