អានតួអត្ថបទ

ចិនទាមទារឲ្យអាមេរិកលុបកិច្ចសន្យាលក់អាវុធឲ្យតៃវ៉ាន់ក្នុងទឹកប្រាក់ជាង ១ ០០០លានដុល្លារ

សហរដ្ឋអាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២ កញ្ញា​ពី​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជា​ថ្មី​ដែល​មាន​ទឹកប្រាក់​ជាង ១ ០០០លានដុល្លារ។ នេះ​ជា​កិច្ចសន្យា​លក់អាវុធ​ដ៏​ធំ​ជាង​គេ​ឲ្យ​តៃវ៉ាន់​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ចូ បៃដិន។ តែ​ក៏​ដូច​ជា​សព្វ​មួយ​ដង ចិន​ដែល​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ និង​បាន​ទាមទារ​ឲ្យ​អាមេរិក​លុប​កិច្ចសន្យា​នេះ​ជា​បន្ទាន់។  បើ​មិន​ដូច្នោះ​ទេ ចិន​នឹង​ចាត់​វិធានការ​សងសឹក​វិញ។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២ កញ្ញា​ពី​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជា​ថ្មី​ដែល​មាន​ទឹកប្រាក់​ជាង ១ ០០០លានដុល្លារ។
សហរដ្ឋអាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២ កញ្ញា​ពី​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជា​ថ្មី​ដែល​មាន​ទឹកប្រាក់​ជាង ១ ០០០លានដុល្លារ។ AP - Wally Santana
ផ្សាយពាណិជ្ជកម្ម

១ ១០០លានដុលា្លរ នេះ​ទឹកប្រាក់​សរុប​ដែល​រដ្ឋបាល​អាមេរិក​បាន​យល់ព្រម​លក់​អាវុធ​ជា​ថ្មី​ឲ្យ​តៃវ៉ាន់។ ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅ​ក្នុង​ទឹកប្រាក់​សរុប​ទាំង ១ ១០០លានដុល្លារ មាន ៣៥៥លានដុល្លារ​ជា​ថ្លៃ​ទិញ​គ្រាប់មីស៊ីល Harpoon ដែល​អាច​បាញ់​ពន្លិច​នាវាសង្រ្គាម​ចំនួន ៦០ដើម មាន ៨៥លាន ៦សែន​ដុល្លារ​ជា​ថ្លៃ​ទិញ​គ្រាប់មីស៊ីល Sidewinder ដែល​បាញ់​ចម្ងាយ​ជិត​ចំនួន ១០០ដើម និង​ថ្លៃ​ជួសជុល​ប្រព័ន្ធ​រ៉ាដា​តៃវ៉ាន់​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ៦៦៥លានដុល្លារ។

ដោយ​មិន​បង្អែរបង្អង់​យូរ ចិន​តាម​រយៈ​អ្នកនាំពាក្យ​ស្ថានទូត​ប្រចាំ​ក្រុង​វ៉ាស៊ីតោន​លោក​លីវ ផេងយូ​បាន​ប្រឆាំង​យ៉ាង​ដាច់​អាហង្ការ​នឹង​ទង្វើ​របស់​អាមេរិក និង​បាន​ទាមទារ​ឲ្យ​អាមេរិក​លុប​កិច្ចសន្យា​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ពេល​នេះ​ជា​បន្ទាន់។ តាម​លោក​លីវ ផេងយូ ទង្វើ​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង រួម​ទាំង​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ តែ​អ្វី​ដែល​លោក​លីវ ផេងយូ​មិន​ភ្លេច​បញ្ជាក់​នោះ គឺ​ចិន​នឹង​ចាត់​វិធានការ​វាយបក​វិញ​ត្រឹមត្រូវ និង​ចាំ​បាច់ ប្រសិន​បើ​អាមេរិក​មិន​លុប​កិច្ចសន្យា​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ពេល​នេះ​ទេ។

គួរ​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​អាច​សម្រេច​ទៅ​បាន លុះ​ត្រា​ណា​តែ​មាន​ការ​យល់ព្រម​ពី​សភា​អាមេរិក​ទាំង​ពីរ​សិន។ តែ​រឿង​នេះ​មិន​សូវ​ជា​ចំណោត​ប៉ុន្មាន​ទេ ព្រោះ​ការ​គាំទ្រ​ផ្លូវ​យោធា​ចំពោះ​តៃវ៉ាន់​តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​សមាជិក​សភា​អាមេរិក​ទាំង​ពីរ​គណបក្ស។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​លក់​លក់​អាវុធ​ជា​ថ្មី​ឲ្យ​តៃវ៉ាន់​បាន​ធ្វើ​ឡើង មួយ​ខែ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​តៃវ៉ាន់។ ទស្សនកិច្ច​កាល​ណោះ​បាន​ធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង​ខ្លាំង​រហូត​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ជុំ​វិញ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ