អានតួអត្ថបទ
កាណាដា-ចិន

នាយករដ្ឋមន្រ្តីកាណាដា៖ចិនកំពុងលេងល្បែងឈ្លានពានជាមួយលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរបស់កាណាដា

នៅ​ក្នុង​ប្រទេស​កាណាដា នាយករដ្ឋមន្រ្តី​លោក​ហ្សូសស្តាំង ទ្រុយដូ​បាន​ព្រមាន​ក្នុង​ថ្ងៃ​ចន្ទ ទី៧ វិច្ឆិកា​ថា ចិន​កំពុង​លេង​ល្បែង​ឈ្លានពាន​ជាមួយ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​របស់​កាណាដា។ ការ​ព្រមាន​របស់​លោក​ទ្រុយដូ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ពី​ការ​លូកដៃ​របស់​បរទេស​ទៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កាណាដា​នា​ពេល​ថ្មីៗ​នេះ។

នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ។
នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ។ AP - Adrian Wyld
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​លេច​ចេញ​នូវ​ព័ត៌មាន​ចំនួន​ពីរ​បន្តបន្ទាប់​គ្នា។ ព័ត៌មាន​ទី១ ជា​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​កាណាល់​ទូរទស្សន៍​កាណាដា​ឈ្មោះ Global News ដែល​ថា មាន​បណ្តាញ​លួច​លាក់​មួយ​បាន​ផ្តល់​លុយ​ទៅ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ការ​បោះឆ្នោត​នៅ​កាណាដា​ថ្មីៗ​នេះ និង​ព័ត៌មាន​ទី២ ជា​ព័ត៌មាន​ស្តីពី​ការ​បើក​ការ​ស៊ើបអង្កេត​របស់​រដ្ឋអំណាច​ក្រុង​អូតាវ៉ា​លើ​វត្តមាន​ប៉ុស្តិ៍​ប៉ូលិស​ចិន​ខុស​ច្បាប់​នៅ​ក្នុង​តំបន់ Grand Toronto។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត លោក​ហ្សូសស្តាំង ទ្រុយដូ​បាន​លើក​ឡើង​ពី​វិធានការ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​នីតិវិធី និង​ប្រព័ន្ធ​បោះឆ្នោត​របស់​កាណាដា។

ទន្ទឹម​គ្នា​នេះ លោក​ទ្រុយដូ​ក៏​បាន​សន្យា​ពី​ការ​បន្ត​វិនិយោគ​លើ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​បោះឆ្នោត និង​ប្រឆាំង​នឹង​ការ​លូកដៃ​របស់​បរទេស​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​របស់​កាណាដា។ តាម​នាយករដ្ឋមន្រ្តី​កាណាដា​រូប​នេះ​ដដែល មាន​បណ្តា​ប្រទេស និង​រដ្ឋ​បរទេស​ក្នុង​លោក មិន​ថា​ចិន ឬ​ប្រទេស​ផ្សេង​កំពុង​បន្ត​លេង​ល្បែង​ឈ្លានពាន​ជាមួយ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​របស់​កាណាដា។ ផ្អែក​តាម​ទូរទស្សន៍​កាណាដា Global News ចិន​បាន​បញ្ជូន​លុយ​តាម​រយៈ​អ្នក​តំណាងរាស្រ្ត​ម្នាក់ និង​ក្រុម​មនុស្ស​ផ្សេង​ទៀត​ទៅ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​យ៉ាង​តិច ១១នាក់ និង​ភ្នាក់ងារ​ចិន​ដែល​ធ្វើ​ការ​ជួយ​ឃោសនា​បោះឆ្នោត​ឲ្យ​បេក្ខជន​ឈរ​បោះឆ្នោត​ទាំង​នោះ។

មួយ​វិញ​ទៀត និង​បើ​តាម Global News ដដែរ ក្រុង​ប៉េកាំង​បាន​ព្យាយាម​ដាក់​បញ្ចូល​ភ្នាក់ងារ​របស់​ខ្លួន​ជាមួយ​ក្រុម​អ្នកតំណាងរាស្រ្ត​កាណាដា​ដើម្បី​ដាក់​ឥទ្ធិពល​ចិន​ទៅ​លើ​ពួក​គេ។ ការ​ថ្លែង​របស់​លោក​ទ្រុយដូ​ពេល​នេះ​ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ហ្សាវ លីជាំង​ឆ្លើយ​តប​វិញ​ក្នុង​ថ្ងៃ​អង្គារ ទី៨ វិច្ឆិកា​ដោយ​ស្នើ​ឲ្យ​កាណាដា​បញ្ឈប់​ការ​ថ្លែង​ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​ទំនាក់ទំនង​កាណាដា ចិន។ តាម​លោក​ហ្សាវ លីជាំង ចិន​មិន​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​កាណាដា និង​បាន​អះអាង​ជា​ទូទៅ​ថា ទំនាក់ទំនង​រវាង​ប្រទេស​អាច​កសាង​ឡើង​បាន​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក សមភាព និង​ផលប្រយោជន៍​រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ