អានតួអត្ថបទ

ទីភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​​អាមេរិក៖ សង្គ្រាមអ៊ុយក្រែន អាចត្រូវថមថយកម្លាំង

នៅ​សៅរ៍ទី​៣ធ្នូ​  ទីភ្នាក់ងារ​ស៊ើប​ការ​ណ៍​សហរដ្ឋអាមេរិក ​ប្រកាស​ឲ្យដឹង​ថា ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ​អាច​នឹង​ថម​ថយ​ឥទ្ធិពល​​ច្រើន​ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។ ​នេះបើតាម​ការ​បញ្ជាក់​របស់​ នាយិកា នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក​ ដែល​ថ្លែង​ក្នុង​សន្និសីទ​មួយ ស្តីពីវិស័យ​ការពារសន្តិសុខ​​ជាតិ នៅក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​។

អ្នក​ស្រី Avril Danica Haines នាយិកា នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​​ណ៍​សម្ងាត់ជាតិ​អាមេរិក កាលពី​ថ្លែងនៅ​ក្នុង​សភា​អាមេរិក​ ក្នុង​ឧសភា ២០២២។​
អ្នក​ស្រី Avril Danica Haines នាយិកា នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​​ណ៍​សម្ងាត់ជាតិ​អាមេរិក កាលពី​ថ្លែងនៅ​ក្នុង​សភា​អាមេរិក​ ក្នុង​ឧសភា ២០២២។​ AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

ពីពេល​នេះ ទៅ​ប៉ុន្មានខែខាងមុខទៀត​ សន្ទុះ​សម្រុក​ប្រយុទ្ធ​ច្បាំង​គ្នា រវាង​​រុស្ស៊ី​និងអ៊ុយក្រែន ​អាចនឹងថមថយកម្លាំង​​ច្រើន។ ការ​ប្រយុទ្ធចុះ​ថយ​សន្ទុះខ្លាំង​ ក៏ព្រោះតែការ​ឆ្លង​កាត់​ឱកាស​ធាតុ​រដូវ​រងា​ត្រជាក់​ដល់ឆ្អឹង​ ដែ​ល​ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​ទឹក​ចិត្ត​យុទ្ធជន​អ៊ុយក្រែន ធ្លាក់​ចុះ​យ៉ាង​គំហុក​។​ ​​ការ​ធ្លាក់ចុះ​​ឆន្ទៈ​​ច្បាំងនៃ​យុទ្ធ​ជន​អ៊ុយក្រែន​​នេះ គឺ​អាច​នឹង​បន្ត​ទៅ​ច្រើន​ខែ​ផង​។ នេះបើតាម​ការ​ពន្យល់​របស់​អ្នក​ស្រី Avril Danica Haines នាយិកា នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់ជាតិ​អាមេរិក​ ថ្លៃ​ង​ពី​ថ្ងៃសៅរ៍ដែល​ត្រូវ​បណ្តា​ព័ត៌មាន​បច្ចិមប្រទេស​ចុះផ្សាយ​ព្រោង​ព្រាត​​។ ​

អ្នក​ស្រី​ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ក៏​សង្កត់​ធ្ងន់​ចំពោះ​ការ​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ុយក្រែន ពី​សំណាក់​ទាហាន​រុស្ស៊ី គឺជា​បច្ច័យ​ចម្បង​ធ្វើ​ឲ្យ​កម្លាំង​ទឹក​ចិត្ត​ទ័ព​អ៊ុយក្រែន​ធ្លាក់​ចុះខ្លាំង ​ហើយ​ការ​ធ្លាក់ទឹកចិត្ត​នេះ គឺអ្នក​ស្រី​ហាក់​គ្មាន​ឃើញ​សញ្ញា​ថា​អាច​នឹង​មាន​សន្ទុះ​ឆន្ទៈ​ ស្ទុះ​ឡើងវិញ នៅក្នុង​គ្រា​ដ៏ខ្លី​នោះឡើយ។

តាមប្រភព​ដដែល ចាប់ពីពេលឥលូវ​​នេះទៅហើយ ​​គេ​សម្គាល់​ឃើញស្រេ​ច​​ពីភាព​ថមថយ​​ស្រកស្រុត​នៃ​ការ​ច្បាំងប្រមុខ​​ប្រយុទ្ធ​គ្នា​។ ដ្បិត​ថា ភាគអ៊ុយក្រែន រវល់តែ​នឹង​ដោះស្រាយ​ការ​លំបាក ​ដរចេញពី​ភាព​ត្រជាក់​ ហើយ​ខាង​ភាគី​រុស្ស៊ី ក៏​កំពុងតែ​រៀបចំក្បួន​ទ័ព និង​​​គ្រឿង​សព្វាវុធ​បន្ថែម​ ហើយ​និងរៀបចំ​ត្រៀមខ្លួន​ប្រុង​ប្រៀប​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​វាយ​សម្រុក​ជាថ្មី នៅក្រោយ​បញ្ចប់​រដូវ​រងា​។​

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​អាមេរិក ក៏​បាន​ប្រមើលមើល​ពី​ វត្ថុបំណង​ផ្នែក​នយោបាយ​ របស់​​ប្រធានាធិបតីរុស្ស៊ី​​ វ្ល៉ាឌីមៀរ ពូទីន គឺ​ហាក់​ដូចជា​គ្មាន​អ្វីផ្លាស់ប្តូរ​ទេ​ ប៉ុន្តែ​​មន្ត្រី​ចារកិច្ច​អាមេរិក យល់ថា ប្រមុខ​រដ្ឋ​រុស្ស៊ី អាច​នឹង​ប្តូរ​​យុទ្ធសាស្ត្រ​យោធា អាច​ដូរ​ញឹកញាប់ផង​​ ក្នុង​រយៈ​ពេល​ខ្លី​ខាងមុខ។

ក្នុង​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​នេះ គឺ កាលពីថ្ងៃ​សុក្រ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ចេញមុខ​គូស​បញ្ជាក់​ជាថ្មី ថា​​​លោក​ប្រធានាធិបតី ចូ បៃដិន គ្មាន​ចេតនា​នឹង​ប្រា​ស្រ័យ​ឆ្លើយឆ្លង​ជាមួយ​នឹង​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពាក់ព័ន្ធ​នឹង​រឿង​អ៊ុយក្រែន​ទេ។ ការ​បញ្ជាក់​នៅថ្ងៃ​សុក្រ បែបនេះ គឺ​ខុស​ផ្ទុយ​ពីថ្ងៃ​ព្រសហ្បតិ៍ ដែល​លោក បៃដិន ថា​ចង់​និយាយ​ជាមួយ​លោក ពូទីន ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ