អានតួអត្ថបទ

ជប៉ុន និងអាមេរិកចុះកិច្ចព្រមព្រៀង​ស្តីពីការផ្គត់ផ្គង់រ៉ែយុទ្ធសាស្រ្ត

អាមេរិក និងជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីការដោះដូរ ផ្គត់ផ្គង់​រ៉ែកម្រ ដែល សំខាន់​សម្រាប់​ការផលិតរថយន្ត​អគ្គិសនី។ បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកតំណាងពាណិជ្ជកម្មអាមេរិកកាលពីយប់ថ្ងៃ​ចន្ទ ការពង្រឹង​សហប្រតិបត្តិការជប៉ុន និង​អាមេរិក​ជុំវិញ​បណ្តាញផ្គត់ផ្គង់រ៉ែយុទ្ធសាស្រ្តនឹងជួយជំរុញឲ្យអាមេរិក ជាមួយប្រទេស​សម្ព័ន្ធមិត្ត​អាច​អភិវឌ្ឍ​ផលិតរថយន្ត​អគ្គិសនី​ដោយ​មិនចាំបាច់ពឹងអាស្រ័យខ្លាំងដូចមុន​ទៅលើ​រ៉ែកម្ររបស់ប្រទេសចិន។

អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Taiនិយាយជាមួយ​រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi នៅមុនពួកគេ​ចុះហត្ថលេខា​លើ​អនុស្សារណៈស្តីពីសហប្រតិបត្តិការ
ជប៉ុន អាមេរិក នៅ សេតវិមាន កាលពីខែ​មករា ឆ្នាំ២០២៣
អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Taiនិយាយជាមួយ​រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi នៅមុនពួកគេ​ចុះហត្ថលេខា​លើ​អនុស្សារណៈស្តីពីសហប្រតិបត្តិការ ជប៉ុន អាមេរិក នៅ សេតវិមាន កាលពីខែ​មករា ឆ្នាំ២០២៣ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងអាមេរិក និងជប៉ុន​ផ្តោតសំខាន់​ទៅលើ​ការផ្គត់ផ្គង់រ៉ែយុទ្ធសាស្រ្ត ជាពិសេស​លោហៈកម្រ​លីចូម ដែលគេត្រូវការចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។​ កិច្ចព្រមព្រៀង ដែលភាគីអាមេរិក និងជប៉ុន​បានចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃចន្ទ មានគោលដៅផងដែរសម្រួលការដោះដូររវាងភាគីទាំងពីរ នូវ​ផលិតផលមួយចំនួនផ្សេងទៀត​ដែល​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ថាមពលស្អាតស្អំ​។

នៅក្នុង​ក្របខ័ណ្ឌនៃ​ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​អាមេរិក Inflation Reduction Act រដ្ឋបាល​លោកចូ បៃដិន​បាន​បង្កើត​កញ្ចប់​ថវិកាដ៏ច្រើនសម្បើម ប្រមាណ ៣៧៥ពាន់លាន​ដុល្លារ សម្រាប់​ជំរុញ​ការប្រើប្រាស់ថាមពល​ស្អាតស្អំ ដែលជាផ្នែកមួយ​នៃនយោបាយប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ ដើម្បីធានាការ​​ផលិត​ថាមពលស្អាតស្អំ​ទាំងនោះដែលមានដូចជា ថាមពល​បាន​មក​ពី​ផ្ទាំង​សូឡា ​វាយោអគ្គិសនី​ និងដើម្បីអាចប្រកួតប្រជែងជាមួយឧស្សាហកម្មផលិតរថយន្តអគ្គិសនី​របស់​ចិន​ដែលនាំមុខគេ​នៅក្នុងពិភពលោក អាមេរិក​ត្រូវការចាប់ដៃគូជាមួយ​បរទេស ជាពិសេស​ប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន ដែលធ្លាប់បារម្ភ​ពីការបាត់បង់ផលប្រយោជន៍ ដោយសារ​ច្បាប់កាត់បន្ថយអតិផរណា​របស់អាមេរិក។

​ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​អាមេរិកចែងថា រ៉ែកម្រដែលគេ​ប្រើសម្រាប់​ផលិតអាគុយរថយន្តអគ្គិសនី ចំនួន៤០%ត្រូវតែ​មានប្រភពចេញមកពីប្រទេស ដែលបានចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​សេរីជាមួយអាមេរិក។ ជប៉ុន និងសហភាពអឺរ៉ុប​ផ្ទាល់​ដែល​មិន​ស្ថិតក្នុង​ចំណោម​ប្រទេសទាំង​២០​ដែលបានចុះហត្ថលេខា​ជាមួយអាមេរិក បារម្ភខ្លាចថា ឧស្សាហកម្ម​ផលិតរថយន្តអគ្គិសនីរបស់ខ្លួន​នឹងអាច​ប៉ះពាល់​ដោយសារ​ច្បាប់កាត់បន្ថយអតិផរណាអាមេរិក។ នៅក្នុង​​សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Taiពន្យល់​ថា កិច្ចព្រមព្រៀង ជប៉ុន និងអាមេរិកសបញ្ជាក់ពី​ការប្តេជ្ញាចិត្ត​របស់អាមេរិក​ដើម្បី បន្ត​ធ្វើការជាមួយសម្ព័ន្ធមិត្ត ជាមួយប្រទេស​ដៃគូ ដើម្បីជំរុញបណ្តាញផ្គត់ផ្គង់រ៉ែកម្រ ​ដូចជា លីចូម នីគែល ជាដើម ដែលសំខាន់សម្រាប់​ផលិតអាគុយរថយន្តអគ្គិសនី។

ការចុះកិច្ចព្រមព្រៀងជប៉ុន អាមេរិក​ដែលនឹង​អាច​បើកផ្លូវ​ឲ្យរថយន្តអគ្គិសនីរបស់ជប៉ុន​អាច​ទទួលប្រយោជន៍​ពី​ច្បាប់កាត់ប​ន្ថយអតិផរណា​របស់អាមេរិក ជាសញ្ញាវិជ្ជមាន​ផងដែរ​សម្រាប់​សហភាពអឺរ៉ុប​ដែល​កំពុងជួបបញ្ហាដូចជប៉ុន។ នៅក្នុងទស្សនកិច្ច​​នៅសេតវិមាន​នៅ​ខែមីនានេះ ប្រធានគណៈកម្មការអឺរ៉ុប​ជាមួយ​ប្រធានាធិបតីអាមេរិក​បាន​ប្រកាស​ចាប់ផ្តើម​ការចរចា​ ដើម្បីធ្វើយ៉ាងណា​ឲ្យ​រ៉ែកម្រ ឬ​អាគុយរថយន្ត​អគ្គិសនី​ដែលផលិតនៅទឹកដីអឺរ៉ុប​អាច​ទទួលបានប្រយោជន៍​ពី​ច្បាប់អនុគ្រោះពន្ធ​របស់អាមេរិក(ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​អាមេរិក)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ