អានតួអត្ថបទ

អ.ស.ប​បោះឆ្នោត​ទាមទារ​ឲ្យតុលាការយុត្តិធម៌​អន្តរជាតិបញ្ចេញយោបល់​ជុំវិញ កាតព្វកិច្ច​អាកាសធាតុ

ជាការបោះជំហាន​ដ៏ធំ​មួយសម្រាប់​យុត្តិធម៌​អាកាសធាតុ។ អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ពុធទី ២៩ មីនា បាន​បោះឆ្នោត​ជាប្រវត្តិសាស្រ្ត អនុម័ត​សេចក្តីសម្រេច ដែល​ទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បំភ្លឺ​អំពី​កាតព្វកិច្ច រដ្ឋាភិបាល ជុំវិញ ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។ ប្រទេស​កូនកោះ វ៉ានូទូ ដែលទើប​រងគ្រោះផ្ទួនៗ ដោយសារ​ខ្យល់ព្យុះកំណាច នៅ​ខែ​មីនា ជាអ្នកដាក់ស្នើ​សេចក្តីសម្រេច ដែល​ទទួល​បាន​ការបោះឆ្នោតគាំទ្រ​ពី​ប្រទេស​សមាជិក​ចំនួន ១៣០​របស់​អង្គការ​សហប្រជាជាតិ។ ជាការកត់សំគាល់ អាមេរិក និង​ចិន ដែលជាប្រទេស​បញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ បដិសេធ​មិនចូលរួម​គាំទ្រ​សំណើ​របស់​ប្រទេស​វ៉ានូទូ។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​នៅមហាសន្និបាតកាលពីថ្ងៃពុធទី ២៩មីនា ២០២៣
អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​នៅមហាសន្និបាតកាលពីថ្ងៃពុធទី ២៩មីនា ២០២៣ REUTERS - EDUARDO MUNOZ
ផ្សាយពាណិជ្ជកម្ម

ជាមួយ​សំឡេងគាំទ្រ​ចំនួន​១៣០ អង្គការ​សហប្រជាជាតិ​កាលពីថ្ងៃ​ពុធម្សិលមិញ បានបោះឆ្នោត​អនុម័ត​សេចក្តីសម្រេច ជាប្រវត្តិសាស្រ្តមួយ ដែលទាមទារ​ឲ្យតុលាការ​យុត្តិធម៌អន្តរជាតិ ដែលមានទីតាំង​នៅទីក្រុង​ឡាអេ ត្រូវតែ​ចេញមុខ​បំភ្លឺ​ពីកាតព្វកិច្ច​របស់​រដ្ឋ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ។

សេចក្តីសម្រេច​ដែលអង្គការ​សហប្រជាជាតិបាន​បោះឆ្នោត​កាលពីថ្ងៃ​ពុធម្សិលមិញ ជាសំណើ​របស់​រដ្ឋាភិបាល​ វ៉ានូទូ ប្រទេស​កូនកោះ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ គេត្រូវអរគុណ​ក្រុមនិស្សិត​របស់​ប្រហ្វីដជី ដែលជា​អ្នកមាន​គំនិតមុនគេ ទាមទារ​ឲ្យ​តុលាការ​អន្តរជាតិ ដោះស្រាយ​សំណុំរឿង​ប្រែប្រួលអាកាសធាតុ។ ចាប់តាំង​ពី​ឆ្នាំ ២០២១ រដ្ឋាភិបាល​ប្រទេស​កូនកោះ បាន​ចេញមុខ ពាំនាំ​យក​សំណើ​របស់​ក្រុមនិស្សិត​ហ្វីដជី និង​ស្វែងរកការគាំទ្រ​ពីប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ។

បន្ទាប់ពី​បើកយុទ្ធនាការ​បញ្ចុះបញ្ចូលអស់​២ឆ្នាំ ទើប​វ៉ានូទូ​បាន​ទទួលការគាំទ្រ ពី​ប្រទេស​ចំនួន១៨ ដែលមានតាំងពី​កូស្តារីការឬអាល្លឺម៉ង់ជាដើម ដែល​ចូលរួម​សរសេរចងក្រង​សេចក្តីសម្រេច និង​ដែលត្រូវ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​កាលពីថ្ងៃ​ពុធម្សិលមិញ។ នៅវេទិកា​របស់​អង្គការ​សហប្រជាជាតិ នាយករដ្ឋមន្រ្តី​ប្រទេស​កូនកោះ វ៉ានូទូ ចាត់ទុក​សេចក្តីសម្រេច​ថា ជា​ជ័យជំនះ​សម្រាប់​យុត្តិធម៌​អាកាសធាតុ។ អ្នកទទួលខុសត្រូវ​របស់​អង្គការ​បណ្តាញ​សកម្មភាព​អាកាសធាតុ ចាត់ទុកវា​ជា​ជ័យជំនះសម្រាប់​ប្រជាជន សហគមន៍​នៅទូទាំងពិភពលោក ដែល​រងគ្រោះដោយសារវិបត្តិអាកាសធាតុ។

ជារួម សេចក្តីសម្រេច​ទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ ដែលមានទីស្នាក់ការ​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ត្រូវ​ឆ្លើយបំភ្លឺ​ទៅនឹង​សំណួរ ពាក្យបណ្តឹង​ទាក់ទង​នឹង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដើម្បី ការពារមនុស្ស​ជំនាន់បច្ចុប្បន្ន និង​ជំនាន់អនាគត ពីវិបត្តិប្រែប្រួលអាកាសធាតុ។

សេចក្តីសម្រេច​គ្មាន​លក្ខណៈ​ចាប់បង្ខំ ប៉ុន្តែ តុលាការ​យុត្តិធម៌អន្តរជាតិ មានរយៈពេល ប្រមាណ ២ឆ្នាំ ដើម្បី​ផ្តល់​យោបល់​របស់ខ្លួន​ទាក់ទង​នឹង​​កាតព្វកិច្ច​របស់​រដ្ឋ ដែលអាច​ជា​កាតព្វកិច្ច​ហិរញ្ញវត្ថុ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ ឬ​កាតព្វកិច្ច​របស់រដ្ឋ​ដើម្បី​គោរព​ការសន្យា​របស់ខ្លួន នៅ​ក្នុងការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ទៅតាម កិច្ចព្រមព្រៀងក្រុងប៉ារីស ដែល​បាន​ចែងពីការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឲ្យ​បាន​ច្រើនបំផុត បើសិន​គេ​ចង់ទប់ស្កាត់​កុំ​ឲ្យ​ផែនដីឡើងកំដៅ​ច្រើនជាង ១,៥អង្សា នៅ​ចុងសតវត្សរ៍។ របាយការណ៍​ចុងក្រោយ​របស់អង្គការអន្តររដ្ឋាភិបាល កាល​ពី​សប្តាហ៍​មុន បាន​ទាញសញ្ញាអាសន្នថា នៅតែប្រមាណតែ ១០ឆ្នាំទៀតប៉ុណ្ណោះ កំដៅផែនដី នឹង​អាច​កើនឡើង ១,៥អង្សារ ដោយ​មិនចាំបាច់រង់ចាំដល់​ចុងសតវត្សរ៍។ ១,៥អង្សា​គ្រោះថ្នាក់​ខ្លាំងណាស់ សម្រាប់​អនាគត​មនុស្សជាតិ ព្រោះថា សព្វថ្ងៃ កំដៅ​លើផែនដី កើនឡើង​ប្រមាណ តែ ១,២អង្សា បើប្រៀបធៀប​នឹង​សម័យបុរេឧស្សាហកម្ម ប៉ុន្តែ ផែនដី មាន​គ្រោះមហន្តរាយ​ធម្មជាតិ កាន់តែសាហាវ និង​ញឹកញាប់ជាងមុន ដែលបង្កការបំផ្លិចបំផ្លាញ ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ។

សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​នឹង​មានប្រយោជន៍ ជួយ​អ្វី​បាន​ខ្លះ?

សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរស៍ បើទោះគ្មានលក្ខណៈ​ចាប់បង្ខំ ប៉ុន្តែ មតិយោបល់​យ៉ាងណា របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ជាស្ថាប័នច្បាប់​របស់​អង្គការ​សហប្រជាជាតិ នឹង​ជួយ​ដាស់សតិ​របស់​រដ្ឋាភិបាល​របស់​ប្រទេសនីមួយៗ ឲ្យ​ភ្ញាក់ដឹងខ្លួន ដើម្បីចាត់វិធានការ​កាន់តែ​ច្បាស់លាស់ តឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ។

សម្រាប់អ្នកគាំទ្រ​សេចក្តីសម្រេច នៅពេលប្រទេស​មួយចំនួន​គោរពមិនបាន​ខ្ជាប់ខ្ជួន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស គេត្រូវងាក​ទៅរកជំនួយ​ពីច្បាប់អន្តរជាតិវិញម្តង ព្រោះថា នៅលើ​លោក គ្មាន​ច្បាប់ណា​ដែលអនុញ្ញាត​ឲ្យ​គេ​បំផ្លាញផែនដីនោះទេ។

គេជឿថា ទោះជា តុលាការ​យុត្តិធម៌អន្តរជាតិ​គ្មាន​សិទ្ធិចាប់បង្ខំ​ឲ្យ​គេ​គោរពតាម ប៉ុន្តែ យោបល់​របស់​ស្ថាប័នច្បាប់ របស់អង្គការ​សហប្រជាជាតិ​នឹង​មាន​ឥទ្ធិពល​ច្រើនទៅលើ​សកម្មភាព​ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ នៅក្នុងពិភពលោក។ រដ្ឋាភិបាល​នីមួយៗ នឹង​អាច​រៀនសូត្រ​ដឹងថា គេនឹងអាច​រំលោភច្បាប់អន្តរជាតិ បើសិន​មិន ​ដោះស្រាយចាត់វិធានការ​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។ យោបល់ណាមួយ​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​នឹង​មានឥទ្ធិពល​គ្របដណ្តប់ផងដែរ លើ​ការចរចានាថ្ងៃអនាគត​ស្តីពីការប្រែប្រួលអាកាសធាតុ ឬ ការសម្រេចចិត្ត​ទាក់ទង​នឹង​នយោបាយ​ប្រើប្រាស់​ថាមពលផូស៊ីល ដែលបញ្ចេញ​ឧស្ម័នកាបូនិក គ្រោះថ្នាក់សម្រាប់​អាកាសធាតុផែនដី។ ម្យ៉ាងក្រៅតែ​ពីទៅ​បន្ថែម​ទម្ងន់​ទៅលើ ​អង្គការសង្គមស៊ីវិល​ដែល​តស៊ូមតិ​ដើម្បី​បរិស្ថាន អាកាសធាតុ  យោបល់​របស់​តុលាការអន្តរជាតិ នឹង​អាច​ជះឥទ្ធិពល​ទៅលើ​ការបោះឆ្នោត​ជ្រើសរើស​អនាគត​ថ្នាក់ដឹកនាំ​ប្រទេស ព្រោះថា យុវជន​ជំនាន់​ក្រោយ មិន​អាច​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ដែលមិនគិតគូរខ្វល់​ពី​ជោគវាសនា​របស់​ផែនដីនោះទេ។

ពាក្យបណ្តឹង​ទាក់ទង​អាកាសធាតុ ​ប្រមាណ ២ពាន់ នៅតុលាការជាតិ

តុលាការ​យុត្តិធម៌អន្តរជាតិ​នឹង​អាច​ផ្តល់យោបល់​ជាលើកទី១​របស់ខ្លួន ទៅក្នុង​សំណុំរឿង​អាកាសធាតុ។ ប៉ុន្តែ នៅក្នុងជីវិតជាក់ស្តែង នៅក្នុងពិភពលោក មានសំណុំរឿង​ទាក់ទង​អាកាសធាតុ ការបំផ្លាញ បរិស្ថាន មិនតិចជាង ២០០០ ដែលគេដាក់ប្តឹង នៅតាម​តុលាការ​ជាតិ។ ឧទាហរណ៍ ថ្មីៗនេះ នៅឥណ្ឌូណេស៊ី ទៅតាម​ពាក្យ​បណ្តឹង​របស់​ប្រជាជន និង​អង្គការ​បរិស្ថាន តុលាការ​ក្នុងស្រុក​បាន​កាត់ទោស រដ្ឋាភិបាល​របស់​ហ្សូកូ វីដូដូ ពីបទ​ធ្វេសប្រហែស បណ្តោយ​ឲ្យ​មាន​ខ្យល់ពុលបរិយាកាស។

នៅបារាំង ទៅតាម​ពាក្យបណ្តឹង​របស់​ប្រជាជនដែល​តវ៉ាថា ផ្ទះសម្បែង ដីភូមិ​របស់ពួកគេ ប្រឈម​នឹង​ការឡើងកំពស់ ទឹកសមុទ្រ តុលាការ​រដ្ឋបាល​បាន​ចេញសេចក្តីសម្រេច បញ្ជា​ឲ្យរដ្ឋាភិបាល​ចាត់វិធានការគ្រប់យ៉ាង ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ តាម​ការសន្យា​របស់ខ្លួន នៅក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស។

នៅឆ្នាំ ២០១៩ ទៅតាម​បណ្តឹង​របស់ អង្គការ​ការពារ​បរិស្ថាន តុលាការ​កំពូលហូឡង់ បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យបាន​យ៉ាងតិច ២០%។

នៅប្រទេស​ស្វ៊ីស ក្រុមស្រ្តីវ័យចំណាស់ ដែលមានគ្នា​ជាង​២០០០នាក់​បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​រដ្ឋាភិបាល ទៅ​កាន់​តុលាការ​ស៊្វីស។ សម្រាប់​ស្រ្តី​ដើមបណ្តឹង​ស្វ៊ីស ពួកគេជាអ្នក​រងគ្រោះ មុនគេ ដោយសារ រលកកំដៅ ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ កំហុស គឺ​មកពី ​នយោបាយ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល នៅក្នុង​រឿង អាកាសធាតុ។

ដោយសារ​តែ ពាក្យបណ្តឹង​របស់ពួកគេ ត្រូវ​តុលាការជាតិ​បដិសេធ មិនបើកការជំនុំជម្រះ ក្នុង​ហេតុផលថា គ្មាន​ភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ព្រោះ គ្រប់គ្នា​រងគ្រោះ​ដោយសារ​ការប្រែប្រួលអាកាសធាតុ ក្រុមស្រ្តីស្វ៊ីសបានដាក់ពាក្យ​នៅតុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដែល​សម្រេចជាលើកទី១ កាលពីថ្ងៃ​ពុធ​ម្សិលមិញ ទទួល​យក​ពាក្យបណ្តឹង​ទាក់ទង​នឹង​រឿងប្រែប្រួលអាកាសធាតុ។

អាមេរិក និង​ចិន គ្មាន​ឈ្មោះ នៅក្នុង​បញ្ជីគាំទ្រ​សេចក្តីសម្រេច

សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែលនឹងអាច​ដាក់បន្ទុក ឲ្យ​រដ្ឋ ត្រូវប្រឈម​នឹង​ការប្តឹងផ្តល់ ​នៅតុលាការ មិនមែនជារឿងល្អសម្រាប់ប្រទេស​ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ សម្រាប់​អ្នកតំណាង​អាមេរិក នៅអង្គការ​សហប្រជាជាតិ ទោះអាមេរិក​មិន​បោះឆ្នោត​ប្រឆាំងសេចក្តីសម្រេច ប៉ុន្តែ អាមេរិក​មិនឯកភាព​ជាមួយ​នោះទេ ព្រោះថា សេចក្តីសម្រេច​នឹង​អាច​ទៅ​បង្កការស្មុគស្មញ ដល់​ដំណើរការប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ។ សម្រាប់អ្នកតំណាងអាមេរិក អាមេរិក ចង់បាន​ដំណោះស្រាយ​ការទូត ជាជាង នីតិវិធីតុលាការ ដែល​អាច​បង្ក​ឲ្យ​ការចម្រូងចម្រាស ខ្វែងគំនិតគ្នា​កាន់តែខ្លាំង។

អ្វីដែលធ្វើ​ឲ្យ​អាមេរិកបារម្ភខ្លាំង គឺ​ថា បើសិន​តុលាការ​អន្តរជាតិ​លូកដៃ​អន្តរាគមន៍ នៅក្នុង​រឿងអាកាសធាតុ នោះ​អាមេរិក នឹង​អាចប្រឈម​នឹង​ការកើនឡើង នូវ​ពាក្យបណ្តឹង​ទាមទារ​សំណងជំងឺចិត្ត ពីអាមេរិក ក្នុងនាមប្រទេស​ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ បន្ទាប់ពីចិន។ នៅក្នុង​សេចក្តីសម្រេច គេ​បានបញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវធ្វើសកម្មភាព​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ និងថា រដ្ឋអាច​ប្រឈម​ផ្លូវច្បាប់ បើសិន​មិនគោរព​កាតព្វកិច្ចរបស់ខ្លួន​នៅចំពោះមុខ​ប្រទេសកោះ ឬ​ប្រជាជន​ដែលរងគ្រោះ​ដោយសារ​ការប្រែប្រួលអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ