អានតួអត្ថបទ
ដូណាល់ត្រាំ-ពន្ធដារ

ចៅក្រមញូវយ៉កចេញដីកាកោះហៅ​លោកដូណាល់ ត្រាំ​ឲ្យឆ្លើយ​បំភ្លឺ​ពី​រឿង​ប្រកាស​ពន្ធ

អតីត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​កំពុងជាប់រុំ​ដោយ​សំណុំរឿង​ក្តីក្តាំ​នៅតុលាការ។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ចៅក្រម​នៅទីក្រុង​ញូវយ៉ក​បាន​សម្រេច​ចេញដីកា​កោះហៅ អតីតប្រធានាធិបតី​ឲ្យ​មកផ្តល់សក្ខីកម្ម ឆ្លើយបំភ្លឺ​ពី​រឿង​ប្រកាសពន្ធ​របស់ លោក និង​ក្រុមហ៊ុន​របស់លោក Trump Organization។ រដ្ឋអាជ្ញា​ក្រុងញូវយ៉ក​ដែលជា​ម្ចាស់ដើមបណ្តឹង​សំដែង​ការត្រេកអរ និង​ថា ការសម្រេច​របស់​ចៅក្រម​បញ្ជាក់ថា គ្មានអ្នកណាម្នាក់​ដែលនៅលើហួស ខ្ពស់ជាង​ច្បាប់។

លោកដូណាល់ ត្រាំ ជាប្រធាន​ក្រុមហ៊ុន​ត្រាំ នៅ​ញូវយ៉ក ឈរថតជាមួយ ភរិយា Melania និង​កូនស្រី Ivanka និង​កូនប្រុស Eric Trump នៅឆ្នាំ ២០១៤
លោកដូណាល់ ត្រាំ ជាប្រធាន​ក្រុមហ៊ុន​ត្រាំ នៅ​ញូវយ៉ក ឈរថតជាមួយ ភរិយា Melania និង​កូនស្រី Ivanka និង​កូនប្រុស Eric Trump នៅឆ្នាំ ២០១៤ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សវនាការ​វីដេអូ កាលពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​ក្រុង​ញូវយ៉ក លោក Arthur Engoron ទាត់ចោល​សំណើ​របស់​មេធាវី​របស់​លោកដូណាល់ ត្រាំ ដោយ​បាន​សម្រេច​កោះហៅ លោកដូណាល់ ត្រាំ និង​កូនប្រុស​ស្រីពីរនាក់​របស់លោកត្រាំ ឲ្យ​ចូលខ្លួន​មកធ្វើជា​សាក្សី ឆ្លើយបំភ្លឺ ទៅនឹង​ពាក្យបណ្តឹង​ចោទប្រកាន់​របស់​រដ្ឋអាជ្ញា​ក្រុងញូវយ៉ក។

លោកដូណាល់ ត្រាំ និង​កូន​អាច​ប្រើ​យុទ្ធសាស្រ្ត​តែមួយដដែលៗ គឺ​ជៀស ឲ្យអស់សមត្ថភាព ឆ្លើយសំណួរ​របស់​ក្រុមស៊ើបអង្កេត ឬ​រដ្ឋអាជ្ញា។ ប៉ុន្តែ ចៅក្រម​ក្រុងញូវយ៉ក​បានសង្កត់ធ្ងន់​ហើយថា លោកដូណាល់ត្រាំ និងកូនទាំងពីរ (Don Junior និង​នាង Ivanka) មាន​រយៈពេល ២១​ថ្ងៃ ដើម្បី​បង្ហាញខ្លួន និង​ដាក់ជូន​ឯកសារគណនេយ្យ ​ទៅតាម​ការទាមទារ​របស់​រដ្ឋអាជ្ញា។

ជាប់ខ្លួន​ក្នុង​ការស៊ើបអង្កេត​របស់​តុលាការ ទាក់ទង​នឹង​តួនាទី​របស់​លោក​នៅក្នុងរឿង​សម្រុក​ចូល​វិមាន​កាពីតូល កាលពី​ដើម​ឆ្នាំ​មុន អតីត​ប្រធានាធិបតី ទី ៤៥ របស់​អាមេរិក​ត្រូវ​រដ្ឋអាជ្ញា​ក្រុងញូវយ៉ក​​បើក​ការស៊ើបអង្កេត​មួយទៀត ទាក់ទង​នឹង​រឿង​ប្រកាសពន្ធ​របស់​លោក និង​ក្រុមហ៊ុន​Trump Organization នៅទីក្រុង​ញូវយ៉ក។

នៅក្នុង​ការស៊ើបអង្កេត​ស្តីពីការគ្រប់គ្រង​ជំនួញ របស់​គ្រួសារ​ដូណាល់ ត្រាំ រដ្ឋអាជ្ញា​ក្រុងញូវយ៉ក លោកស្រី Letitia James សង្ស័យថា ក្រុមហ៊ុន​ត្រាំ បាន​ប្រកាស​ តម្លៃទ្រព្យសម្បត្តិ មិនត្រឹមត្រូវ ក្នុងគោលដៅ​កេងចង់បានប្រាក់ចំណេញ។ ឧទាហករណ៍ លោកដូណាល់ ត្រាំ និង​ក្រុមហ៊ុន​ត្រាំ បានប្រកាស​បំប៉ោង ចំនួន​ទ្រពសម្បត្តិ និង​បង្កើនតម្លៃ អចលទ្រព្យ​របស់ខ្លួនច្រើនហួស ដើម្បី​ចង់បាន​ប្រាក់កម្ចី​ពីធនាគារ ឬ ផ្ទុយទៅវិញ ប្រកាសតិចតួច​ពីចំនួន​ទ្រព្យសម្បត្តិដែលខ្លួនមាន ដើម្បី​គេចរួចផុត ពី​ការបង់ពន្ធ។

នៅប៉ុន្មានថ្ងៃមកនេះ ក្តីសង្ស័យ​របស់​រដ្ឋអាជ្ញា​កាន់តែ​រឹងមាំ នៅបន្ទាប់ពី ក្រុមហ៊ុន​Mazars ទទួលបន្ទុក​គណនេយ្យ​របស់​ក្រុមហ៊ុន​ត្រាំ ជាច្រើនឆ្នាំមកហើយនោះ​បាន​ពន្យល់​ថា ការប្រកាស​ពន្ធ​របស់ ក្រុមហ៊ុនត្រាំ​នៅប៉ុន្មាន​ទសវត្សរ៍ មកនេះ មិនគួរ​ឲ្យ​ជឿទុកចិត្ត​នោះទេ។

អតីតប្រធានាធិបតីអាមេរិក និង​កូន​នៅតែ​អាច​ប្តឹង​ឧទ្ធរណ៍ នឹង​ការសម្រេចចិត្ត​របស់​ចៅក្រម។ ក្នុងករណី​ ​ត្រូវ​បង្ហាញ​ខ្លួន ដើម្បី ផ្តល់សក្ខីកម្ម ពួកគេ​នៅតែ​អាច​រក្សា​សិទ្ធិ​មិន​និយាយស្តី ទៅតាម​កំណែទម្រង់ទី​៥​នៃ​រដ្ឋធម្មនុញ្ញ។ បើលោកដូណាល់ ត្រាំ និង​កូនៗ សម្រេចចិត្ត​ប្រើយុទ្ធសាស្រ្តមួយនេះ មន្ទិលសង្ស័យដែលថា គ្រួសារ​ត្រាំ លួចបន្លំពន្ធ ​កាន់តែធំ ដែលជារូបភាពមិនល្អ សម្រាប់​លោកដូណាល់ ត្រាំ ដែល​ចង់​ឈរឈ្មោះ​សាជាថ្មី សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ