អានតួអត្ថបទ
តៃវ៉ាន់-ក្វាតេម៉ាឡា

ប្រធានាធិបតីតៃវ៉ាន់បន្តទស្សនកិច្ចនៅក្នុងប្រទេសសម្ព័ន្ធមិត្តសេសសល់នៅតំបន់អាមេរិកឡាទីន

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បន្ត​ទស្សនកិច្ច​នៅ​តំបន់​អាមេរិកឡាទីន​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បេលី​ក្នុង​ថ្ងៃ​អាទិត្យ ទី២ មេសា​នេះ។ ក្នុង​ថ្ងៃ​សៅរ៍ ទី១ មេសា និង​ថ្ងៃ​សុក្រ ទី៣១ មីនា លោកស្រី​សៃ អ៊ីងវេន​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា។ នៅ​ក្វាតេម៉ាក្នុង​ជំនួប​ជាមួយ​សមភាគី​ក្វាតេម៉ាឡា​លោក​អាឡិចហាន់ដ្រូ យីមម៉ាតេ លោកស្រី​សៃ អ៊ីងវេន​បាន​បញ្ជាក់​ថា ក្វាតេម៉ាឡា​ជា​សម្ព័ន្ធមិត្ត​ការទូត​រឹងមាំ​របស់​តៃវ៉ាន់។ គួរ​រម្លឹក​ថា វត្តមាន​របស់​ប្រធានាធិបតី​តៃវ៉ាន់​នៅ​អាមេរិកឡាទីន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ប្រទេស​ម្តង​មួយៗ​ក្នុង​តំបន់​បាន​រត់ចោល​តៃវ៉ាន់​ទៅ​គាំទ្រ​ចិន​វិញ។ ថ្មីៗ​ចុង​ក្រោយ​នេះ គឺ​ប្រទេស​ហុងឌូរ៉ាស។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​ និង​សមភាគី​ក្វាតេម៉ាឡាលោក Alejandro Giammattei។
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​ និង​សមភាគី​ក្វាតេម៉ាឡាលោក Alejandro Giammattei។ AP - Moises Castillo
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បញ្ជាក់​ពី​សម្ព័ន្ធមិត្ត​ការទូត​រឹងមាំ​ដែល​ក្វាតេម៉ាឡា​មាន​ជាមួយ​តៃវ៉ាន់ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​បន្ត​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់ក្រោម​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ត្រង់​ចំណុច​នេះ លោកស្រី​សៃ អ៊ីងវេន​បាន​និយាយ​ពី​ជំនួយ​របស់​តៃវ៉ាន់​ចំនួន ២២លានដុល្លារ​ដើម្បី​សាងសង់​មន្ទីរពេទ្យ​មួយ​ដែល​ទើប​បើក​ឲ្យ​ដំណើរការ​កាល​ពី​ថ្ងៃទី២០ កុម្ភៈ​កន្លង​ទៅ​នៅ​ប៉ែក​ខាង​លិច​ប្រទេស។

ចំណែក​ប្រធានាធិបតី​​ក្វាតេម៉ាឡា​លោក​អាឡិចហាន់ដ្រូ យីមម៉ាតេ​បាន​ឆ្លើយ​តប​វិញ​ថា ទស្សនកិច្ច​របស់​លោកស្រី​សៃ អ៊ីងវេន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​បញ្ជាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​តៃវ៉ាន់​ចំពោះ​ក្វាតេម៉ាឡា។ យោង​តាម​ស្ថិតិ​ផ្លូវការ ជំនួយ​របស់​តៃវ៉ាន់​ចំពោះ​ក្វាតេម៉ាឡា​ចន្លោះ​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០២១ មាន​ទឹកប្រាក់​ចំនួន ៨៩ ០៦១ ០០០ដុល្លារ ពោល​ច្រើន​ជាង​ជំនួយ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ចំនួន ៨៦ ០៩៩ ០០០ដុល្លារ។ ក្នុង​ឆ្នាំ ២០២១ ក្រុង​តៃវ៉ាន់ និង​ក្រុង​ក្វាតេម៉ាឡា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី​មួយ​សម្រាប់​ជំនួយ​ចំនួន ៦០លានដុល្លារ​ពី​តៃវ៉ាន់​ក្នុង​រយៈពេល ៤ឆ្នាំ។

បន្ទាប់​ពី​ក្វាតេម៉ាឡា លោកស្រី​សៃ អ៊ីងវេន​បន្ត​ដំណើរ​ទៅ​ប្រទេស​បេលី​ក្នុង​ថ្ងៃ​អាទិត្យ ទី២ និង​ថ្ងៃ​ចន្ទ ទី៣ មេសា។ វត្តមាន​របស់​ប្រធានាធិបតី​តៃវ៉ាន់​នៅ​តំបន់​អាមេរិកឡាទីន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ប្រទេស​ម្តង​មួយៗ​ក្នុង​តំបន់​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិនតៃវ៉ាន់​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិនដីគោក​វិញ។ ថ្មីៗ​នេះ ប្រទេស​ហុងឌូរ៉ាស​បាន​បែរ​ងាក​រក​ចិន​វិញ បន្ទាប់​ពី​បាន​រួមសុខ រួម​ទុក្ខ​ជាមួយ​តៃវ៉ាន់​អស់​រយៈពេល​ជាង ៨០ឆ្នាំ។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី២ មេសា នៅ​សល់​តែ ១៣ប្រទេស​ក្នុង​លោក​ដែល​កំពុង​បន្ត​ទទួល​ស្គាល់​តៃវ៉ាន់ ក្នុង​នោះ មាន ៧ប្រទេស​ស្ថិត​នៅ​តំបន់​អាមរិកឡាទីន និង​តំបន់​ការ៉ាអ៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ