អានតួអត្ថបទ
សេដ្ឋកិច្ចពិភពលោក

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បញ្ចុះ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២៣

បើ​ប្រៀប​ទៅ​នឹង​ការ​ព្យាករ កាលពី​ខែ​មករា​ កំណើន​សេដ្ឋកិច្ច​ពិភពលោកសម្រាប់​ឆ្នាំ​២០២៣​​បាន​ធ្លាក់​ចុះ​បន្តិច​ ប៉ុន្តែ​ប្រទេសជា​តំបន់​​សេដ្ឋកិច្ច​សំខាន់ ទំនង​ជា​អាចគេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយបាន​។ នេះ​បើ​តាម​ទិន្នន័យ​​​ព្យាករ​ថ្មី​របស់ អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI/IMF ចេញ​ផ្សាយនា​ឱកាស​បើក​ជំនួបប្រជុំ​​​ជាមួយ​ធនាគារ​ពិភពលោក នៅថ្ងៃអង្គារ​ទី ១១​មេសា​២០២៣។

នាយកស្រាវជ្រាវ​សេដ្ឋកិច្ច​​លោក ​Pierre-Olivier Gourinchas ក្នុង​ជំនួបប្រជុំ​ជាមួយ​ធនាគារ​ពិភពលោក ថ្ងៃទី ១១​មេសា ២០២៣
នាយកស្រាវជ្រាវ​សេដ្ឋកិច្ច​​លោក ​Pierre-Olivier Gourinchas ក្នុង​ជំនួបប្រជុំ​ជាមួយ​ធនាគារ​ពិភពលោក ថ្ងៃទី ១១​មេសា ២០២៣ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០២៣​មានកំណើន​​ត្រឹម​២,៨%​ មិនមែន​២,៩%​ដូច​ការ​ព្យាករ​កាលពី​ដើម​ឆ្នាំ​ទេ ព្រោះ​សេដ្ឋកិច្ច​នៅ​បន្ត​រងចំណាយ​​ឥទ្ធិពលនៃ​​វិបត្តិ​កូវីដ១៩ និង​ថែម​ដោយ​​សង្គ្រាមរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ទៀត។ ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​មិន​ប្តូរ​ផ្លាស់​ការព្យាករ​សម្រាប់​ឆ្នាំ​២០២៤​ឡើយ គឺ​នៅ​៣%ដដែល និង​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ទៅមុខ​ទៀត។

គេ​សង្កេត​ឃើញ​​សេដ្ឋកិច្ច​ចាប់​រើប​ឡើង​វិញ​ជា​ដំណាក់ៗ។ ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​​អាច​អាក្រក់​ខ្លាំង​ជាង​នេះ ប្រសិន​បើ​ចិនបន្ត​បិទ​ប្រទេស​ ឬ​គ្មាន​ឥណ្ឌា​ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​លឿន​ខ្លាំងទេ​នោះ។ នេះ​បើ​តាមកា​រពន្យល់​របស់សេដ្ឋវិទូ លោកPierre-Olivier Gourinchas ​នាយក​ដេប៉ាតឺម៉ង់​ស្រាវជ្រាវ​​​នៃ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដោយ​លម្អិត​ថា ប្រទេស​មួយ​ចំនួន​ធំ មិន​ទាន់​​​អាច​ត្រលប់​មក​ស្ថាន​ភាពធម្មតា​វិញ​បានទេ ដោយហេតុ​តែ​វិបត្តិផ្សេង​ទៀត គឺ​អតិផរណា។ ពិភពលោក​បន្ត​មាន​បញ្ហា​អតិផរណា​ខ្លាំង កំរិត​ប្រមាណ ៧% នៅ​ឆ្នាំ​២០២៣ ​​ជាពិសេស​អតិផរណា​ក្នុង​វិស័យ​ដែល​មិន​មែន​ជា​ថាមពលនិង​ចំណីអាហារ។ ការ​ដួល​រំលំ​នៃធនាគារ​តំបន់​របស់​អាមេរិក និង​ធនាគារ​ឯកជន​មួយ​របស់​ស្វីស មិន​ត្រឹម​តែ​បាន​អង្រួន​​​វិស័យ​ហិរញ្ញវត្ថុទេ តែ​ថែម​ទាំង​ជា​បន្ទុក​ដ៏​ធ្ងន់​នាំ​ឱ្យ​កំណើន​សេដ្ឋកិច្ចត្រូវ​​ធ្លាក់​ចុះ។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​​មូលនិធិ​រូបិយវត្ថុ ព្យាករ​ឃើញ​ថា អាមេរិក​មាន​កំណើន​សេដ្ឋកិច្ច ១,៦%​នៅ​ឆ្នាំ​២០២៣​នេះ និង​១,១%​នៅ​ឆ្នាំ​២០២៤។ ចំណែក​បារាំង​នៅដដែល ០,៧%​នៅ​ឆ្នាំ​នេះ​ និង​ត្រឹម​តែ​១,៣%​នៅ​ឆ្នាំក្រោយ​មិនមែន​១,៦%​ដូច​កា​រ​ព្យាករកាលពី​ខែមករា​ទេ។ បើ​និយាយ​អំពី​តំបន់​អឺរ៉ូ កំណើន​សេដ្ឋកិច្ច​បាន​ប្រសើរជាងការព្យាករមុន ព្រោះ​អេស្ប៉ាញ​និងអ៊ីតាលី​ស្ទុះ​ឡើង​ខ្លាំង​ជាង​ការ​គិត។ អង់គ្លេស​ក៏​ប្រសើរ​ដែរ សេដ្ឋកិច្ច​ដើរ​ថយក្រោយមែន​តែ​តិច​ជាង​គម្រោង​ក្នុង​ខែ​មករា។ ​អាល្លឺម៉ង់​​មហាអំណាច​សេដ្ឋកិច្ច​ទីមួយអឺរ៉ុប បន្ត​លង់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​ដដែល​បើ​ទោះ​ជា​ឧស្សាហកម្ម​កំរើក​ខ្លាំង​ក៏​ដោយ។

ជាមួយ​កំណើន​​៥,២%​នៅ​ឆ្នាំ​២០២៣ ចិន​នៅ​តែ​ក្បាល​ម៉ាស៊ីន​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដដែល ប៉ុន្តែ​ដោយ​ឃើញ​មាន​សញ្ញា​ទន់​ខ្សោយ​ខ្លាំង ​IMF ព្យាករ​ថា ចិន​នឹង​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​៤,៥%​នៅ​ឆ្នាំ​២០២៤ ដែល​ជា​អត្រា​ទាប​បំផុត​ក្នុង​រយៈ​៣០ឆ្នាំ​នេះ។

ជា​ថ្មី​ម្តង​ទៀត ទោះ​បី​ជា​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរក៏​ដោយ ក៏​មូលនិធិរូបិយវត្ថុ​ព្យាករ​ថាសេដ្ឋកិច្ច​​រុស្ស៊ី​ដែល​ទ្រទ្រង់​ដោយ​វត្ថុ​ធាតុដើម​ នឹង​មាន​កំណើន ​០,៧%​នៅឆ្នាំ​នេះ និង​១,៣%​នៅ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ