អានតួអត្ថបទ

រដ្ឋមន្ត្រី​មហាផ្ទៃបារាំងទៅញូវយ៉ក ដើម្បីពង្រឹងកិច្ចសហការផ្នែកប្រឆាំងភេរវកម្ម

ពីទីក្រុង​ញូវយ៉ក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង បាន​​ក្រើន​រំលឹក​ពី​​ការគំរាមកំហែង​ធ្វើ​អំពើ​ភេរវកម្ម​ពី​សំណាក់​ពួក​​ក្រុមជីហាតអ៊ីស្លាម នៅប្រទេស​បារាំង​និង​អឺរ៉ុប​។ ការលើកឡើង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ បែប​នេះ គឺធ្វើ​ឡើង​នៅថ្ងៃ​សុក្រ​ នៅក្នុងឱកាស​​ដំណើរ​ទស្សនកិច្ច ចំនួន​២ថ្ងៃ នៅ​សហរដ្ឋអាមេរិក​។​  ​

​លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅកណ្តាល។
​លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅកណ្តាល។ AP - Thomas Samson
ផ្សាយពាណិជ្ជកម្ម

សញ្ញាណ​​គំរាម​កំហែង​អំពើ​ភេវរកម្ម ចាប់ផ្តើម​កម្រើកឡើងវិញហើយ នៅ​បារាំង​និង​នៅ​អឺរ៉ុប​។ ប្រភព​គ្រោះថ្នាក់​ធំ ទី១ គឺ​ពួក​ភេរវជន​ជីហាត អ៊ីស្លាម​ជ្រុល​និយម​។​​ អាស្រ័យ​ហេតុ​នេះ ការ​ពង្រឹង​កិច្ចការ​ជាមួយ​គ្នា រវាងសហរដ្ឋអាមេរិក​និង​បារាំង ដើម្បី​ចែករំលែក​ព័ត៌មាន​សម្ងាត់​ទប់​ទល់​​នឹងអំពើភេរវកម្ម  គឺ​ជាកត្តា​ចាំបាច់​ មិន​អាច​ខ្វះបាន។​ នេះគឺ​ប្រសាសន៍​របស់​លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែល​បាន​ផ្តល់​សម្ភាស​ទៅឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP នៅ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ជាទី​ដែល​ ​រដ្ឋមន្ត្រី​មហាផ្ទៃបារាំង បំពេញ​ទស្សនកិច្ច​ នៅ​​ទីក្រុង​ ញូវយ៉ក វ៉ាស៊ីនតោន និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​។

លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាន​ដាស់​តឿន​ថា ការ​កម្រើក​សញ្ញាណ​អាសន្ននេះ ក៏​ព្រោះតែស្ថានភាព​អំណោយផល តួយ៉ាង​ អាមេរិក​ដក​ទ័ព​ពី​អាហ្វហ្កានីស្ថាន ហើយ​បារាំង​ក៏​ដកទ័ព​ពី​តំបន់​អាហ្វ្រិក​សាហែល ដែល​ធ្វើ​ឲ្យ​ពួក​ភេររនិយម​ កាន់តែបាន​ចិត្ត​ បង្កបង្កើន​កម្លាំង។ ​ រដ្ឋមន្ត្រីបារាំង សង្កត់​សម្តីបន្ថែម ពី​ស្ថានភាព​សន្តិសុខ​អាមេរិក ដែល​ហាក់​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​បញ្ហា​អសន្តិសុខ​នៅក្នុង​ជាតិ​ខ្លួន​ ដូចជា​ត្រូវ​ទប់​ទល់​នឹង​អំពើ​ហិង្សា​បាញ់​រះ​សម្លាប់​មនុស្ស​ជាញឹកញយ​ អំពើហិង្សាជាតិ​សាសន៍​ខ្មៅស តែ​ក៏​មិនត្រូវ​ភ្លេច​ទេ ពី​ការគំរាម​កំហែង​ភេរវកម្ម​អន្តរជាតិ​។ ​នេះបើតាម​លោក Gérald Darmanin។​

ក្នុង​ដំណើរ​២ថ្ងៃរបស់​មន្ត្រី​ជាន់​ខ្ពស់​បារាំង​នៅអាមេរិក​នេះ ឋិត​ក្នុង​ក្របខណ្ឌទ្វេភាគី ដែល​ចង​គ្នា​ដោយ​កិច្ចព្រមព្រៀង​១ ចុះ​ពីឆ្នាំ២០១៦​ ស្តីពី​ ​កិច្ច​សហការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​និង​បទល្មើស​ឧក្រិដ្ឋកម្ម​ធំៗ​។​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បា​នជួប​ពិភាក្សា​ជាមួយ លោក អាឡេហាន់ដ្រូ ម៉ាយ៉រកាស រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុង របស់អាមេរិក និង​អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក អ្នក​ស្រីលីស្សា ម៉ូណាកូ​ ព្រម​ទាំង​ពិភាក្សា​ជាមួយ​ អគ្គនគរបាល​សហព័ន្ធ​អាមេរិក ​។​

ជំនួប​ទាំង​នេះ គឺ​សំខាន់​ណាស់ ដើម្បី​​ជជែក​គ្នា​ពី​ដំណើរ​រៀប​ចំព្រឹត្តការណ៍​អន្តរជាតិ​សំខាន់ៗ​​​ដែល​បារាំង​ត្រូវ​រៀបចំ​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ជាក់ស្តែង ខែ​កញ្ញា​-តុលា​ ឆ្នាំនេះ បារាំង​ ត្រូវ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់​ឱប​ពិភពលោក ហើយ​និងក្នុង​​ឆ្នាំ​នេះដែរ បារាំង​ត្រូវទទួល​​​​​ព្រះ​មហាក្សត្រ​អង់គ្លេស ហើយ​និង​ ​សម្តេច​ប៉ាបកាតូលិក ហ្វ្រង់ស័រ ជាដើម ​ ហើយនៅ​​ឆ្នាំថ្មី​ខាងមុខ ឆ្នាំ​២០២៤​ ​ បារាំង ក៏ត្រូវ​​​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួ​ត​កីឡា​អូឡាំពិកពិភពលោក​ ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ